ធនាគារអភិវឌ្ឍន៍អាស៊ីបង្ហាញថា កម្ពុជានឹងមានកំណើនសេដ្ឋកិច្ច ៧,១ភាគរយ ក្នុងឆ្នាំ២០១៧


របាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ថ្មីមួយដែល ត្រូវបានបញ្ចេញក្នុងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦ បានឱ្យដឹងថា ការអភិវឌ្ឍសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០១៦ បានបង្ហាញឱ្យឃើញយ៉ាងច្បាស់ទៅតាមការរំពឹងទុក។ នៅក្នុងបច្ចុប្បន្នភាពនៃអត្ថបទបោះពុម្ពផ្សាយ ប្រចាំឆ្នាំចម្បងមួយអំពីបញ្ហាសេដ្ឋកិច្ច ដែលមានឈ្មោះថា ការព្យាករណ៍អំពីការអភិវឌ្ឍនៅអាស៊ី (ADO) ធនាគារអភិវឌ្ឍន៍អាស៊ី បានរក្សាការព្យាករណ៍របស់ខ្លួនចំពោះកំណើនសេដ្ឋកិច្ចថាមានអត្រា ៧,០ភាគរយ ក្នុងឆ្នាំនេះ និង ៧,១ភាគរយ ក្នុងឆ្នាំ២០១៧។
លោក Samiuela Tukuafu ប្រធានធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ឱ្យដឹងថា “បន្ទាប់ពីទទួលបានឋានៈជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាបក្នុងខែកក្កដា ការព្យាករណ៍សម្រាប់សេដ្ឋកិច្ចប្រទេសកម្ពុជា នៅតែបន្តមានភាពរឹងមាំ ដោយការនាំចេញពីឧស្សាហកម្មសម្លៀកបំពាក់ និងស្បែក ជើងមានការកើនឡើងចំនួន ៩,៤ភាគរយ នៅក្នុងឆមាសទី១នៃឆ្នាំនេះ”។ “បើទោះបីជាកំណើនឥណទានជូនដល់វិស័យ ឯកជនបានថយចុះមកត្រឹម ២៨,១ភាគរយ បើធៀបនឹងឆ្នាំមុនក្នុងខែមិថុនាក៏ដោយ ប៉ុន្តែ វានៅតែ បង្ហាញឱ្យឃើញអំពីតម្រូវការក្នុងស្រុកដែលមានកម្រិតខ្ពស់។ ធាតុអាកាសដែលមាន លក្ខណៈប្រសើរជាងមុនចាប់ពីខែមិថុនា បន្ទាប់ពីគ្រោះរាំងស្ងួតអូសបន្លាយ គប្បីអាចជួយឱ្យវិស័យកសិកម្មមានភាពធូរស្រាលឡើង វិញបន្តិច”។
លោក Tukuafu បានមានប្រសាសន៍ឱ្យដឹងថា ធនាគារអភិវឌ្ឍន៍អាស៊ី ត្រៀមខ្លួនរួចជាស្រេចក្នុងការគាំទ្រ ដល់កំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្នរបស់ប្រទេសកម្ពុជា តាមរយៈការវិនិយោគសំខាន់ៗនៅក្នុង ផលិតកម្មកសិកម្ម ការដឹកជញ្ជូន និងភស្តុភារ ការអប់រំ និង ការបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ និង ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ។
គោលនយោបាយហិរញ្ញវត្ថុ ត្រូវបានមើលឃើញថាគាំទ្រដល់កំណើនសេដ្ឋកិច្ច ដោយចំណាយរបស់រដ្ឋា- ភិបាល មានការកើនឡើងចំនួន ១៥,៦ភាគរយ នៅក្នុងឆមាសទី១ នៃឆ្នាំ២០១៦ ដោយសារកំណើននៃបៀវត្សរ៍សេវាសាធារណៈ និង ប្រាក់ចំណូលមានការកើន ឡើងចំនួន ២៤,១ភាគរយ អាស្រ័យដោយរដ្ឋាភិបាល បន្ត កែលម្អទៅលើការប្រមូលពន្ធ។ ឱនភាពថវិកាដោយមិនរាប់បញ្ចូលហិរញ្ញប្បទានឥតសំណង មានគោលដៅ ពង្រីក ផលិតផលក្នុងស្រុកសរុបចំនួន ៤,៣ភាគរយ។ តម្រូវការក្នុងស្រុកដ៏រឹងមាំ និង ការកើនឡើងនៃតម្លៃ ស្បៀងអាហារ បានធ្វើឱ្យអតិផរណាជាមធ្យម មានការកើនឡើងខ្ពស់ជាងការរំពឹងទុកចំនួន ២,៧ភាគរយ ក្នុងរយៈពេល៦ខែដំបូង នៃឆ្នាំ២០១៦ បើធៀបទៅនឹងឆ្នាំមុន ក្រោយពេលមាននិន្នាការធ្លាក់ចុះមកត្រឹម ១,២ ភាគរយ កាលពីឆ្នាំមុន។ ការព្យាករណ៍អំពីអតិផរណា មានការកើនឡើងបន្តិច ដោយអត្រាជាមធ្យមមានចំនួន ៣,៤ភាគរយ ក្នុងឆ្នាំ២០១៧ ដែលការព្យាករណ៍បែបនេះ ស្របទៅនឹងការរំពឹងទុកថានឹងមានការកើនឡើងនៃតម្លៃប្រេងសកល។
ការនាំចេញទំនិញបានកើនឡើងក្នុងកម្រិតប៉ាន់ប្រមាណចំនួន ១២,៣ភាគរយបើគិតជាដុល្លារសហរដ្ឋអាមេរិក ក្នុងរយៈពេល៦ខែដំបូង ដែលអត្រានេះមានភាពលឿនជាងអត្រា ៩,៤ភាគរយ ដែលបានកត់ត្រានៅក្នុងឆមាសទី១ នៃឆ្នាំ២០១៥។ កំណើននៃការនាំចូលទំនិញបានធ្លាក់ចុះពី១៧,០ភាគរយ មកត្រឹម ៧,៣ភាគរយ។ ឱនភាព គណនីចរន្ត ដោយមិនរាប់បញ្ចូលការផ្ទេរជាផ្លូវការ នៅតែត្រូវបានគេមើលឃើញថា មានការប្រែប្រួល បន្តិចបន្តួចក្នុងឆ្នាំនេះ បើធៀបទៅនឹងឆ្នាំ២០១៥ និង ត្រូវបានគេរំពឹងថា នឹងមានភាពរួមតូចក្នុងឆ្នាំ២០១៧ ដែលជាហេតុ នាំឱ្យរក្សាបាននូវជំហរខាង ក្រៅមួយដ៏ល្អសម្រាប់ប្រទេសកម្ពុជា។
ដោយមានមូលដ្ឋានក្នុងទីក្រុងម៉ានីល ធនាគារអភិវឌ្ឍន៍អាស៊ី ប្តេជ្ញាកាត់បន្ថយភាពក្រីក្រនៅតំបន់អាស៊ី និង ប៉ាស៊ីហ្វិក តាមរយៈកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន កំណើនសេដ្ឋកិច្ចដែលមាននិរន្តរភាពចំពោះ បរិស្ថាន និង សមាហរណកម្មតំបន់។ ដោយបង្កើតឡើងក្នុងឆ្នាំ១៩៦៦ ធនាគារអភិវឌ្ឍន៍អាស៊ី នឹងប្រារព្ធខួបទី៥០ នៃការអភិវឌ្ឍភាពជាដៃគូរបស់ខ្លួនក្នុងតំបន់ ក្នុងខែធ្នូ ឆ្នាំ២០១៦។ ធនាគារអភិវឌ្ឍន៍អាស៊ី គឺជាកម្មសិទ្ធិរបស់ប្រទេសជាសមាជិកចំនួន ៦៧ ក្នុងនោះមានប្រទេសចំនួន៤៨ មកពីតំបន់នេះ។ ក្នុងឆ្នាំ២០១៥ ជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី មានតម្លៃសរុបចំនួន ២៧,២ ពាន់លានដុល្លារ ក្នុងនោះរាប់បញ្ចូលសហហិរញ្ញប្បទាន ចំនួន ១០,៧ពាន់លានដុល្លា៕

qqqq1