(កំពង់ធំ)៖ ដោយសារប្រទេសជាតិមានសុខសន្តិភាពពេញលេញ បានធ្វើឲ្យមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ទាំងពុទ្ធចក្រ និងអាណាចក្រ។ យ៉ាងណាមិញ ដើម្បីចូលរួមក្នុងវិស័យពុទ្ធចក្រ ដែលជាសាសនារបស់រដ្ឋកាន់តែរីកធំធាត់ខ្លាំង និងតាមទនៀមទម្លាប់របស់ដូនតាខ្មែរមកនោះ លោកស្រីជំទាវគតិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនងព្រឹទ្ធសភា រដ្ឋសភា និងអធិការកិច្ច និងឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានផ្តួចផ្តើមធ្វើបុណ្យកឋិនទានសាមគ្គី ដង្ហែទៅកាន់មជ្ឈមណ្ឌល «វប្បធម៌ សាសនា ត្រៃលោកត្រៃលក្ខណ៍» ស្ថិតនៅភូមិកាល់មេឃ ឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ ដោយប្រមូលបច្ច័យកសាងនូវសមិទ្ធផលនានាជាង៨០លានរៀល។
អង្គកឋិនទានសាមគ្គីនេះ មានការចូលរួមឧបត្ថម្ភពីសំណាក់ លោកឧកញ៉ា លោក លោកស្រី ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត និងពុទ្ធបរិស័ទ ដោយបានមូលមតិគ្នាជាឯកច្ឆ័ន្ទផ្តួចផ្តើមធ្វើអង្គកឋិនសាមគ្គី ដើម្បីផ្សារភ្ជាប់វីស័យអាណាចក្រជាមួយពុទ្ធចក្រ ក្នុងការរួមចំណែកកសាងសមិទ្ធផលនានា ក្នុងមជ្ឈមណ្ឌល «វប្បធម៌ សាសនា ត្រៃលោកត្រៃលក្ខណ៍» និងដើម្បីលើកស្ទួយវិស័យសាសនា ជាសាសនារបស់រដ្ឋផងដែរ។
កាលពីរសៀលថ្ងៃអាទិត្យទី២៨ ខែតុលា ឆ្នាំ២០១៨ ពុទ្ធបរិស័ទបានដឹកនាំធ្វើពិធីសែនថ្វាយដល់លោកតា «កើតវ៉ាយ» ដែលជាម្ចាស់ទឹកដី និងបានដំណើរការប្រារព្ធពិធីបុណ្យកឋិនទានសាមគ្គី ហើយសម្តែងធម៌នមស្សការ ព្រះរតនត្រ័យ និងសម្តែងព្រះបរិត្ត ដោយលើកឡើងពីការធ្វើបុណ្យកឋិនទាន ជូនដល់លោកឧកញ៉ា លោក លោកស្រី ឧបាសក ឧបាសិកា ព្រមទាំងពុទ្ធបរិស័ទ ជិតឆ្ងាយ នាឱកាសនោះផងដែរ។
លុះដល់ថ្ងៃចន្ទ ៥រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ពស២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ នៅវេលាម៉ោង១៤.០០នាទី ពិធីបុណ្យបានប្រព្រឹត្តទៅតាមគន្លង ទំនៀមទម្លាប់ប្រពៃណី ព្រះពុទ្ធសាសនា ដោយបានប្រារព្ធ ព្រះរាជពិធីដង្ហែ អង្គកឋិនទានជុំវិញព្រះវិហារ និងថ្វាយគ្រឿងសក្ការៈបូជា ថ្វាយចំពោះព្រះពុទ្ធរូបស្នងអង្គព្រះសម្មាសម្ពុទ្ធ ព្រះបរមគ្រូនៃយើង និងបានប្រារព្ធនូវ បទនមស្ការ ព្រះរតនត្រ័យ ថ្វាយបង្គំព្រះ សមាទានសីល ដើម្បីគោរពរំឭកដល់គុណបុណ្យ ព្រះរតនត្រ័យ កែវទាំងបី មានព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ ជាកិច្ចបង្ហើយបុណ្យ និងបានប្រមូលបច្ច័យ បានចំនួនជាង៨០លានរៀល សម្រាប់កសាងនូវសមិទ្ធផលនានា នៅក្នុងមជ្ឈមណ្ឌល «វប្បធម៌ សាសនា ត្រៃលោកត្រៃលក្ខណ៍» នេះ៕