ឯកឧត្តម សុខ ឥសានបានអះអាងថា សកម្មភាពដែលប្រឆាំង នៅក្នុងសង្គមប្រជាធិបតេយ្យជារឿងធម្មតា និងរឿងអត់បានការ


ភ្នំពេញ៖ ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានអះអាងថា សកម្មភាពដែលប្រឆាំង នៅក្នុងសង្គមប្រជាធិបតេយ្យជារឿងធម្មតា និងរឿងអត់បានការ កើតចេញពីមនុស្សមួយចំនួនតូចដែលមានទស្សននយោបាយខុសគ្នាពីគណបក្សកាន់អំណាច។ ការលើកឡើង របស់ឯកឧត្តម សុខ ឥសាន បែបនេះ បានធ្វើឡើងតាមរយៈបណ្តាញទំនាក់ទំនង Telegram នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨នេះ។ ឯកឧត្តម សុខ ឥសាន បានបញ្ជាក់ថា “ជារឿងធម្មតាដែលមានជនមួយចំនួន ដែលមានទស្សននយោបាយខុសគ្នាពីគណបក្សកាន់អំណាច នៅតាមបណ្តាប្រទេសលើពិភពលោក តែងតែធ្វើសកម្មភាពប្រឆាំងនឹងការងាររបស់គណបក្សកាន់អំណាចតាមរយ:ការអនុវត្តតួនាទី​ ភារកិច្ចរបស់រដ្ឋាភិបាលស្រប តាមកម្មវិធីនយោបាយឈ្នះឆ្នោតរបស់ខ្លួន”។

ឯកឧត្តម សុខ ឥសាន បានបញ្ជាក់បន្ថែមទៀតថា “ទោះបីនៅសរអា ក៏មានសកម្មភាពប្រឆាំងនឹងរបបក្រុងវ៉ាស៊ីងតោនរបស់លោកដូណាល់ ត្រាំឈ្នះឆ្នោត រហូតដល់លោកប្រធានាធិបតីមានការប្រុងប្រយ័ត្នឈរថ្លែងការណ៏នៅក្នុងបន្ទប់កញ្ចក់បាញ់មិនធ្លុះទៀតផង ។ ដូច្នេះមិនជារឿងចម្លែកទេដែលមាន ក្រុមជនអនាធិបតេយ្យមួយចំនួនធ្វើសកម្មភាពប្រឆាំងនឹងវត្តមានរបស់សម្តេចតេជោហ៊ុនសែននិងគណប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា នៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្ស៊ិចដើម្បីចូលរួមប្រជុំអាសែមអាស៊ី-អឺរ៉ុប យ៉ាងមានមោទនភាពជាតិដ៏ខ្ពង់ខ្ពស់” ។ ក៏ប៉ុន្តែទោះបីពួកប្រឆាំង ទាំងនោះខិតខំ យ៉ាងណា ក៏គ្មានបានប្រយោជន៏អ្វីដែរ សម្តេចតេជោនិងគណប្រតិភូនៅតែអាចដំណើរការប្រជុំនិងមានវត្តមានប្រកបដោយ កិត្តិយសនៅក្នុងកិច្ចប្រជុំកំពូលនេះដដែល ។

នៅទីបំផុត ពួកប្រឆាំងបានត្រឹមត្រឡប់ទៅផ្ទះវិញដោយស្ពាយយកភាពបរាជ័យដ៏អាមាស់ទៅជាមួយតែប៉ុណ្ណោះ ៕