ក្នុងខណៈដែលការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់ កម្ពុជា បន្តសម្រេចបានក្នុងអត្រា ៧.១ភាគរយនោះ រាជរដ្ឋាភិបាលក៏បានរៀបចំការដំឡើងប្រាក់បៀវត្សរ៍ ជូនដល់មន្ត្រីរាជការ ស៊ីវិល និងកងកម្លាំងប្រដាប់វុធ ក្នុងឆ្នាំ២០១៩ ខាងមុខនេះផងដែរ។
យោងតាមច្បាប់ស្ដីពីសេចក្ដីព្រាងច្បាប់ស្ដីពីថវិកា ឆ្នាំ២០១៩ ដែលបង្ហាញដោយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា បៀវត្សរ៍អប្បបរមារបស់មន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ នៅក្នុងឆ្នាំ២០១៩ នឹងត្រូវដំឡើងពីរដង គឺនៅខែមករា និងនៅខែមេសា ដែលក្នុងនោះ សម្រាប់បៀវត្សរ៍មន្ត្រីរាជការស៊ីវិល នឹងត្រូវដំឡើងពីចំនួន ១.១០៤.០០០រៀល នៅឆ្នាំ២០១៨ ដល់ប្រមាណ ១.០៧០.០០០រៀល នៅខែមករា ឆ្នាំ២០១៩ ហើយនឹងត្រូវដំឡើងដល់ប្រមាណ១.១០០.០០០រៀល ចាប់ពីមេសា ឆ្នាំ២០១៩។ ចំពោះបៀវត្សរ៍គ្រូបង្រៀន និងគ្រូពេទ្យ ក៏នឹងត្រូវដំឡើងពីចំនួន១.១១៤.០០០រៀល នៅឆ្នាំ២០១៨ ដល់ប្រមាណ ១.១៧០.០០០រៀល នៅខែមករា ឆ្នាំ២០១៩ ហើយនឹងត្រូវដំឡើងដល់ប្រមាណ១.២០០.០០០រៀល ចាប់ពីខែមេសា ឆ្នាំ២០១៩។ បៀវត្សរ៍នគរបាលជាតិ ចាប់ពីពលបាលត្រី នឹងត្រូវដំឡើងពីចំនួន១.៩៨០.០០០រៀល (ដោយគិតបញ្ចូលរបបអង្ករ) នៅឆ្នាំ២០១៨ ដល់ប្រមាណ១.១៥៤.០០០រៀល ( ដោយគិតបញ្ចូលរបបអង្ករ ) នៅខែមករា ឆ្នាំ២០១៩ ហើយនឹងត្រូវដំឡើងដល់ប្រមាណ១.១៨៤.០០០រៀល (ដោយគិតបញ្ចូលរបបអង្ករ) ចាប់ពីខែមេសា ឆ្នាំ២០១៩។ សម្រាប់បៀវត្សរ៍យោធិន ចាប់ពីពលទោនឹងត្រូវដំឡើងពីចំនួន៩៧៦.០០០រៀល នៅឆ្នាំ២០១៨ ដល់ប្រមាណ១.២៥០.០០០រៀល នៅខែមករា ឆ្នាំ២០១៩ (មិនគិតបញ្ចូលរបបអង្ករ) ហើយនឹងត្រូវដំឡើងដល់ប្រមាណ១.៥៥០.០០០រៀល (មិនគិតបញ្ចូលរបបអង្ករ) ហើយបើគិតបញ្ចូលរបបអង្ករ ត្រូវជាប្រមាណ១.១១៤.០០០រៀល ចាប់ពីខែមេសា ឆ្នាំ២០១៩។
ក្នុងសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩ ក៏បានបង្ហាញដែរ ថា ជាមួយនឹងការដំឡើងបៀវត្សរ៍ជូនមន្ត្រីសាធារណៈសម្រាប់ឆ្នាំ២០១៩នេះ រាជរដ្ឋាភិបាលបានគ្រោងថវិកាចំនួន ២០ ប៊ីលានរៀល។ ដោយឡែកផ្សេងទៀត សម្រាប់ផ្តល់លទ្ធភាពដល់ក្រសួងស្ថាប័ន អាចជ្រើសរើសមន្ត្រីមានសមត្ថភាព និងជំនាញខ្ពស់ចូលបម្រើការងាររដ្ឋ ហើយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងផ្តល់កិច្ចសហការជិតស្និទ្ធជាមួយនឹងក្រសួងមុខងារសាធារណៈ ដើម្បីរៀបចំក្របខ័ណ្ឌ និងគោលការណ៍ សម្រាប់ដាក់ឱ្យដំណើរការគម្រោងនេះ។ លើសពីនេះ រាជរដ្ឋាភិបាល បានគ្រោងថវិកាចំនួន៥០ប៊ីលានរៀល ជាមូលនិធិថែទាំសុខភាពមន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន នៅក្នុងកញ្ចប់ថវិការបស់ក្រសួងសុខាភិបាល ដើម្បីរ៉ាប់រងលើការទ្រទ្រង់ថែទាំសុខភាពមន្ត្រីសាធារណៈ។ ទន្ទឹមគ្នានេះ បន្ថែមពីលើប្រាក់ឧបត្ថម្ភគោលនយោបាយគាំពារសង្គមចំនួនពីរ គឺប្រាក់ឧបត្ថម្ភមាតុភាពដល់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទជាស្ត្រី និងប្រាក់ឧបត្ថម្ភបុណ្យសពមន្ត្រី រាជការ ដែលទទួលមរណភាពក្នុងពេលបំពេញបេសកកម្ម ឬគ្រោះថ្នាក់ការងារ ដើម្បីរៀបចំពិធីបុណ្យសពតាមប្រពៃណី ដែលត្រូវបានដាក់ឱ្យអនុវត្តន៍រួចមកហើយ រាជរដ្ឋាភិបាលក៏បានគ្រោងថវិកាចំនួន៦ប៊ីលានរៀល ដើម្បីទ្រទ្រង់របបសន្តិសុខសង្គមផ្នែកហានិភ័យការងារសម្រាប់មន្ត្រីសាធារណៈ នៅក្នុងកញ្ចប់ថវិការបស់ក្រសួងសុខាភិបាលផងដែរ។ ចំពោះប្រាក់សោធននិវត្តន៍ រាជរដ្ឋាភិបាល គ្រោងថវិកាចំនួន៦០ប៊ីលានរៀល សម្រាប់ការដំឡើងរបបសោធនប្រចាំខែទាបបំផុត និងការកាត់បន្ថយគម្លាត របបសោធនរបស់និវត្តន៍ជន រវាងអ្នកទទួលបានសោធនទាប និងអ្នកទទួលបានសោធនខ្ពស់ និងរវាងនិវត្តជនថ្មី និងនិវត្តន៍ជនចាស់ ជូនដល់និវត្តន៍ជន ដែលជាអតីតមន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ។លើសពីនេះ ប្រាក់បំណាច់របស់មន្ត្រីជាប់កិច្ចសន្យា ក៏នឹងត្រូវបានដំឡើងចំនួន ៦០០.០០០រៀល នៅឆ្នាំ២០១៨ ដល់ចំនួន៦៥០.០០០រៀល នៅឆ្នាំ២០១៩ ផងដែរ៕