9ខែដើមឆ្នាំ ចំណូលពីការលក់ប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរកើនឡើងជាង2,5%


ចំណូលពីការលក់ប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ក្នុងរយៈពេល៩ខែ ចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំនេះ មានចំនួន៤៤.៤០៧.៩៤០ដុល្លារ កើនឡើង២,៥៦% បើធៀបនឹងរយៈដូចគ្នាកាលពីឆ្នាំមុន ។ ចំណែកភ្ញៀវទេសចរបរទេសដែលចូលមកទស្សនាមានចំនួន១.៥៦៣.១៧២នាក់ កើនឡើង២,៥៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៥ ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ ។
សេចក្ដីប្រកាសព័ត៌មានដដែលបានឲ្យដឹងទៀតថា ក្នុងខែកញ្ញាកន្លងមក ភ្ញៀវទេសចរបរទេសទិញប័ណ្ណចូលទស្សនា មានចំនួន១៣០.៨៥៦នាក់ កើនឡើង៩,១០% បើធៀបនឹងខែកញ្ញាឆ្នាំមុន ។ ចំណែកចំណូលដែលទទួលបានពីការលក់ប័ណ្ណមានចំនួន៣.៦៤០.២៦០ដុល្លារ កើនឡើង៤,៧២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៥ ។
តួលេខនៃចំនួនភ្ញៀវទេសចរបរទេសប្រចាំខែកញ្ញា បើប្រៀបធៀបនឹងខែសីហា ក្នុងឆ្នាំនេះ ឃើញថា ធ្លាក់ចុះប្រមាណជាង២៣% រីឯចំណូល ក៏ធ្លាក់ចុះប្រមាណជាង២៥%ផងដែរ ។
តាមរបាយការណ៍របស់គ្រឹះស្ថានដដែលបានបង្ហាញថា ក្នុងខែសីហាឆ្នាំនេះ ភ្ញៀវទេសចរបរទេសដែលចូលទស្សនារមណីយដ្ឋានអង្គរមានចំនួន១៧២.០៤៦នាក់ និងទទួលបានចំណូលពីការលក់ប័ណ្ណចំនួន៤.៨៩០.៧០០ដុល្លារអាមេរិក ។
គ្រឹះស្ថានអង្គរ ជាអង្គភាពស្ថិតក្រោមអាណាព្យាបាលបច្ចេកទេសនៃក្រសួងទេសចរណ៍ និងស្ថិតនៅក្រោមអាណាព្យាបាលហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានភារកិច្ចគ្រប់គ្រងការប្រមូល និងបង់ចំណូលពីការលក់ប័ណ្ណចូលទស្សនាតំបន់រមណីយដ្ឋានអង្គរ ។ រៀបចំលើកសំណើអំពីយុទ្ធសាស្ត្រប្រមូលចំណូលពីការលក់ប័ណ្ណចូលទស្សនាតំបន់រមណីយដ្ឋានអង្គរ ។ ចូលរួមរៀបចំថវិការដ្ឋប្រចាំឆ្នាំនីមួយៗ ជាពិសេសផ្នែកចំណូល។ រៀបចំហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ដើម្បីធានាប្រសិទ្ធភាពនៃការប្រមូលចំណូលពីការលក់ប័ណ្ណចូលទស្សនាតំបន់រមណីយដ្ឋានអង្គរ ។ គ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធសម្រាប់បម្រើការប្រមូលចំណូលពីការលក់ប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរ។ គ្រប់គ្រងនិងត្រួតពិនិត្យចំនួនភ្ញៀវទេសចរចូលទស្សនាតំបន់រមណីយដ្ឋានអង្គរ និងមានភារកិច្ចផ្សេងៗជាច្រើនទៀត ៕

ss ss1