រដ្ឋមន្ត្រីក្រសួងការបរទេស ទៅចូលរួមកិច្ចប្រជុំគណៈកម្មការ អន្តររដ្ឋាភិបាល កម្ពុជា-រុស្ស៊ី លើកទី១០


ភ្នំពេញ: លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងជាសហប្រធាន កិច្ចប្រជុំគណៈកម្មការ អន្តររដ្ឋាភិបាល កម្ពុជា-រុស្ស៊ី ស្តីពីកិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្ម សេដ្ឋកិច្ច វិទ្យាសាស្ត្រ និងបច្ចេកទេស នឹងដឹកនាំគណៈប្រតិភូ អញ្ជើញទៅបំពេញ ទស្សនកិច្ចការងារ នៅសហព័ន្ធរុស្ស៊ី ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៦ តាមការអញ្ជើញរបស់លោក នីកូឡៃ នីគីហ្វូរ៉ូវ រដ្ឋមន្ត្រីក្រសួងគមនាគមន៍ និងព័ត៌មានសហព័ន្ធរុស្ស៊ី និងជាប្រធានកិច្ចប្រជុំ គណៈកម្មការអន្តររដ្ឋាភិបាល កម្ពុជា.រុស្ស៊ី ស្តីពីកិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្ម សេដ្ឋកិច្ច វិទ្យាសាស្ត្រ និងបច្ចេកទេស។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា ក្នុងអំឡុងពេលស្នាក់នៅ សហព័ន្ធរុស្ស៊ី លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន នឹងជួបពិភាក្សាទ្វេភាគី ជាមួយលោក ស៊ែរហ្គៃ ឡាវរ៉ូវ រដ្ឋមន្ត្រីក្រសួងការបរទេស សហព័ន្ធរុស្ស៊ី ដែលក្នុងឱកាសនោះ ភាគីទាំងពីរ គ្រោងនឹងប្តូរទស្សនៈគ្នា ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិ ដែលជាការចាប់អារម្មណ៍រួម។
នៅក្នុងក្របខណ្ឌ នៃកិច្ចប្រជុំសហប្រធាន គណៈកម្មការអន្តរជាតិ រដ្ឋាភិបាលកម្ពុជា.រុស្ស៊ី ស្តីពីកិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្ម សេដ្ឋកិច្ច វិទ្យាសាស្ត្រ និងបច្ចេកទេស លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន និងលោកនីកូឡៃ នីគីហ្វូរ៉ូវ នឹងជួបពិភាក្សាលើ ការអនុវត្តសេចក្តីសម្រេចនានា របស់សម័យប្រជុំលើកទី៩ នៃគណៈកម្មការ អន្តររដ្ឋាភិបាល កម្ពុជា.រុស្ស៊ី ព្រមទាំងការត្រៀមរៀបចំ សម្រាប់សម័យប្រជុំលើកទី១០ នៃគណៈកម្មការនេះ៕

praksokon1