WB ៖ឆ្នាំ2017-2018 សេដ្ឋកិច្ចកម្ពុជាប៉ាន់ស្មានមានកំណើន6,9%


នៅក្នុងឆ្នាំ២០១៦នេះ កំណើនពិតនៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ត្រូវបានប៉ាន់ស្មានថាឡើងដល់៧,០% ហើយនៅឆ្នាំ២០១៧ និង២០១៨ខាងមុខ ត្រូវបានប៉ាន់ស្មានថា នឹងមានកំណើន៦,៩% ដែលជំរុញដោយការនាំចេញ សំណង់ និងការចំណាយប្រើប្រាស់របស់រាជរដ្ឋាភិបាល ។ នេះបើតាមរបាយការណ៍ចេញផ្សាយដោយធនាគារពិភពលោក ។
នៅក្នុងសេចក្តីសង្ខេបនៃរបាយការណ៍របស់ធនាគារពិភពលោក ក៏បានបញ្ជាក់ផងដែរថា ទោះជាយ៉ាងណាក្តី ហានិភ័យដែលអាចកើតមាន គឺការបោះឆ្នោតក្នុងពេលខាងមុខ, ឥទ្ធិពលអវិជ្ជមានពីកំណើនអត្រាការប្រាក់សហរដ្ឋអាមេរិក និងការថយចុះនៃកំណើនរបស់សេដ្ឋកិច្ចពិភពលោក ។
ធនាគារពិភពលោក ក៏បានបង្ហាញពីទស្សនវិស័យលើកំណើន៦,៩%ក្នុងឆ្នាំ២០១៦ និង២០១៧នេះផងដែរ គឺបណ្ដាលមកពីការបង្កើនចំណាយរបស់រាជរដ្ឋាភិបាល ។ ម្យ៉ាងវិញទៀត ការនាំចេញសម្លៀកបំពាក់នឹងមានកំណើនជាបន្ត ខណៈដែលវិស័យសំណង់ត្រូវបានរំពឹងថា ថយចុះជាបណ្ដើរៗ ប៉ុន្តែវិស័យទេសចរណ៍អាចនៅមានកំណើន ដោយសារមានជើងហោះហើរផ្ទាល់ថ្មីៗ ។
នៅក្នុងទស្សនវិស័យរបស់ស្ថាប័នអន្តរជាតិមួយនេះ ក៏បានបញ្ជាក់ដែរថា កម្ពុជានៅតែអាចកាត់បន្ថយបាននូវភាពក្រីក្រដោយគ្រួសារនៅទីប្រជុំជន ដោយពឹងផ្អែកលើវិស័យសំណង់ កាត់ដេរសម្លៀកបំពាក់ និងសេវាកម្ម ។ ចំណែកឯគ្រួសារនៅទីជនបទ គេឃើញមានកំណើនប្រភពចំណូលពីវិស័យមិនមែនកសិកម្ម ដោយសព្វថ្ងៃនេះ កសិកម្មបង្កើតបានប្រាក់ចំណូលត្រឹមតែ២៥%នៃប្រាក់ចំណូលរបស់ពលរដ្ឋក្រីក្រជាងគេចំនួន៤០%ប៉ុណ្ណោះ ហើយពិពិធកម្មនេះជួយទប់គ្រួសារពីផលប៉ះពាល់នៃការធ្លាក់ចុះនៃថ្លៃស្បៀងអាហារ ។ ទោះជាយ៉ាងណាក្តី ការធ្លាក់ចុះស្បៀងនៅតែប៉ះពាល់ប្រភពកាលពីមុននៃកំណើនប្រាក់ចំណូលរបស់គ្រួសារនៅជនបទ ។ ហេតុនេះល្បឿននៃការកាត់បន្ថយភាពក្រីក្រត្រូវបានរំពឹងថា មានកម្រិតយឺតជាងឆ្នាំមុនៗ ។
តាមរបាយការណ៍ដដែលនេះ មិនមែនមានតែកម្ពុជាក្នុងចំណោមប្រទេសនៅតំបន់អាស៊ីបូព៌ា ដែលត្រូវបានព្យាករណ៍ថា មានកម្រិតយឺតជាងឆ្នាំមុនៗនោះ ប្រទេសជាច្រើនក៏ត្រូវបានព្យាករណ៍ថា នឹងមានកំណើនយឺតជាងឆ្នាំមុនៗផងដែរ ។ របាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចតំបន់អាស៊ីបូព៌៌ា និងអាស៊ីប៉ាស៊ីហ្វិក ដែលទើបចេញផ្សាយកាលពីពេលថ្មីៗនេះរំពឹងថា កំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសចិន នឹងនៅតែបន្តថយចុះបន្តិចម្ដងៗ ពី៦,៧%ក្នុងឆ្នាំនេះ ដល់៦,៥%នៅឆ្នាំ២០១៧ និង៦,៣%នៅឆ្នាំ២០១៨ ។
លោកស្រី វិចតូរៀ ក្វាក្វា អនុប្រធានធនាគារពិភពលោកប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានឱ្យដឹងថា ៖ « ទស្សនវិស័យ សម្រាប់ការអភិវឌ្ឍតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នៅតែមានលក្ខណៈវិជ្ជមានជាមួយនឹងភាពទន់ខ្សោយនៃកំណើនសេដ្ឋកិច្ចរបស់ពិភពលោក និងបរិមាណតម្រូវការពីខាងក្រៅ ដែលត្រូវបានធ្វើតុល្យកម្មដោយការប្រើប្រាស់ទំនិញ និងវិនិយោគទុនក្នុងស្រុករឹងមាំ ។ បញ្ហាប្រឈមរយៈពេលវែង គឺត្រូវទ្រទ្រង់កំណើនសេដ្ឋកិច្ច និងធ្វើឱ្យកំណើននេះកើនលើគ្រប់វិស័យ រួមទាំងតាមរយៈការបង្រួមគម្លាតនៃប្រាក់ចំណូល និងលទ្ធភាពទទួលបានសេវាកម្មសាធារណៈ ជាពិសេស នៅក្នុងប្រទេសចិន ការកែលម្អហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងប្រទេសទាំងអស់ក្នុងតំបន់នេះ ការកាត់បន្ថយបញ្ហាកង្វះអាហារូបត្ថម្ភសម្រាប់កុមារនៅតែបន្តកើតមាន និងប្រើប្រាស់សក្ដានុពលនៃបច្ចេកវិទ្យាដើម្បីជំរុញឱ្យមានការបង្កើនហិរញ្ញវត្ថុ »
គួរបញ្ជាក់ថា តាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារពិភពលោក ក្នុងចំណោមបណ្ដាប្រទេសដែលតូចជាងគេ ការព្យាករលើកំណើនសេដ្ឋកិច្ចក្នុងប្រទេសទាំងនេះ បានថយចុះគួរឱ្យកត់សម្គាល់លើផ្នែកនាំចេញទំនិញ ។ ទោះបីជាប្រទេសនានាក្នុងតំបន់ធ្លាក់ចុះក្ដី ដូចជាប្រទេសម៉ុងហ្គោលី ប៉ាពួញូហ្គីនី ជាដើម តែផ្ទុយទៅវិញ កំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា នឹងនៅតែរឹងមាំ ៕

aaaaaaaaaaaaaaaa aaaaaaaaaaaaaaaaaaaaaaaaaaaaaaaaaaaa