ទេសរដ្ឋមន្ដ្រី គន់ គីម ប្រគល់ផ្ទះ៤៤ខ្នង ដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ជូនអតីតយុទ្ធជននៅឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ


(កំពង់ស្ពឺ)៖ ​​ទេសរដ្ឋមន្រ្តី​ គន់​ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ​អញ្ជើញ​​ប្រគល់ផ្ទះចំនួន​៤៤ខ្នង ​ធ្វើពី​ថ្ម​ ប្រក់សង្ក័សី​ ទំហំ៥ម៉ែត្រ គុណ៥ម៉ែត្រ​ និងតសំយ៉ាប​​៣ម៉ែត្រ​ ជាអំណោយរបស់​សម្តេចតេជោ​ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងនោះផ្ទះ៤០ខ្នង​សាងសង់ ដោយលោក ឧកញ៉ា​ វិញ​ ហួរ​ ក្នុងនាមសម្តេច​តេជោ ហ៊ុន សែន ជូនដល់​អតីត​យុទ្ធជន​​ស្ថិតនៅភូមិ​ជ្រៃសែនជ័យ​ ឃុំតាំងសំរោង​ ស្រុកភ្នំស្រួច​ ខេត្តកំពង់ស្ពឺ​។

ពិធីប្រគល់នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨នេះ ក៏មានការអញ្ជើញចូលរួមពី លោកឧកញ៉ា​ វិញ​ ហួរ, លោកឧត្តមសេនីយ៍​ឯក​ យឿង​ សុខុន​ មេបញ្ជាការ​រងកងទ័ពជើងគោក​ និងជាមេបញ្ជាការ​យោធភូមិភាគ​ទី៣, លោក​ វី​ សំណាង​ អភិបាល​​ខេត្ត​កំពង់ស្ពឺ និងអ្នកពាក់ព័ន្ធជាច្រើនទៀតផងដែរ។

ក្នុង​ឱកាស​នោះ​ ទេសរដ្ឋមន្ដ្រី គន់ គីម ក៏​បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី​សម្តេចតេជោ​ ហ៊ុន សែន ​ជូនដល់អតីត​យុទ្ធជន​ដែលរស់នៅទីនេះទាំងអស់​គ្នា​ និង​ផ្តាំផ្ញើដល់​បងប្អូន​ដែល​ទើបបានទទួលផ្ទះថ្មី ត្រូវខិតខំដាំដំណាំចិញ្ចឹមសត្វលើផ្ទៃដីដែលមានស្រាប់​ ​ដើម្បីជួយជីវភាពគ្រួសារ​ និង​​ត្រូវចេះសាមគ្គី​ ជួយគ្នាពេលមានធុរៈ។

​​ទេសរដ្ឋមន្រ្តី​ គន់ គីម ក៏បានណែនាំឲ្យសមាគមអតីតយុទ្ធជនខេត្ត​ ចុះពិនិត្យរកមើលសមាជិក ដែលអត់ដី​ អត់ផ្ទះពិតប្រាកដ ដើម្បីគោរពស្នើសុំសម្តេច​តេជោ ហ៊ុន សែន សាងសង់​ជូនបន្ថែមទៀត។​

ដោយឡែក​ ​លោកអភិបាលខេត្ត​ នឹងរៀបចំឲ្យមានមណ្ឌលសុខភាព​​មួយ​ទីនេះ ដើម្បីសម្រួលដល់ការព្យាបាលជំងឺជូនបងប្អូន ហើយដោយមានសំណូមពរពីអតីតយុទ្ធជន ក្នុងនាមសម្តេច​ លោកឧកញ៉ា​ វិញ​ ហួរ សម្រេចសាងសង់សាលាបុណ្យ​ និង​កុដព្រះសង្ឃ​នៅភូមិជ្រៃសែនជ័យ​។

ក្នុងទឹកមុខប្រកបដោយក្តី​ សប្បាយរីករាយ​លោក​ ពេជ្រ​ សារុន ​ជាមន្ត្រី​ប៉ូលីសចូលនិវត្តន៍​ តំណាងឲ្យ​​អតីត​យុទ្ធជន​​ទាំង៤៤​គ្រួសារ​ តាមរយៈ​ទេសរដ្ឋមន្រ្តី​ គន់ គីម បានសម្ដែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ​ សម្តេចតេជោ​ ហ៊ុន សែន ដែលជានិច្ចកាលបានគិតគូរពីសុខទុក្ខរបស់ពួកគាត់​ទាំងជីវភាពរស់នៅ​ ទាំងសុខភាព​ ផ្តល់ផ្ទះផ្តល់ដីដល់ពួកគាត់ ដែលមានជីវភាពខ្វះខាត​ ផ្តល់ប័ណ្ណ​ ប.ស​.ស​ សម្រាប់ព្យាបាលជំងឺនៅតាមមន្ទីរពេទ្យដោយមិនអស់ប្រាក់​ ពួកគាត់​បួងសួងជូនពរឲ្យសម្តេចទាំងពីរ ព្រមទាំងក្រុមគ្រួសារបានសុខសប្បាយ​ សុខភាពរឹងមាំ​ បន្តដឹកនាំប្រទេសកម្ពុជា​​ជារៀងរហូត។

នៅក្នុងឱកាសនោះ​ ក្នុងនាមសម្តេច​តេជោ​ ហ៊ុន សែន, លោកឧកញ៉ា​ វិញ​ ហួរ​ បាន​ឧបត្ថម្ភ​ជូនបងប្អូន​ដែលទទួលបានផ្ទះ​​ទាំង៤៤គ្រួសារ​ ​ក្នុងមួយគ្រួសារ​២០ម៉ឺនរៀល​, អង្ករ១០០គីឡូក្រាម​ គ្រឿងឧបភោគ​ និងសម្ភារប្រើប្រាស់ជាច្រើនមុខទៀត ព្រមទាំងបាន​ឧបត្ថម្ភ​បងប្អូន​អតីត​យុទ្ធជន​ដែលមកចូលរួមក្នុងពិធីនេះ១៥៣នាក់ ​ក្នុងម្នាក់ៗ​៥ម៉ឺនរៀល៕