(កំពត)៖ ក្រោយបញ្ចប់កិច្ចប្រជុំទ្វេភាគីកម្ពុជា-ថៃលើកទី២ ស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រួចមក ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា រួមជាមួយឯកឧត្តម វីរ៉ាស័ក្តិ កូវស៊ូរ៉ាត់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ថៃ បានឯកភាពគ្នាដាក់ចេញផែនការធំៗមួយចំនួន ដើម្បីបន្តកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ជាមួយគ្នា។
កិច្ចប្រជុំដ៏សំខាន់នេះត្រូវបានរៀបចំឡើងនាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ នៅសណ្ឋាគារ ឡឺ បូកគោផាលេស (ឧទ្យានជាតិព្រះមុនីវង្សបូកគោ)ខេត្តកំពត។
ភាគីកម្ពុជា-ថៃ បានឯកភាពគ្នា ដូចខាងក្រោម៖
១៖ ជំរុញលំហូរទេសចរទស្សនាគ្នាទៅវិញទៅមក ទាំង ទេសចរកម្ពុជា និងទេសចរថៃ ព្រមទាំងទេសចរមកពី ប្រទេសទីបីទស្សនាប្រទេសទាំងពីរ។ រដ្ឋមន្រ្តីទាំងពីរ ឯកភាពគ្នា ធ្វេីការបន្ថែមទៀតជាមួយភាគីពាក់ពន្ធ័ ដេីម្បីសំរួលការធ្វេីដំណេីរ និងដឹកជញ្ជូនទេសចរ ការរៀបចំ សម្បាទា និង ហេដ្ឋារចនាសម្ពន័នានា នៅតាមច្រកទ្វារព្រំដែន ព្រមទាំងបញ្ហាទិដ្ឋាការ និងការប្រេីប្រាស់ បណ្ណព្រំដែន។ ភាគីទាំងពីរបានលេីកគំនិត ធ្វើការបូកសរុបពី ACMECS Single Visa ជូនកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន នៅពេលខាងមុខ។
២៖ ការសិក្សាទីផ្សារ និងការផ្សព្វផ្សាយទេសចរណ៍៖ ភាគីទាំងពីរបានឯកភាពគ្នាបន្តជំរុញសកម្មភាពផ្សព្វផ្សាយរួមគ្នា «ព្រះរាជាណាចក្រពីរ គេាលដៅទេសចរណ៍មួយ» ចូលរួមគ្នាផលិតឯកសារផ្សព្វផ្សាយ video និងការចូលរួមការតាំងពិព័រណ៍ទេសចរណ៍។
៣៖ ពាក់ព័ន្ធនឹងវិស័យទេសចណ៍នៅច្រករបៀងទេសចរណ៍ភាគខាងត្បូង ភាគីទាំងពីរបានឯកភាពគ្នាជំរុញខ្សែទស្សនកិច្ចដែលក្រុមជំនាញបានរៀបចំដោយត្រូវរៀបចំអោយមានកិច្ចប្រជុំត្រីភាគី តំបន់ត្រីកោណសមុទ្រកម្ពុជា ថៃ វៀតណាម និងត្រូវជំរុញទេសចរណ៍សមុទ្រ ទេសចរណ៍ តាមនាវា។ ភាគីទាំងពីរក៏បានស្របយេាបល់គ្នាក្នុងការជំរុញ ការតភ្ជាប់ការហោះហើរត្រង់ទៅវិញទៅមករវាងប្រទេសថៃ ពិសេសភាគខាងត្បូងថៃ និងខេត្តព្រះសីហនុផងដែរ។
៤៖ ភាគីកម្ពុជាស្នើសុំភាគីថៃពិចារណាជួយផ្ដល់ការបណ្ដុះបណ្ដាលផ្នែកជំនាញទេសចរណ៍ ការគ្រប់គ្រងគោលដៅទេសចរណ៍ រមណីយដ្ឋានទេសចរណ៍ និងបដិសណ្ឋារកិច្ច ពិសេសដល់មន្ទីរទេសចរណ៍នៃខេត្តជាប់ព្រំដែន។ ភាគីថៃបានឆ្លើយតបការជួយជំរុញការងារនេះ ខណៈថៃកំពុងជួយបណ្ដុះបណ្ដាល (តាមរយៈការចុះអនុស្សរណៈជាមួយក្រសួងទេសចរណ៍ និងសាកលវិទ្យាល័យរាចាម៉ាន់ហ្កាឡា ថាន់យ៉ាបុរី)។
៥៖ ភាគីទាំងពីរបានគាំទ្រគ្នាក្នុងការជំរុញការវិនិយេាគ លេីវិសយ័ទេសចរណ៍។ កម្ពុជាបានអញ្ជើញវិនិយោគិនថៃ ក៏ដូចជាអ្នកពាក់ព័ន្ធខាងភាគីថៃ មកវិនិយេាគនៅកម្ពុជា និង ចូលរួមផ្សព្វផ្សាយគោលដៅទេសចរណ៍ ក្នុងព្រឹត្តិការណ៍បុណ្យទន្លេ និងបុណ្យសមុទ្រដែលរៀបចំឡើងជារៀងរាល់ឆ្នាំ។
៦៖ អង្គប្រជុំក៏បានអនុម័តផែនការសកម្មភាពរួមសម្រាប់អភិវឌ្ឍន៍វិសយ័ទេសចរណ៍ឆ្នាំ២០១៩-២០២១ (The Joint Action Plan 2019-2021)។
សូមបញ្ជាក់ថា នៅឆ្នាំ២០១៧ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ៥,៦លាននាក់ ក្នុងអត្រាកំណើន ១១,៨%ធៀបនឹងឆ្នាំ២០១៦ ក្នុងនោះទេសចរថៃមានប្រមាណ ៤០ម៉ឺននាក់ រីឯទេសចរកម្ពុជាទៅថៃមានប្រមាណ ៨៤ មុីននាក់។សម្រាប់៨ខែដើមឆ្នាំ២០១៨នេះ កម្ពុជាទទួលបានទេសចរអន្តរជាតិចំនួន ៣.៩៤៩.៧៥៩ កើនឡើងចំនួន ១១,៧% ក្នុងនោះទេសចរថៃមានប្រមាណ ២១០.៨២៦នាក់៕