(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងជាប្រធានសមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត បានចូលរួមបើកកិច្ចប្រជុំឆ្លុះបញ្ចាំង ការអនុវត្តតួនាទីរបស់គណៈកម្មការពិគ្រោះយោបល់ស្រ្តី និងកុមារ (គ.ក.ស.ក) នៃក្រុមប្រឹក្សារាជធានី ខេត្តទាំង ២៥ ក្នុងគោលបំណងចែករំលែកបទពិសោធន៍ល្អព្រមទាំងលើកឡើងពីបញ្ហាប្រឈម និងកំណត់សំណើសុំឲ្យមានការដោះស្រាយពីអ្នកពាក់ព័ន្ធ។
បញ្ហាប្រឈមក្នុងការអនុវត្តតួនាទីរបស់ គ.ក.ស.ក គឺខ្វះថវិកាអនុវត្តសកម្មភាពចំបងៗមានជាអាទ៍៖ ការប្រជុំគណៈកម្មការ ការរៀបចំវេទិកា-សិក្ខាសាលាផ្សព្វផ្សាយអំពីការអប់រំ ការថែទាំសុខភាពកុមារ និងស្រ្តី ការចុះគាំទ្រកិច្ចការសេវាសង្គមនៅមូលដ្ឋាន ការធ្វើការជាមួយសហគមន៍ស្រ្តីនិងកុមារក្រីក្រ។ល។ ដូច្នេះ គ.ក.ស.ក ស្នើសុំក្រសួងមហាផ្ទៃជួយបង្កើនថវិកា ដើម្បីឲ្យខ្លួនអនុវត្តតួនាទីបាន ប្រសើរឡើង នឹងឆ្លើយតបផែនការសកម្មភាព និងតម្រូវការរបស់ស្រ្តីនិងកុមារ។
ជាមួយគ្នានោះ ប្រធាន គ.ក.ស.ក បានស្នើសុំឲ្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ទំលាក់ថវិកាឲ្យបានទាន់ពេលវេលា។
ក្នុងកិច្ចប្រជុំនេះដែរ ប្រធាន គ.ក.ស.ក ចំនួន ៤ បានលើកឡើងអំពីវឌ្ឍនភាពក្នុងការអនុវត្តតួនាទីរបស់វគ.ក.ស.ក ផងដែរក្នុងនោះ៖
ទី១៖ លោកជំទាវ ឃួន គឹមនី ប្រធាន គ.ក.ស.ក នៃក្រុមប្រឹក្សារាជធានីភ្នំពេញបានលើកឡើងអំពីការងារទំនាក់ទំនង និងកិច្ចសហការជាមួយអាជ្ញាធរនិងអង្គភាពពាក់ព័ន្ធ ក្នុងការដោះស្រាយបញ្ហាប្រឈមនានា។
*ទី២៖ លោកជំទាវ ប្រាក់ ច័ន្ទថន ប្រធាន គ.ក.ស.ក នៃក្រុមប្រឹក្សាខេត្តក្រចេះ បានចែករំលែកបទពិសោធន៍អំពីការអនុវត្តភារកិច្ចរបស់ គ.ក.ស.ក។
*ទី៣៖ លោកជំទាវ អុីវ តារា ប្រធាន គ.ក.ស.ក នៃក្រុមប្រឹក្សាខេត្តបាត់ដំបង បានលើកឡើងពីការអនុវត្តល្អក្នុងការចុះគាំទ្រកិច្ចការសេវាសង្គមនៅតាមមូលដ្ឋាន។
*ទី៤៖ លោកជំទាវ សុិន ណម ប្រធាន គ.ក.ស.ក នៃក្រុមប្រឹក្សាខេត្តសៀមរាបបានចែករំលែកបទពិសោធន៍អំពីការស្វែងរកការគាំទ្រថវិការបស់ គ.ក.ស.ក ពីអង្គការនានា។
កិច្ចប្រជុំក៏មានការចូលរួមផងដែរពីតំណាងក្រសួងកិច្ចការនារីគឺលោកជំទាវ កឹម ស៊ីផាត់ អគ្គនាយក នៃអគ្គនាយកដ្ឋានសមភាពយេនឌ័រ និងអភិវឌ្ឍសេដ្ឋកិច្ច។ សមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៣ ក្នុងគោលបំណងលើកកម្ពស់ឋានៈ អភិវឌ្ឍសមត្ថភាពដល់ក្រុមប្រឹក្សារាជធានី ខេត្ត និងការពារផលប្រយោជន៍ស្របច្បាប់របស់សមាជិក។
សមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត មានក្រុមប្រឹក្សារាជធានី ខេត្តទាំង២៥ ជាសមាជិក ដែលសមាជិកសមាជិកាក្រុមប្រឹក្សារាជធានី-ខេត្ត ៣៩៣ រូប៕