ក្រោយបើកការដ្ឋានធ្វើផ្លូវ២ខ្សែ នៅសង្កាត់ស្វាយប៉ាក, ថ្ងៃនេះអភិបាលខណ្ឌឬស្សីកែវ ចុះបើកការដ្ឋានដាក់លូប្រវែង១គីឡូទៀត នៅសង្កាត់ច្រាំងចំរេះ១ ដើម្បីរំដោះការលេចលង់ជូនពលរដ្ឋ


ក្រោយពីបើកការដ្ឋានស្ថាបនាផ្លូវបេតុងចំនួន២ខ្សែ ក្នុងនោះ មានផ្លូវបេតុងសរសៃដែកប្រវែង៤០៧ម៉ែត្រ និងផ្លូវបេតុងគ្មានសរសៃដែកប្រវែង៣៨៦ម៉ែត្រ ដោយប្រើប្រាស់ថវិកាមូលនិធិ អភិវឌ្ឍន៍សង្កាត់ ឆ្នាំ២០១៨ ក្នុងការសម្រួលដល់ការធ្វើដំណើរជូនប្រជាពលរដ្ឋ ក្នុងសង្កាត់ស្វាយប៉ាក, ឯកឧត្តម ជា ពិសី ជំនួយការសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាអភិបាលខណ្ឌឬស្សីកែវ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨នេះ បានអញ្ជើញដឹកនាំលោក-លោកស្រីជាមន្ត្រីរាជការខណ្ឌ សង្កាត់-ភូមិ ដើម្បីចុះបើកការដ្ឋានដាក់ប្រព័ន្ធលូ១ខ្សែទៀត ដែលមានប្រវែង១គីឡូម៉ែត្រ ស្ថិតក្នុងសង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ ក្នុងការរំដោះនូវការលេចលង់ដោយសារជំនន់ទឹកភ្លៀងជូនពលរដ្ឋ។

ក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវ ក៏ដូចជាដាក់ប្រព័ន្ធលូខាងលើនេះ ឯកឧត្តម ជា ពិសី បានជម្រុញឲ្យអាជ្ញាធរសង្កាត់-ភូមិ ជាមួយមន្ត្រីពាក់ព័ន្ធ ត្រូវតែខិតខំប្រឹងប្រែង ទាំងកម្លាំងកាយប្រាជ្ញាស្មារតី ក្នុងការចូលរួមដោះស្រាយរាល់បញ្ហាផ្សេងៗ ពិសេស បញ្ហាសេវាតម្រូវការ ក៏ដូចជា សេវាសំណូមពរ លើផ្នែកហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីបម្រើជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានដោយគ្មានលក្ខខណ្ឌឡើយ ដើម្បីឲ្យស្របទៅតាមការដឹកនាំដ៏ប៉ិនប្រសប់ និងឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដោយបានដាក់ចេញថា «ធ្វើឲ្យបាន ធ្វើឲ្យលឿន ធ្វើឲ្យមានតម្លាភាព»។

លើសពីនេះ ឯកឧត្តម ជា ពិសី បានប្រាប់ឲ្យប្រជាពលរដ្ឋ ដែលមានក្ដីកង្វល់ផ្សេងៗ ទាំងបញ្ហាកកស្ទះប្រព័ន្ធលូ និងបញ្ហាអសន្តិសុខ ឬជួបរាល់ហានិភ័យផ្សេងៗ សូមរាយការណ៍ជាបន្ទាន់ មកកាន់អាជ្ញាធរភូមិ-សង្កាត់-ខណ្ឌ ដើម្បីមានវិធានការរកដំណោះស្រាយជូនភ្លាមៗ ឲ្យទាន់ពេលវេលា និងទាន់សភាពការណ៍ ដែលជាការដឹកនាំចង្អុលបង្ហាញចំគោលដៅពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ក្នុងការដឹកនាំប្រទេសជាតិ ឲ្យទទួលបាននូវសុខសន្តិភាពពេញលេញបរិបូរ និងមានការអភិវឌ្ឍន៍ឥតឈប់ឈរលើគ្រប់វិស្ស័យ ដូចសព្វថ្ងៃនេះ។

សូមរំឭកថា ឯកឧត្តម ជា ពិសី រួមជាមួយលោក-លោកស្រីជាមន្ត្រីរាជការខណ្ឌ សង្កាត់-ភូមិ កាលពីថ្ងៃពុធ ៨កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ បានអញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវបេតុងចំនួន២ខ្សែ ក្នុងនោះ មានផ្លូវបេតុងសរសៃដែកប្រវែង៤០៧ម៉ែត្រ និងផ្លូវបេតុងគ្មានសរសៃដែកប្រវែង៣៨៦ម៉ែត្រ ដោយប្រើប្រាស់ថវិកាមូលនិធិអភិវឌ្ឍន៍សង្កាត់ ឆ្នាំ២០១៨ ក្នុងការសម្រួលដល់ការធ្វើដំណើរជូនប្រជាពលរដ្ឋ ក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ថ្លែងនាឱកាសបើកការដ្ឋានខាងលើនេះដែរ ឯកឧត្តម ជា ពិសី បានលើកឡើងថ្លែងអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋក្នុងសង្កាត់ស្វាយប៉ាក ដែលបានបោះឆ្នោតគាំទ្រ គណបក្សប្រជាជនកម្ពុជា ឱ្យទទួលបានជ័យជម្នះយ៉ាងភ្លូកទឹកភ្លូកដី ដើម្បីឲ្យសម្តេចតេជោ ហ៊ុន សែន បន្តធ្វើជានាយករដ្ឋមន្ត្រី ដឹកនាំប្រទេសឆ្ពោះទៅរកការអភិវឌ្ឍន៍ និងការរក្សាបានទាំងសុខសន្តិភាពពេញបរិបូរដូចសព្វថ្ងៃនេះ។

ជាមួយគ្នានោះ បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ក៏បានធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរ ចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេសសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានយកចិត្តទុកដាក់ និងគិតគូអំពីការលំបាករបស់ពួកគាត់ ក្នុងការស្ថាបនាចំពោះផ្លូវទាំង០២ខ្សែនេះ គឺបានជួយសម្រួលដល់ការធ្វើដំណើរប្រកបរបរទទួលទានយ៉ាងមានភាពងាយស្រួលទៅថ្ងៃក្រោយ។

លើសពីនេះ ឯកឧត្តម ជា ពិសី ក៏បានណែនាំឲ្យក្រុមហ៊ុនធ្វើផ្លូវ ទោះបីយ៉ាងណាសូមយកចិត្តទុកដាក់អនុវត្តគម្រោងមួយនេះ ឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងសូមជួយពន្លឿនឲ្យបានឆាប់រហ័ស ដើម្បីជូនប្រជាពលរដ្ឋបានប្រើប្រាស់ ពិសេសសូមឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមសហការចំពោះផលប៉ះពាល់តិចតួចទាំងឡាយណា ដែលបណ្តាលមកពីការស្ថាបនាផ្លូវ ដើម្បីឱ្យផ្លូវ២ខ្សែនេះបានស្ថាបនារួចរាល់ជាស្ថាពរ ក្នុងរយះពេលខ្លី និងមានគុណភាពល្អ ប្រើប្រាស់បានយូរអង្វែង៕