ជំនួបសម្តែងការគួរសមពីសំណាក់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) Courtesy Call with Asian Development Bank (ADB)


នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៦ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានទទួលជួបសំដែងការគួរសមពីគណៈប្រតិភូធនាគារអភិឌ្ឍន៍អាស៊ី ដែលដឹកនាំដោយលោកស្រី Noriko Ogawa អគ្គនាយករងនៃនាយកដ្ឋានប្រចាំតំបន់អាស៊ីអាគ្នេយ៍នៃធនាគារអភិវឌ្ឍន៍អាស៊ី។
លោកស្រី Ogawa បានសម្តែងនូវការកោតសរសើររបស់ខ្លួនចំពោះកិច្ចសហការក្នុងភាពជាដៃគូរឹងមាំរវាងកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី។ លោកស្រីបានជម្រាបជូន ឯកឧត្តមទេសរដ្ឋមន្រ្តី អំពី ក្រុមពិគ្រោះយោបល់ជាន់ខ្ពស់របស់ធនាគារអភិវឌ្ឍន៍អាស៊ី ស្តីពី ការប្រារព្ធពិធីខួបលើកទី៥០ (ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៦) និងការចូលរួមរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុលក្នុងក្រុមពិគ្រោះយោបល់នោះ ដែលផ្តោតជាសំខាន់លើការរួមចំណែករបស់ធនាគារអភិវឌ្ឍន៍អាស៊ី ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមកម្ពុជា បញ្ហាប្រឈមនៃការអភិវឌ្ឍកម្ពុជា និងភាពជាដៃគូរបស់រាជរដ្ឋាភិបាលកម្ពុជានិងធនាគារអភិវឌ្ឍន៍អាស៊ីនាពេលអនាគត ។
ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានសម្តែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះធនាគារអភិវឌ្ឍន៍អាស៊ី ដែលបានផ្តល់ការគាំទ្រកន្លងមកនិងកំពុងបន្តដើម្បីរួមចំណែកដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចនិងសង្គមកម្ពុជា។
ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានជម្រាបជូន គណៈប្រតិភូ អំពី គម្រោងហេដ្ឋារចនាសម្ព័ន្ធជាច្រើនក្រោមហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី និងបានកត់សម្គាល់អំពីបញ្ហាប្រឈមសំខាន់ៗ និងមេរៀនដែលបានសិក្សាពីការអនុវត្ត ក៏ដូចជាស្ថានភាពបច្ចុប្បន្ននៃការអភិវឌ្ឍកម្ពុជាសព្វថ្ងៃ។

e1 e3 e2 e4