អនុគណៈកម្មការមួយរបស់ក្រសួងការពារជាតិ ដែលបង្កើតឡើងដើម្បី រៀបចំពិធីសម្ពោធវិមានឈ្នះឈ្នះ និងពិធីអបអរសាទរដល់ខួបលើកទី២០ នៃការបញ្ចប់សង្រ្គាមសុីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះឈ្នះនោះ នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានបើកកិច្ចប្រជុំមួយ ដើម្បីពិនិត្យមើលការងាររបស់ខ្លួន ដើម្បីត្រៀមរៀបចំពិធីខាងលើនេះ ឱ្យដំណើរការរលូន និងប្រកបដោយភាពសប្បាយរីករាយ។
បើតាមនាយឧត្តមសេនីយ៍ ឈុំ សុជាត អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា កិច្ចប្រជុំនេះ ដឹកនាំដោយ កិច្ចប្រជុំនេះដឹកនាំដោយ នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការពារជាតិ ដោយមានការចូលរួមពីថ្នាក់ដឹកនាំពាក់ព័ន្ធមួយចំនួន។
ឯកឧត្តមបានបន្តថា៖ «ដោយអនុវត្តតាមអនុសាសន៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កម្មវិធីសម្ពោធវិមានឈ្នះឈ្នះ និងអបអរសាទរខួបលើកទី២០នៃការបញ្ចប់សង្រ្គាមសុីវិលនៅកម្ពុជា នឹងធ្វើឡើងរយៈពេល៣ថ្ងៃ នៅវិមានឈ្នះ-ឈ្នះ នាថ្ងៃទី២៩-៣០-៣១ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ ដោយបើកឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរនានា ចូលរាំមកកម្សាន្តសប្បាយទាំងថ្ងៃទាំងយប់ផងដែរ»។
ពិធីសម្ពោធវិមានប្រវត្តិសាស្រ្តនេះ នឹងធ្វើឡើងក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលជាអ្នកបង្កើតនូវនយោបាយឈ្នះឈ្នះ រហូតដល់បញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា ហើយបានកសាងនូវសន្តិភាព និងការអភិវឌ្ឍជូនជាតិមាតុភូមិរហូតដល់សព្វថ្ងៃ។
វិមានឈ្នះឈ្នះ បានចាប់ផ្តើមសាងសង់ឡើងកាលពីខែកុម្ភៈ ឆ្នាំ២០១៦ ដោយទំហំដី៨ហិចតា ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ហើយសង្ឃឹមថា នឹងសង់រួចជាស្ថាពរ នៅពេលដ៏ខ្លីខាងមុខនេះ៕