ឯកឧត្ដមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបលោកសាស្ត្រាចារ្យ Kazuhito Kawakita ព្រឹទ្ធបុរសមហាវិទ្យាសាស្ត្រជីវកសិកម្មនៃសាកលវិទ្យាល័យណាហ្គូយ៉ា ប្រទេសជប៉ុន និងសហការី


នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃដដែល ឯកឧត្ដមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបលោកសាស្ត្រាចារ្យ Kazuhito Kawakita ព្រឹទ្ធបុរសមហាវិទ្យាសាស្ត្រជីវកសិកម្មនៃសាកលវិទ្យាល័យណាហ្គូយ៉ា ប្រទេសជប៉ុន និងសហការី ក្នុងគោលបំណងសម្តែងការគួរសម និងជម្រាបជូនសកម្មភាពនៃកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យណាហ្គូយ៉ា និងសាកលវិទ្យាល័យភូមិន្ទកសិកម្ម លើការងារបណ្តុះបណ្តាលថ្នាក់បណ្ឌិតកសិកម្ម។

សូមជម្រាបជូនថា កិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើររវាងសាកលវិទ្យាល័យណាហ្គូយ៉ា និងសាកលវិទ្យាល័យភូមិន្ទកសិកម្មបានចាប់ផ្តើមតាំងពីឆ្នាំ ២០០០មកម្លេះ។ ដោយសង្គេតឃើញថា កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់ និងនៅមានសក្តានុពលក្នុងការពង្រីក សាកលវិទ្យាល័យណាហ្គូយ៉ា បានសម្រេចចិត្តបង្កើតសាខា (Satellite Institute) ចំនួន៣ នៅព្រះរាជាណាចក្រកម្ពុជា។ ក្នុងនោះរួមមាន៖ ១. សាកលវិទ្យាល័យភូមិន្ទកសិកម្ម សម្រាប់សិក្សា និងលើកកម្ពស់ផ្នែកកសិកម្ម ២. សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សម្រាប់សិក្សាផ្នែកអភិវឌ្ឍនអន្តរជាតិ
៣. សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច សម្រាប់សិក្សាផ្នែកច្បាប់។

អ្វីដែលគួរជាទីមោទនៈសម្រាប់សាកលវិទ្យាល័យភូមិន្ទកសិកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងឆ្នាំ២០១៧ និង២០១៨ នេះគឺមានមន្ត្រីជំនាញ២រូប បានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតដោយជោគជ័យ។ ដោយឡែក បច្ចុប្បន្នក៏នៅមានមន្ត្រីជំនាញចំនួន ៥រូបទៀតកំពុងសិក្សាថ្នាក់បណ្ឌិតផងដែរ។

ទន្ទឹមនឹងនេះ លោកសាស្ត្រាចារ្យ kawakita ក៏បានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីជ្រាបអំពីជំហានទី២ នៃផែនការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ក្រៅពីការបណ្ដុះបណ្ដាលថ្នាក់បណ្ឌិត សាកលវិទ្យាល័យណាហ្គូយ៉ាក៏គ្រោងបន្តបង្កើតកិច្ចសហប្រតិបត្តិការត្រីភាគីរវាង កម្ពុជា-ជប៉ុន-ហ្វីលីពិន តាមរយៈបង្កើតមជ្ឈមណ្ឌលវិទ្យាសាស្ត្រកសិកម្មនៅក្នុងតំបន់ត្រូពិច ដើម្បីពង្រឹងសមត្ថភាពអប់រំ ស្រាវជ្រាវរបស់កម្ពុជាឲ្យកាន់តែមានភាពរីកចម្រើនថែមមួយកំរិតទៀត។

ក្នុងឱកាសដ៏មានអត្ថន័យនេះ ឯកឧត្តមរដ្ឋមន្ត្រីសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសាកលវិទ្យាល័យណាហ្គូយ៉ា ដែលបានចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់ធនធានមនុស្សនៅកម្ពុជា ហើយឯកឧត្តមរដ្ឋមន្ត្រីក៏បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសកម្មភាព ក៏ដូចជាកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើររវាងគ្រប់ភាគីពាក់ព័ន្ធ។ ឯកឧត្តមរដ្ឋមន្ត្រីសង្ឃឹម និងជឿជាក់ថាកិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃនេះនឹងបន្ត ធ្វើយ៉ាងណាលើកស្ទួយធនធានមនុស្ស ពិសេសមន្ត្រីជំនាញរបស់ក្រសួង ដើម្បីអភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជាប្រកបដោយចីរភាព។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ផងដែរថា ដើម្បីអភិវឌ្ឍន៍វិស័យកសិកម្មឲ្យបានពេញលេញ និងមានប្រសិទ្ធភាព អនុវិស័យជលផល ព្រៃឈើ ការកែច្នៃផលិតផលកសិកម្ម និងការគ្រប់គ្រងទឹកកសិកម្ម គួរតែបន្តធ្វើការសិក្សា ស្រាវជ្រាវបន្ថែមទៀត។ ដូច្នេះ ឯកឧត្តមរដ្ឋមន្ត្រីបានស្នើដល់សាកលវិទ្យាល័យណាហ្គូយ៉ា ពិនិត្យលទ្ធភាពក្នុងការពង្រីកកម្មវិធីសិក្សាថ្នាក់បណ្ឌិតរបស់ខ្លួន ដើម្បីផ្តល់ឱកាសឲ្យមន្ត្រីជំនាញផ្នែកខាងលើ ពង្រឹងនិងពង្រីកសមត្ថភាព។

ជាការឆ្លើយតប លោកសាស្ត្រាចារ្យ Kawakita ប្តេជ្ញាថាសាកលវិទ្យាល័យណាហ្គូយ៉ានឹងពិនិត្យ និងខំអស់លទ្ធភាពជួយមន្ត្រីជំនាញរបស់ក្រសួង បង្កើនសមត្ថភាពដើម្បីយកមកជួយអភិវឌ្ឍន៍វិស័យកសិកម្ម ជាពិសេសប្រទេសជាតិ។

កិច្ចប្រជុំត្រូវបានបញ្ចប់ក្នុងបរិយាកាសស្និទ្ធស្នាល និងសាមគ្គីភាពខ្ពស់បំផុត។