កម្ពុជា-អាមេរិក បង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើ វិស័យការងារ


នាព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៦ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអនុញ្ញាត្តឱ្យលោកស្រី Sarash Fox អ្នកតំណាងពិសេសទទួលបន្ទុកកិច្ចការងារអន្តរជាតិ នៃក្រសួងការបរទេសសហរដ្ឋអាមេរិក អមដោយតំណាងការិយាល័យពាណិជ្ជកម្មសហរដ្ឋអាមេរិក និងមន្រ្តីស្ថានទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហរដ្ឋអាមេរិកលើវិស័យការងារ ព្រមទាំងស្វែងយល់បន្ថែមទៀតទៅលើការអនុវត្តសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ និងសិទ្ធការងារ និងលក្ខខណ្ឌការងារនៅកម្ពុជា។
សហរដ្ឋអាមេរិកបានសំដែងនូវចំណាប់អារម្មណ៍ជាខ្លាំងចំពោះការវិវត្តន៍រីកចំរើនថ្មីៗនេះនៅកម្ពុជា ជាពិសេសការចាប់ផ្តើមអនុវត្តនូវច្បាប់ស្តីពីសហជីព និងការដោះស្រាយបញ្ហាប្រាក់ឈ្នួលអប្បបរមាជូនកម្មករនិយោជិត ហើយបានអបអរសាទរ និងលើកចិត្តចំពោះរដ្ឋាភិបាលកម្ពុជាដែលបានខិតខំធានាបាននូវបទដ្ឋានស្តង់ដារការងារល្អប្រសើរ លើកកម្ពស់សុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ ព្រមទាំងដោះស្រាយបានរាល់បញ្ហាប្រឈម និងពង្រីកឱកាសនៃការធ្វើពាណិជ្ជកម្ម និងវិនិយោគទុនបន្ថែមទៀត។
សហរដ្ឋអាមេរិកនៅតែជាដៃគូរពាណិជ្ជកម្ម ដ៏ចំបងរបស់កម្ពុជា ភាគីទាំងពីរនឹងខិតខំបន្តរក្សានូវបទដ្ឋានស្តង់ការងារផ្សារភ្ជាប់ពាណិជ្ជកម្ម ដើម្បីពង្រីកពាណិជ្ជកម្មទៅលើវិស័យផ្សេងទៀតក្រៅពីឧស្សាហកម្មកាត់ដេរ សម្លៀកបំពាក់ និងផលិត ស្បែកជើង ដូចជាសម្ភារៈសម្រាប់ធ្វើដំណើរជាដើម ដែលសហរដ្ឋអាមេរិកទើបផ្តល់ភាពអនុគ្រោះពាណិជ្ជកម្មថ្មីៗ (GSP) កន្លងទៅនេះដល់កម្ពុជា៕

g

g2

g3