(សៀមរាប)៖ អភិបាលខេត្តសៀមរាប ឯកឧត្តម ឃឹម ប៊ុនសុង នៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានទទួលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តហឺណាន នៃសាធារណៈរដ្ឋប្រជាមានិតចិន នៅសាលប្រជុំរដ្ឋបាលខេត្តសៀមរាប។
កិច្ចពិភាក្សានេះ ក្នុងគោលបំណងការពង្រឹងពង្រីក នៃកិច្ចទំនាក់ទំនងសហប្រតិបត្តិការគ្នានឹងគ្នា ឲ្យកាន់តែមានភាពរឹងមាំសំខាន់ ឈានទៅរកការចុះអនុស្សរណៈកិច្ចសហប្រតិបត្តិការនឹងគ្នា រវាងខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា និងខេត្តហឺណាន នៃសាធារណៈរដ្ឋប្រជាមានិតចិន។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ឃឹម ប៊ុនសុង បានបញ្ជាក់ថា បើទោះបីមិនមានលក្ខណៈផ្លូវការក៏ដោយ ពោលអភិបាលខេត្តហឺណាន មកកម្សាន្ដសប្បាយនៅខេត្តសៀមរាបនោះ ឯកឧត្តមបានសម្ដែងនូវការស្វាគមន៍ និងថ្លែងអំណរគុណដល់គណៈប្រតិភូដែលបានជ្រើសរើសខេត្តទេសចរណ៍មួយនេះ ជាកន្លែងសម្រាប់កម្សាន្ដ។
បន្ថែមពីនេះ អភិបាលខេត្តសៀមរាប ក៏បានធ្វើការប្ដេជ្ញាចិត្ដ និងសន្យា បន្ដកិច្ចសហប្រតិបត្តិការ ពង្រឹងទំនាក់ទំនងរវាងខេត្តទាំងពីរ សៀមរាប-ហឺណាន ឲ្យកាន់តែល្អបន្ថែមទៀត ពិសេសលើវិស័យទេសចរណ៍នេះតែម្ដង៕