ភ្នំពេញ៖ ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា នៅក្នុងបរិបទនយោបាយកម្ពុជា មានមតិអវិជ្ជមានខ្លះ និយាយថានៅកម្ពុជា អ្នកខ្លាំងជិះជាន់និងរំលោភអ្នកខ្សោយ តាមអំពើចិត្ត ប៉ុន្តែតាមការជាក់ស្តែង គណបក្សដែលខ្សោយ គឺជាគណបក្សដែលមាន ការបែកបាក់ផ្ទៃក្នុង មិនគោរពច្បាប់ និងលទ្ធិប្រជាធិបតេយ្យ ។
ឯកឧត្តម សុខ ឥសាន បានសរសេរក្នុងបណ្ដាញ ទំនាក់ទំនងសង្គមតេឡេក្រាម នៅថ្ងៃទី២៩ ខែតុលានេះថា “ដូច្នេះគណបក្សដែលទទួលរង នូវការចាត់វិធានការណ៍ ផ្លូវច្បាប់បែរជាមិនទទួលស្គាល់ ការពិតនូវកំហុសរបស់ខ្លួន ហើយបែរជាមកចោទប្រកាន់ គណបក្សកាន់អំណាច និងាជរដ្ឋាភិបាលកម្ពុជា ប្រើអំណាចគាបសង្កត់ និងជិះជាន់គណបក្សខ្សោយ តាមអំពើចិត្តទៅវិញ ។ តាមការជាក់ស្តែងនៅកម្ពុជា គ្មានបក្សប្រឆាំងខ្សោយទេ ជាពិសេសអតីតបក្សប្រឆាំងដឹកនាំដោយទណ្ឌិតសម រង្ស៊ី និង កឹម សុខា គឺជាគណបក្សខ្លាំង ខ្លាំងរហូតដល់ខ្លោចខ្លួនឯង តាមរយៈការរំលោភច្បាប់ រំលោភលទ្ធិប្រជាធិបតេយ្យ និងខាងបំបែកបំបាក់សាមគ្គីជាតិ ” ។
ឯកឧត្តម សុខ ឥសាន បានបញ្ជាក់ថា “ការនិយាយថា គណបក្សខ្លាំងជិះជាន់ បក្សខ្សោយ វាគ្រាន់តែកាន់ជើង អតីតបក្សប្រឆាំង ដោយមើលមិនឃើញ កំហុសដ៏ធំធេង របស់អតីតបក្សប្រឆាំង ដែលខ្លាំងខាងព្រហើននោះទេ” ៕