ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ ប្រើពេល២ថ្ងៃបណ្តុះបណ្តាលសមាជិក និងមន្រ្តីរបស់ខ្លួន ពាក់ព័ន្ធអភិបាលកិច្ចល្អ


(ត្បូងឃ្មុំ)៖ ឯកឧត្តម ខែក សំអុន ប្រធានស្តីទីក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ នាថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានប្រកាសបើកវគ្គបណ្តុះបណ្តាលដល់សមាជិកក្រុមប្រឹក្សាចំនួន ១៩រូប និងមន្រ្តីក្រោមឱវាទសរុប ៧០រូប អំពីមេរៀនចំនួនពីរ ទី១. គោលការណ៍ជាសាកលនៃអភិបាលកិច្ចល្អ និងទី២. កា​រតម្រង់ទិសដល់ក្រុមប្រឹក្សាទើបកាន់តំណែងថ្មី។

ការបណ្តុះបណ្តាលលើមេរៀនទាំងពីរ មានរយៈពេល២ថ្ងៃ ដែលធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងរបស់សមាជិកក្រុមប្រឹក្សាខេត្ត និងមន្រ្តីពាក់ព័ន្ធអំពីទ្រឹស្តី និងឆ្លុះបញ្ចាំងពីការអនុវត្តការងារជាក់ស្តែង។

ខ្លឹមសារមេរៀន រួមមាន៖ តួអង្គនៅក្នុងសង្គមល្អ អភិបាលកិច្ចល្អ គណនេយ្យភាពសង្គម វិមជ្ឈការ និងវិមជ្ឈការនៅកម្ពុជា តួនាទី និងការទទួលខុសត្រូវរបស់ក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ។

វគ្គនេះសម្របសម្រួលដោយគ្រូឧទ្ទេសពីសមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត គឺលោកស្រី ប្រាក់ ពុទ្ធី សមាជិកក្រុមប្រឹក្សាខេត្តស្វាយរៀង និងលោក ឯម ដេត សមាជិកក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ។

សមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៣ ហើយបច្ចុប្បន្នមានលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ជាប្រធានសមាគម។ សមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត បង្កើតឡើងក្នុងគោលបំណងលើកកម្ពស់សមត្ថភាព និងការពារផលប្រយោជន៍ស្របច្បាប់របស់សមាជិកក្រុមប្រឹក្សារាជធានី-ខេត្ត៕