ទំនប់វារីអគ្គិសនីសេសានក្រោម២ នៅស្រុកសេសាន នឹងសម្ពោធ​ជាផ្លូវការនៅពាក់កណ្ដាលខែធ្នូ ឆ្នាំនេះ, រដ្ឋមន្ដ្រី ស៊ុយ សែម ចុះពិនិត្យរៀបចំទីតាំង​សម្ពោធ


(ស្ទឹងត្រែង)៖ ​ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល និងឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ បានដឹកនាំគណៈប្រតិភូ និងក្រុមការងារខេត្តចុះពិនិត្យវឌ្ឍនភាព នៃការរៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ វារីអគ្គិសនីសេសានក្រោម២ ដែលមានអនុភាព៤០០មេហ្គាវ៉ាត់ ស្ថិតនៅក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង។

ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវសមិទ្ធិផលថ្មីដ៏ធំនេះ និងធ្វើឡើងនៅពាក់កណ្តាលខែធ្នូ ឆ្នាំ២០១៨​ខាងមុខនេះ ក្រោមអធិបតីរបស់ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​កម្ពុជា។

សូមជម្រាបថា ទំនប់វារីអគ្គិសនីសេសានក្រោម២ ស្ថិតនៅក្នុងឃុំភ្លុក ស្រុកសេសាន​ ខេត្តស្ទឹងត្រែង ជាទំនប់វារីអគ្គីសនីដែលធំជាងគេមួយនៅក្នុងប្រទេសកម្ពុជា ​បាន​បិទ​ទ្វារ​ទឹកកាលពីថ្ងៃទី​២៥​ ខែ​កញ្ញា​ ឆ្នាំ២០១៧កន្លងទៅ ក្រោមអធិបតីភាព សម្ដេចតេជោ ហ៊ុន សែន។

ទំនប់វារីអគ្គិសនីដ៏ធំមួយនេះ មានតម្លៃ​៧៨១.៥២លានដុល្លារ ដោយមានការ​បណ្តាក់ទុនរួមគ្នារវាង​ក្រុមហ៊ុន Hydrolancang International Energy កាន់កាប់ភាគហ៊ុន ៥១​ភាគរយ, ក្រុមហ៊ុន Royal Group របស់អ្នកឧកញ៉ាគិត ម៉េង មានភាគហ៊ុន ៣៩​​ភាគរយ និងក្រុមហ៊ុន EVN មកពីប្រទេសវៀតណាម​ មានភាគហ៊ុន​១០​​​ភាគរយ៕