ព្រឹកថ្ងៃនេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក២០២៥-២០៣០»


នៅព្រឹកថ្ងៃចន្ទ ៩កើត ខែពិសាខ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញប្រកាសដាក់ឱ្យអនុវត្តជា​ផ្លូវការ «ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក២០២៥-២០៣០»។

ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក (ផ.ជ.ប.ម) គឺជាក្របខ័ណ្ឌយុទ្ធ សាស្ត្រមួយដែលត្រូវបានរៀបចំឡើង ដើម្បីតម្រង់ទិសកិច្ច​ខិតខំប្រឹង​ប្រែងរបស់ប្រទេសមួយក្នុងការអនុវត្តនូវយុទ្ធសាស្ត្រ ដែលផ្អែកលើភស្តុ​តាង​​​វិទ្យាសាស្ត្រក្នុងការបង្ការ ការរកឃើញទាន់ពេល ការធ្វើរោគវិនិច្ឆ័យ ការព្យាបាល និងការថែទាំព្យាបាលសម្រន់ ក្នុងលក្ខណៈជាប្រព័ន្ធ និង​ប្រកបដោយសមធម៌ ដែលជាខ្សែច្រវាក់គ្រប់គ្រងជំងឺមហារីក (Cancer Control Continuum) ដោយប្រើប្រាស់ធនធានដែល​មាន​ស្រាប់ឱ្យមានប្រសិទ្ធភាពបំផុត សម្រាប់រយៈពេលជាក់លាក់មួយចាប់ពី ៥ឆ្នាំ ទៅ ១០ឆ្នាំ ស្របតាមបរិបទសង្គម សេដ្ឋកិច្ច និងប្រព័ន្ធសុខា​ភិ​បាល​របស់ប្រទេស។

ក្រសួងសុខាភិបាល បានគូសរំលេចថា គោលបំណងចម្បង​នៃផែន​ការ​នេះ គឺដើម្បីកាត់បន្ថយ អត្រាកើតជំងឺមហារីក និងអត្រាមរណ​ភាព​ដោយ​សារជំងឺមហារីក ព្រមទាំងធ្វើឱ្យប្រសើរឡើងនូវគុណភាព ជីវិត​របស់អ្នកជំងឺមហារីក តាមរយៈអភិក្រមគ្រប់ជ្រុងជ្រោយ និងមានការ​សម្របសម្រួលគ្នា ដែលចូលរួមចំណែកលើកកម្ពស់សុខភាព និង​សុខុ​មាលភាពជាទូទៅរបស់ប្រជាជន។

ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក បានកំណត់នូវចក្ខុវិស័យ គោល​បំណង គោលដៅ យុទ្ធសាស្ត្រ និងសកម្មភាពយុទ្ធសាស្ត្រ​សម្រាប់​ប្រយុទ្ធនឹងជំងឺមហារីក ដោយមានចំណុចដៅ និងសូចនាករច្បាស់​លាស់​សម្រាប់ការពិនិត្យតាមដាន និងវាយតម្លៃ។

ជំងឺមិនឆ្លងបានសម្លាប់ប្រជាជនកម្ពុជាជិត ៦០,០០០នាក់​ ជារៀង​រាល់​ឆ្នាំ ដែលស្មើនឹង ៦៤ភាគរយ នៃករណីស្លាប់ទាំងអស់ក្នុងឆ្នាំ២០១៨។ ក្នុងនោះជំងឺមហារីកជាមូលហេតុនៃការស្លាប់ប្រមាណ ១៤ភាគរយ ហើយ​តាមការប៉ាន់ប្រមាណនៅកម្ពុជា មានករណីជំងឺមហារីកថ្មីចំនួន ១៩,៧៩៥នាក់ ក្នុងនោះ ១០.៦២៤ករណីជាស្ត្រី។

ជំងឺមហារីកថ្លើមបានដើរតួចម្បងជាងគេ ក្នុងចំណោមជំងឺមហារីកទាំងអស់ ដែលកើតលើប្រជាជនទាំងពីរភេទ បន្ទាប់មកគឺជំងឺមហារីកសួត សុដន់ ពោះវៀនធំ និងមាត់ស្បូន។ ចំពោះស្ត្រី ជំងឺមហារីកដែល​ឈរ​ជួរទី១ គឺមហារីកសុដន់ បន្ទាប់មកគឺមហារីកមាត់ស្បូន ថ្លើម ពោះវៀន​ធំ និងសួត។

ក្នុងបុព្វកថានៃផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក, សម្តេចមហាបវរ​ធិបតី ហ៊ុន ម៉ាណែត បានគូសរំលេចថា រាជរដ្ឋាភិបាលកម្ពុជាតែង​តែ​យក​ចិត្តទុកដាក់ និងបានចាត់ទុកវិស័យសុខាភិបាល និងសុខុមាល​ភាពរបស់ប្រជាពលរដ្ឋកម្ពុជាជាអាទិភាព​មួយ​ក្នុងចំណោមអាទិភាព​ខ្ពស់​បំផុត។

សម្តេចប្រមុខរាជរដ្ឋាភិបាល បានលើកឡើងថា ជំងឺមហារីកគឺជាជំងឺ​មួយ​ក្នុងចំណោមជំងឺមិនឆ្លងចម្បងៗទាំង៤ ដែលត្រូវបានចាត់ទុក​ជា​អាទិភាពដោយក្រសួងសុខាភិបាល បានខិតខំប្រឹងប្រែងដាក់ចេញនូវ​វិធានការ​ជាច្រើនដើម្បីបង្ការ និងគ្រប់គ្រងជំងឺទាំងនេះ។ ទោះជាយ៉ាង​នេះក្តី ជំងឺមហារីកនៅតែជាបញ្ហាប្រឈមចម្បងចំពោះសុខភាព​សា​ធារណៈ ដែលបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់អ្នកជំងឺ ក្រុមគ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូល ដោយជំងឺនេះបានបង្អាក់សកម្ម​ភាព​ប្រចាំថ្ងៃ បន្ថយផលិតភាព និងបណ្តាលឱ្យមានការចំណាយ​ថវិកា​ជាច្រើនសម្រាប់ថែទាំសុខភាព ដែលអាចជះផល អវិជ្ជមានធ្ងន់ធ្ងរដល់​ជីវភាព​ប្រជាជន សេដ្ឋកិច្ច និងការអភិវឌ្ឍជាតិ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគាំទ្រក្រសួងសុខាភិបាល ក្នុងការរៀបចំ «ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ២០២៥-២០​៣០» ក្នុងគោលបំណងកាត់បន្ថយ ករណីជំងឺមហារីកដែលអាច​បង្ការ​បាន និងកាត់បន្ថយអត្រាមរណភាពមុនអាយុរំពឹង​រស់ដោយសារ​ជំងឺ​នេះ ព្រមទាំងបង្កើនអត្រារស់រានមានជីវិតនិងគុណភាពជីវិត សម្រាប់​អ្នកជំងឺ និងក្រុមគ្រួសារ។

សម្តេចប្រមុខរាជរដ្ឋាភិបាល បានលើកឡើងទៀតថា ភាពជោគជ័យ
នៃការអនុវត្តផែនការជាតិប្រយុទ្ធនឹងជំងឺមហារីកនេះ នឹងមិនត្រឹម​តែ​អាច​កាត់បន្ថយជំងឺមហារីក ប្រកបដោយប្រសិទ្ធ​ភាព​ប៉ុណ្ណោះទេ ប៉ុន្តែ​ថែមទាំងចូលរួមចំណែកពន្លឿនវឌ្ឍនភាពវិស័យសុខាភិបាលនៅប្រទេសកម្ពុជា ឆ្ពោះទៅរកការគ្រប់ដណ្តប់សុខភាពជាសកល។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជឿជាក់ថា ផែនការជាតិនេះ​នឹង​ក្លាយ​ជាមូលដ្ឋានយុទ្ធសាស្ត្រសម្រាប់កៀរគរធនធាន និងការប្តេជ្ញា​ចិត្ត​យ៉ាងរឹងមាំពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីធានាឱ្យការអនុវត្ត​ទទួល​បានជោគជ័យ។

សម្តេចប្រមុខរាជរដ្ឋាភិបាល ក៏បានអំពាវនាវឱ្យ​គ្រប់​ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ជាពិសេសក្រសួងសុខាភិបាល ព្រម​ទាំងអង្គការដៃគូអភិវឌ្ឍនានា ផ្នែកឯកជន និងបណ្តាភាគី​ពាក់​ព័ន្ធ​ទាំងអស់ រួមគ្នាជាកម្លាំងតែមួយ ក្នុងការអនុវត្ត «ផែនការជាតិ​ប្រយុទ្ធ​នឹងជំងឺមហារីក ២០២៥-២០៣០» ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវនេះ៕