ភ្នំពេញ៖ ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ទណ្ឌិតសម រង្ស៊ី គ្មានទាក់ទិនអ្វីជាមួយ អតីតបក្សប្រឆាំងនោះឡើយដោយសារ ទណ្ឌិតសម រង្ស៊ី បានលាលែងពីតួនាទី ជាប្រធានបក្សរួចហើយ និងថែមទាំងបានលាលែង ពីសមាជិកអតីតបក្សប្រឆាំងទៀតផង ។
ឯកឧត្តម សុខ ឥសាន បានសរសេរក្នុងបណ្ដាញ ទំនាក់ទំនងសង្គមតេឡេក្រាម នៅថ្ងៃទី២៥ ខែតុលានេះថា “ទណ្ឌិតសម រង្ស៊ី មិនមានជាប់ទាក់ទិន ជាមួយអតីតបក្សប្រឆាំងអ្វីទៀតទេ គឺដាច់ស្រឡះជាមួយគ្នាហើយ ។ ឥឡូវស្រាប់តែទណ្ឌិតសម រង្ស៊ី បែកគំនិតមករៀបចំរបស់ដែលហៅថា សន្និសីទអន្តរជាតិ ដែលនឹងធ្វើនៅទីក្រុងអាត្លង់តា រដ្ឋច្សចចា សហរដ្ឋអាមេរិក នាចុងឆ្នាំ២០១៨នេ ដែលគេប៉ុនប៉ងនាំគ្នាទៅលុតក្រាបបរទេស ដើម្បីឲ្យខ្មោចអតីតបក្សសង្រ្គោះជាតិ រស់ឡើងវិញ”។
ឯកឧត្តម សុខ ឥសាន បានសរសេរបន្ថែមថា “តើអាខ្មោចសង្រ្គោះជាតិ អាចរស់ឡើងវិញម៉្តេចបានទៅ ? បើកំហុសមានពិត មិនអាចក្រឡៃបាន តុលាការកំពូលគឺជាតុលាការពិតប្រាកដ សាលដីការរបស់តុលាការកំពូល គឺជាសាលដីកាស្ថាពរ និងបិទផ្លូវតវ៉ា ព្រះរាជាណាចក្រកម្ពុជា គឺជារដ្ឋឯករាជ្យ មានអធិបតេយ្យ មានបូរណភាពទឹកដី មានរាជរដ្ឋាភិបាលស្របច្បាប់ កើតចេញពីការបោះឆ្នោតដឹកនាំនិងគ្រប់គ្រងមិនអាចឲ្យបរទេសណា មកបំពារបំពានបានជាដាច់ខាត ហើយរាជរដ្ឋាភិបាលកម្ពុជា ក៏មិនយកឯករាជ្យជាតិ និងអធិបតេយ្យភាពជាតិ ទៅដោះដូរជាមួយនឹងជំនួយណាមួយ បានជាដាច់ខាត។ ដូច្នេះ លទ្ធភាពនៃការរស់ឡើងវិញ របស់អតីតបក្សប្រឆាំង មិនអាចមានជាដាច់ខាត”៕