គម្រោងវិនិយោគថ្មីចំនួន៨ទៀតហើយ សរុបទុនវិនិយោគជាង៤០០លានដុល្លារ និងបង្កើតការងារថ្មីជាង៥០០០កន្លែង ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​អនុម័ត !


គម្រោងវិនិយោគថ្មីចំនួន៨ទៀត សរុបទុនវិនិយោគ៤០៨.៦៣លានដុល្លារអាមេរិក ដោយបង្កើតការងារថ្មីបានចំនួន៥,៣២៣កន្លែង​ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ (CDC)​ អនុម័តឲ្យបើកដំណើរការហើយ។

Facebook ផ្លូវការរបស់ CDC ផ្សាយនៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា ខ្លួនបានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១៖ ក្រុមហ៊ុន KIRI APHIVATH CO.,LTD. គម្រោងបង្កើតកសិដ្ឋានដាំដំណាំកសិ-ឧស្សាហកម្ម (ដាំកៅស៊ូ) និងរោងចក្រកែច្នៃ ដែលមានទីតាំងវិនិយោគស្ថិតនៅឃុំភ្នំកុក ស្រុកវើនសៃ ខេត្តរតនគិរី មានទុនវិនិយោគប្រមាណ ១១.៣៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ៥៩០កន្លែង។

២៖ ក្រុមហ៊ុន QIN YUE GARDEN HOTEL CO.,LTD. គម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ ចំនួន៣៥០បន្ទប់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអុង សង្កាត់រាម ខណ្ឌព្រៃនប់ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ២៧.៦២លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន២៨៩កន្លែង។

៣៖ ក្រុមហ៊ុន HUAYU XINPENG PLASTIC (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រផលិតសម្ភារៈប្រើប្រាស់ពីប្លាស្ទីក ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃខ្វាវ ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៣.២៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ១៧៦កន្លែង។

៤៖ ក្រុមហ៊ុន CAMBODIAN PACKAGING CHAKREY TING CO., LTD. គម្រោងបង្កើតរោងចក្រផលិតស្បោងគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិភ្នំតូច ឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពត មានទុនវិនិយោគប្រមាណ ២០.៥៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ៣០៩កន្លែង។

៥៖ ក្រុមហ៊ុន TRY PHEAP IMPORT EXPORT CO.,LTD. គម្រោងបង្កើតកសិដ្ឋានដាំដំណាំកសិ-ឧស្សាហកម្ម (ដំណាំកៅស៊ូ) និងសាងសង់រោងចក្រកែច្នៃ ស្ថិតនៅភូមិអូរពោធិ៍ ឃុំរម្មណីយ៍ ស្រុករវៀង ខេត្តព្រះវិហារ មានទុនវិនិយោគប្រមាណ ២៤.៤៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ៥៤៧កន្លែង។

៦៖ ក្រុមហ៊ុន MING FAI ENTERPRISE (CAMBODIA) CO.,LTD. គម្រោងបង្កើតរោងចក្រផលិតគ្រឿងសំអាង និងសំបកដបគ្រឿងសំអាង ស្ថិតនៅផ្លូវជាតិលេខ៤១ (ផ្លូវព្រះអង្គឌួង) ភូមិវាលវង់ ឃុំសែនដី ស្រុងសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ១០.៣៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ៤៧០កន្លែង។

៧៖ ក្រុមហ៊ុន PRINCE HUAN YU REAL ESTATE. គម្រោងសាងសង់-អាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ ចំនួន២,១០៣បន្ទប់ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ខណ្ឌមិត្តភាព ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគចំនួន ៣០០លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ២,៦៨១កន្លែង។

៨៖ ក្រុមហ៊ុន XIN HAO HUI ENTERTAINMENT CO.,LTD. គម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ និងរីសត ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគចំនួន១១លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន២៦១កន្លែង៕