ឯកឧត្តម សាយ សំអាល់ បានអនុញ្ញាតឱ្យលោកBruce Dunnនិងលោកស្រី Dang Thuy Trangអ្នកឯកទេសបរិស្ថានចូលជួបពិភាក្សាការងារទាក់ទងនឹងការគ្រប់គ្រងធនធានធម្មជាតិ និងគម្រោងវិនិយោគព្រៃឈើនៅកម្ពុជា


នៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៦ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអនុញ្ញាតឱ្យលោក Bruce Dunn អ្នកឯកទេសបរិស្ថាននៃធនាគារអភិវឌ្ឍន៍អាស៊ីនៅទីក្រុងម៉ានីល និងលោកស្រី Dang Thuy Trang អ្នកឯកទេសបរិស្ថាននៃធនាគារអភិវឌ្ឍន៍អាស៊ីនៅកម្ពុជា និងលោកស្រី Meerim Shakirova អ្នកវិភាគផ្នែកប្រតិបត្តិការសម្រាប់កម្មវិធីវិនិយោគព្រៃឈើនៃធនាគារពិភពលោក ចូលជួបពិភាក្សាការងារទាក់ទងនឹងការគ្រប់គ្រងធនធានធម្មជាតិ និងគម្រោងវិនិយោគព្រៃឈើនៅកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនភ្ញៀវអំពីវឌ្ឍនភាពការងារ ដែលរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងបរិស្ថានសម្រេចបាននាពេលកន្លងមក ក្នុងការធ្វើកំណែទម្រង់ស៊ីជម្រៅលើការគ្រប់គ្រងធនធានធម្មជាតិ ជាអាទិ៍រួមមាន ការបញ្ឈប់ការផ្តល់សម្បទានដីសេដ្ឋកិច្ចថ្មីតាមរយៈការដាក់ចេញនូវបទបញ្ជាលេខ០១ ការត្រួតពិនិត្យ និងវាយតម្លៃគម្រោងវិនិយោគសម្បទានដីសេដ្ឋកិច្ច ការបង្ក្រាបនិងទប់ស្កាត់បទល្មើសកាប់ឈើខុសច្បាប់ និងការផ្ទេរមុខងារអភិរក្ស និងអភិវឌ្ឍន៍រវាងក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ។ ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍ចំពោះគម្រោងវិនិយោគព្រៃឈើនៅកម្ពុជារបស់ ADB និង World Bank ហើយទន្ទឹមនឹងនោះ ឯកឧត្តមក៏បានស្នើឱ្យធនាគារទាំងពីរពិនិត្យលទ្ធភាពផ្តល់ជំនួយបច្ចេកទេស និងហិរញ្ញវត្ថុសម្រាប់ជួយដល់ការចុះបញ្ជីរដីរដ្ឋទាំងអស់នៅកម្ពុជា សំដៅកាត់បន្ថយទំនាស់ដីធ្លី និងបទល្មើសធនធានធម្មជាតិបន្ថែមទៀត។ លើសពីនេះទៅទៀត ឯកឧត្តមរដ្ឋមន្ត្រី បានស្នើសុំឱ្យ ADB និង World Bank បន្តផ្តល់ជំនួយសម្រាប់ការអភិវឌ្ឍផ្នែកកសិកម្មបន្ថែមទៀត ជាពិសេសការលើកកម្ពស់ការកែច្នៃ និងការនាំចេញផលិតផលកសិកម្មទៅទីផ្សារអន្តរជាតិ។

zz2 zz4 zz3 zz1