អគ្គនាយកដ្ឋានអភិវឌ្ឍន៍ឥស្លាមម៉ាឡេស៊ីJakim ឯកភាពការដាក់អោយប្រើប្រាស់ កញ្ចប់ថវិការ ៤០ម៉ឺនដុល្លាបន្ថែម ដើម្បីពន្លឿនកិច្ចការហាឡាលនៅកម្ពុជា


អគ្គនាយកដ្ឋានអភិវឌ្ឍន៍ឥស្លាមម៉ាឡេស៊ីJKIM បានសម្រេចប្រើប្រាស់កញ្ចប់ថវិការមានតម្លៃ ៤០ម៉ឺនដុល្លាថែមទៀត ក្នុងចំណោមកញ្ចប់ថវិកា 1លានដុល្លា ដែលរដ្ឋាភិបាលម៉ាឡេស៊ី បានឯកភាពរ៉ាប់រងដើម្បីប្រើប្រាស់ក្នុងចំណាយផ្សេងៗលើផ្នែកបច្ចេកទេស និងលើកកំពស់វិស័យហាឡាលនៅកម្ពុជា អោយកាន់តែមានការវិវត្តជឿនលឿនទៅមុខប្រកបដោយចីរភាព។ នេះគឺជាការលើកឡើង របស់ ឯកឧត្តម អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ក្នុងឱកាសដែលលោក ជាមួយ ឯកឧត្តម លោកជំទាវ ឥស្សរជន បណ្តាក្រសួងនានា បានទទួលជួប គណៈប្រតិភូJKIM នៅឯស្នាក់ការកណ្តាលអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា ដឹកនាំ ដោយ លោក Datuk Haji Mohd Nordin Ibrahim អមដំណើរជាមួយនឹងគណៈប្រតិភូចំរុះពីម៉ាឡេស៊ី និង តួរគី កាលពីរសៀលថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០១៨នេះ។

ក្នុងនាមប្រទេសជើងចាស់ដែលមានបទពិសោធន៍ និងធនធានគ្រប់គ្រាន់ លើក្របខណ្ឌហាឡាល សូមបន្តជាដៃគូសហការ និងជ្រោមជ្រែងដល់ភាគីកម្ពុជា លើលក្ខខណ្ឌបច្ចេកទេស ក៏ដូចជាការចូលរួមផ្សព្វផ្សាយពីឱកាសវិនិយោគឧស្សាហកម្មនៅកម្ពុជា ដែលជាប្រទេសដែលមានលក្ខណៈអំណោយផលខ្ពស់ទាំងធនធានធម្មជាតិ វត្ថុធាតុដើម និង កម្លាំងពលកម្មគ្រប់គ្រាន់ ហើយជាពិសេសកម្ពុជា កំពុងតែមានសេដ្ឋកិច្ចរីកចម្រើនទៅមុខ ដែលមានកំណើនសេដ្ឋកិច្ចជាង ៧ភាគរយប្រចាំឆ្នាំ។ ឯកឧត្តមឧកញ៉ា អូស្មាន ហាស្សាន់ កោតសរសើរ និង ថ្លែងអំណរគុណដល់ភាគីម៉ាឡេស៊ី អគ្គនាយកដ្ឋានឥស្លាមម៉ាឡេស៊ី ដែលជានិច្ចកាលតែងតែផ្តល់ការគាំទ្ររាល់សកម្មភាពនានា ក្នុងការអភិវឌ្ឍន៍សហគមន៍ខ្មែរឥស្លាម ជាពិសេស គឺការផ្តល់ជំនួយបច្ចេកទេសហាឡាលនៅកម្ពុជា។

គួរបញ្ជាក់ថា ក្រៅពីកញ្ចប់ថវិកា១លានដុល្លា សម្រាប់ទ្រទ្រង់វិស័យហាឡាលនៅកម្ពុជា តាំងពីឆ្នាំ២០១៤មក អគ្គនាយកដ្ឋានអភិវឌ្ឍន៍ឥស្លាមម៉ាឡេស៊ីJKIM បានឧបត្ថម្ភគិតជាថវិកា 1969,534 ដុល្លារ ក្នុងការផ្តល់ជំនួយសាងសង់ព្រះវិហារឥស្លាម សូរ៉ាវ វិទ្យាស្ថាន សាលា អន្តេវាសិកដ្ឋានសិស្ស ពង្រីកដីទីធ្លាសាលា សិក្ខាសាលា វគ្គបណ្តុះបណ្តាលបច្ចេកទេសផ្សេងៗ កម្មពិធីស្រាយបួស កុមារកំព្រា ចាស់ជរា គូរបាន និងជំនួយគ្រោះធម្មជាតិ ជាដើម។