ឯកឧត្តម សាយ សំអាល់ លើកទឹកចិត្តដៃគូអភិវឌ្ឍន៍ក្នុងកិច្ចសហការលើវិស័យថាមពលស្អាតនៅក្នុងប្រទេសកម្ពុជា


នៅទីស្តីការក្រសួងបរិស្ថាន នារសៀលថ្ងៃចន្ទ ១២កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពនិង បានទទួលជួបពិភាក្សាការងារជាមួយអ្នកស្រី Bridget McIntosh នាយកផ្នែកទីផ្សារកើតថ្មី នៃអង្គការ The Energy Laboratory Limited ស្តីពី ការអភិវឌ្ឍន៍នវានុវត្តន៍ថាមពលស្អាតនៅក្នុងប្រទេសកម្ពុជា។ អ្នកស្រី Bridget McIntosh បានរៀបរាប់លទ្ធផលសង្ខេបពីកម្មវីធី សប្តាហ៍ថាមពលស្អាត Clean Energy Week ដែលបានប្រារព្ធឡើងនៅថ្ងៃទី០១ ដល់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយមានការគាំទ្រពីក្រសួងបរិស្ថាន និងក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព។ កម្មវិធីនេះផ្តោតសំខាន់លើប្រធានបទ ថាមពលស្អាត ប្រសិទ្ធភាពថាមពល ថាមពលដែលបានមកពីពន្លឹព្រះអាទិត្យ ថាមពលខ្យល់ ជីវៈឧស្ម័ន ប្រភពថាមពលផ្សេងទៀត ក្នុងវិស័យវិនិយោគទុន ជំនួញ និងហិរញ្ញវត្ថុ ដែលមានអ្នកចូលរួមសរុបចំនួន ១២៥០នាក់ មកពី៥០០គ្រឹះស្ថានឧត្តមសិក្សា និងមកពីភាគីពាក់ព័ន្ធនានា។ នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី សាយ សំអាល់ បានបង្ហាញការគាំទ្រ និងស្វាគមន៍ដល់អង្គការ The Energy Laboratory ដែលបានចូលរួមសហការជាមួយរដ្ឋាភិបាលកម្ពុជាលើផ្នែកថាមពលកកើតឡើងវិញ ដើម្បីចាប់ផ្តើមរក្សាប្រភពថាមពលនិរន្តរភាព។ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនបន្តអនុវត្តកិច្ចការងារដ៏ល្អប្រសើរទាំងនេះ និងបន្តចូលរួមយ៉ាងសកម្ម និងរួមចំណែកក្នុងការអនុវត្តកិច្ចសហការលើវិស័យថាមពលស្អាត ដែលនឹងក្លាយជារបត់ថ្មីសម្រាប់កម្ពុជានាពេលអនាគត៕