(ស្ទឹងត្រែង-ក្រចេះ)៖ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់ អណ្តូងទឹកស្អាតចំនួន២៩ ជូនដល់ប្រជាពលរដ្ឋខ្វះខាតទឹកស្អាតប្រើប្រាស់ចំនួន ៦៩៣គ្រួសារ ស្ថិតក្នុងខេត្តស្ទឹងត្រែង និងខេត្តក្រចេះ។
នៅខេត្តស្ទឹងត្រែង កាកបាទក្រហមកម្ពុជា បានសម្ពោធដាក់ឲ្យប្រើប្រាស់អណ្តូងចំនួន១៤ ជូនប្រជាពលរដ្ឋខ្វះខាតទឹកប្រើប្រាស់ចំនួន ៣០៨គ្រួសារ (ស្មើនឹងមនុស្ស ១២៩៣នាក់) មកពីឃុំចំនួន៤ នៃស្រុក/ក្រុងចំនួន ២ របស់ខេត្តស្ទឹងត្រែង ពិធីប្រគល់អណ្ដូងនេះ ប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨។
សម្រាប់ខេត្តក្រចេះ កាកបាទក្រហមកម្ពុជា បានសម្ពោធដាក់ឲ្យប្រើប្រាស់អណ្តូងចំនួន១៥ ជូនប្រជាពលរដ្ឋខ្វះខាតទឹកប្រើប្រាស់ចំនួន ៣៨៥គ្រួសារ (ស្មើនឹងមនុស្ស ១២០៤នាក់) មកពីឃុំចំនួន៣ របស់ស្រុកចំនួន ២ នៃខេត្តក្រចេះ ពិធីប្រគល់ប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨។
មានមតិសំណេះសំណាលក្នុងឱកាសនោះដែរ លោកវេជ្ជ. អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា បានពាំនាំនូវប្រសាសន៍របស់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិតប្រធាន ដែលបានផ្តាំផ្ញើសួរសុខទុក្ខ ក្ដីនឹករលឹក និងបានជម្រាបជូនសារអប់រំមួយចំនួន ដល់ប្រជាពលរដ្ឋ ដែលមកចូលរួមក្នុងពិធីដោយមានខ្លឹមសារថា សូមបងប្អូនយកចិត្តទុកដាក់ថែរក្សាសុខភាពឲ្យបានល្អ មានអនាម័យក្នុងការរស់នៅ ដោយប្រកាន់ខ្ជាប់នូវ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត គេងក្នុងមុងជានិច្ច ការពារកុំឲ្យកើតជំងឺគ្រុនចាញ់-គ្រុនឈាម និងជំងឺឆ្លងផ្សេងៗ ស្ត្រីមានផ្ទៃពោះត្រូវទៅពិនិត្យសុខភាពឲ្យបានទៀងទាត់ និងលេបថ្នាំឲ្យបានគ្រប់ចំនួន ទៅតាមការណែនាំរបស់គ្រូពេទ្យ។ បញ្ឈប់ផលិតស្រាដោយប្រើប្រាស់ជាតិមេតាណុល ព្រោះតំបន់នេះ ធ្លាប់មានប្រជាជនបានបាត់បង់ជីវិត ដោយសារពិសារស្រា មានជាតិមេតាណុល និងសូមចូលរួមជួយថែរក្សាអណ្ដូងឱ្យបានគង់វង្សយូរអង្វែង។
ក្រោយពីទទួលបានសមិទ្ធផលទាំងនេះ ប្រជាពលរដ្ឋទាំងអស់ មានសេចក្ដីរំភើបរីករាយក្រៃលែង និងបានសម្ដែងនូវសេចក្ដីដឹងគុណ និងថ្លែងអំណរគុណ ចំពោះសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលតែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋ ដោយមិនប្រកាន់វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ។ បងប្អូនទាំងអស់ សូមជូនពរដល់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សូមជួបតែសេចក្ដីសុខក្នុងក្រុមគ្រួសារ និងទទួលបាននូវពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមជម្រាបថា ប្រជាពលរដ្ឋ ដែលបានមកចូលរួមក្នុងពិធីនោះ ក្នុងម្នាក់ៗទទួលបានក្រមា១ សារុង១ និងថវិកាមួយចំនួនផងដែរ៕