ឯកឧត្តម សាយ សំអាល់ គាំទ្រគម្រោងរត់ដើម្បីបរិស្ថាន ចូលរួមលើកកម្ពស់ការអប់រំបរិស្ថាននៅតាមសាលារៀន


នាទីស្តីការក្រសួងបរិស្ថាន នៅព្រឹកថ្ងៃពុធ ៨កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធស័ក ព.ស ២០៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអនុញ្ញាតិ ឱ្យ លោកស្រី ជា ចិន្តាមុនី ប្រធានគណៈកម្មការកិច្ចការសង្គម តំណាងមជ្ឈមណ្ឌលអូស្រ្តាលីសម្រាប់ ការបណ្តុះបណ្តាល ACE ចូលជួបពិភាក្សាការងារទាក់ទងការងារបរិស្ថាននៅតាមសាលារៀន។

លោកស្រី ជា ចិន្តាមុនី បានជំរាបអំពីសកម្មភាពកន្លងមក ទាក់ទងការងាររត់ដើម្បីបរិស្ថាន ជារៀងរាល់ឆ្នាំ ដើម្បីប្រមូលថវិកាសម្រាប់គាំទ្រសកម្មភាពបរិស្ថាន ក៏ដូចជាទិញធុងសំរាមដាក់នៅតាមសាលារៀន។ នៅឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍រត់ដើម្បីបរិស្ថាន នឹងរៀបចំឡើងជាលើកទី៣ នៅរាជធានីភ្នំពេញ ដោយមានការសហការពីគាំទ្រ ពីក្រសួងបរិស្ថាន ក្រសួងអប់រំ យុវជន និងកីឡា សាលារាជធានីភ្នំពេញ និងដៃគូសហការមួយចំនួនផ្សេងទៀត នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨ ខាងមុខ ដើម្បីលើកកម្ពស់កិច្ចគាំពារបរិស្ថាន នៅតាមទីសាធារណៈ និងតាមសាលារៀនឱ្យមានភាពល្អប្រសើរ។

នាឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានគាំទ្រនូវរាល់សកម្មភាព អប់រំ ផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីបរិស្ថានរបស់យុវជន ក៏ដូចជាមហាជនទូទៅចូលរួមគាំទ្រវិស័យបរិស្ថានទាំងអស់គ្នា តាមរយៈសកម្មភាពសង្គមផ្សេងៗ ជាពិសេសការរត់ដើម្បីបរិស្ថាន រៀបចំឡើងដោយមជ្ឈមណ្ឌលអូស្រ្តាលីសម្រាប់ការបណ្តុះបណ្តាល ACE ដើម្បីគម្រោងលើកកម្ពស់អនាម័យនៅតាមសាលារៀន។ ឯកឧត្តមរដ្ឋមន្រ្តីលើកទឹកចិត្តឱ្យ ACE មានការ ចូលរួមគាំទ្របន្តទៀតដល់ការអនុវត្តកម្មវិធីសាលាមេត្រីបរិស្ថាន (Eco-School Program Implementation) តាមរយៈការចងសម្ព័ន្ធសាលាមេត្រីភាព ជាមួយសាលាបឋមសិក្សា និងមធ្យមសិក្សា (Sister School) នៅកម្ពុជា ការរៀបក្លឹបមេត្រីភាពបរិស្ថាននៅតាមសាលារៀនផងដែរ ដើម្បីបង្កើនការចូលរួមកិច្ចគាំពារបរិស្ថាន និងផ្លាស់ប្តូរផ្នត់គំនិតមកស្រឡាញ់បរិស្ថាន ជាពិសេសការគ្រប់គ្រងសំរាមឱ្យបានត្រឹមត្រូវទាំងអស់គ្នា៕