ភ្នំពេញ: អភិបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាឱ្យចៅហ្វាយខណ្ឌទាំង១២ ត្រូវចុះជួសជុលផ្លូវ ដោយលុបជង្ហុក លុបសំបុកមាន់ អណ្តូងលូ ផ្លូវ នៅក្នុងមូលដ្ឋានរបស់ខ្លួន តាមរយៈថវិកាដែលសាលាក្រុង បានទម្លាក់ឲ្យខណ្ឌតាំងពី២០១៤ រួចចាំធ្វើលិខិតអនុលោមភាព មកសាលារាជធានីភ្នំពេញជាក្រោយ។
ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំពិភាក្សាការងារជាមួយក្រុមជំនាញក្រោមឱវាទ ដើម្បីរកវិធីដោះស្រាយ ការកកស្ទះចរាចរណ៍ ក្នុងរាជធានីភ្នំពេញសព្វថ្ងៃនិងការងារផ្តល់សេវាសាធារណៈជូន ប្រជាពលរដ្ឋ ឱ្យបានលឿន ជាមួយគ្នានេះដែរ ក៏មានការចូលរួម ពីលោកស្នងការក្រុង មន្ត្រីនគរបាលចរាចរណ៍ មន្ត្រីជំនាញពាក់ព័ន្ធ និងចៅហ្វាយខណ្ឌទាំង១២ ផងដែរ។ កិច្ចប្រជុំនេះបានប្រព្រឹត្ដទៅកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ ២០១៦ នៅសាលារាជធានីភ្នំពេញ។
ឯកឧត្តម បន្តទៀតថា “ការងារនេះ ជាការងារវាស់ស្ទង់សមត្ថភាព របស់អាជ្ញាធរខណ្ឌ ហើយបើធ្វើមិនបានទេនោះ អស់លោកដឹងហើយថា ត្រូវធ្វើយ៉ាងម៉េចបន្តទៅទៀត”។ឯកឧត្តម បន្តថា ផ្លូវចាស់ដែលមានសំបុកមាន់ ក្នុងរាជធានីត្រូវបានជួសជុលរួចរាល់ប្រមាណជា ៧៥ ភាគរយ ហើយនៅសេសសល់ប៉ុន្មានទៀត លោកអភិបាលខណ្ឌត្រូវជួសជុលបន្ត ដែលសាលារាជធានីជាផ្តល់ថវិកាឲ្យ។ មកដល់ទល់ពេលនេះ មានតែខណ្ឌដូនពេញមួយប៉ុណ្ណោះដែលបានអនុលោមភាពមកសាលារាជធានី ចំណែកខណ្ឌ១១ផ្សេងទៀតមិនទាន់ធ្វើទេ ដូច្នេះបានន័យថា បណ្ដាខណ្ឌផ្សេងៗមិនទាន់កក្រើកបន្ទាប់ប្រជុំថ្ងៃមុន។ នេះជាលក្ខខណ្ឌចាំបាច់ ជាម៉ែត្រវាស់ ជាជញ្ជីញថ្លឹងសមត្ថភាពលោកអភិបាលខណ្ឌទាំង១២។ លោកអភិបាលខណ្ឌធ្វើបាន លោកធ្វើតទៅទៀត ធ្វើមិនបានត្រូវដឹងថា ជាបញ្ហាដែលយើងត្រូវអារកាត់ហើយ។
ឯកឧត្តម អភិបាលរាជធានី បានលើកឡើងថា “យើងមិនត្រូវទុកឲ្យអណ្តូងលូរាប់ពាន់នេះខូច ដោយអត់មានអ្នកធ្វើ យើងត្រូវទុកឲ្យផ្លូវអត់មានអ្នកជួសជុលអីចឹង យើងបានប្រគល់ការងារនេះតាំងពីឆ្នាំ២០១៤ នៅក្នុងកញ្ចប់ថវិកាមួយដែលសមល្មមដែលអាចធ្វើទៅបាន។ នេះជាការផ្តើមសេចក្តីដែលយើងត្រូវប្តេជ្ញាចិត្តទាំងអស់គ្នា ហើយសូមប្រមូលផ្តុំឲ្យចំតួនាទីរបស់ខ្លួនដែលរាជរដ្ឋាប្រគល់ឲ្យ កុំឆ្វេកឆ្វាច ត្រូវនិយាយឲ្យបានច្បាស់ត្រង់កន្លែងហ្នឹង និងសូមឲ្យប្រាកដប្រជាចំពោះការងាររបស់យើងចាប់ពីពេលនេះទៅ។ នេះមិនមែនថាពីមុនយើងមិនធ្វើនោះទេ ប៉ុន្តែគ្រាន់តែថា ធ្វើមិនចំបញ្ហាដែលប្រជាពលរដ្ឋចង់បាន” ។
ឯកឧត្តម ប៉ា សុជាតិវង្ស បានបញ្ជាក់ថា អាជ្ញាធររាជធានីភ្នំពេញចាប់ពីពេលនេះទៅ នឹងដាក់ការងារឱ្យអាជ្ញាធរខណ្ឌ ជាអ្នកទទួលខុសត្រូវអនុវត្ដន៍ ដូចជាការងារចរាចរណ៍ សំរាមការងារ ជួសជុលផ្លូវថ្នល់មួយចំនួន ការងារលូ ដើម្បីឱ្យចៅហ្វាយខណ្ឌចូលរួមថែរក្សា និងទទួលខុសត្រូវចំពោះ ចំណុចភ្លើងស្តុប ដែលមាននៅក្នុងមូលដ្ឋានរៀងៗខ្លួនផងដែរ ជាពិសេសលោកបានស្នើដល់ចៅហ្វាយ ខណ្ឌទាំងអស់ ត្រូវចូលរួមដោះស្រាយការកកស្ទះចរាចរណ៍ ជារៀងរាល់ថ្ងៃ នៅក្នុងមូលដ្ឋានខ្លួន។
ឯកឧត្តម បន្ដថា ក្រៅពីការងារការកកស្ទះចរាចរណ៍ ចៅហ្វាយខណ្ឌ ត្រូវចុះស្តារអណ្តូងលូឱ្យ បានមុនរដូវភ្លៀងធ្លាក់។ ក្រោយពីទទួលបានការព្រមាន របស់នាយករដ្ឋមន្ត្រី កាលពីពេលថ្មីៗនេះ រឿងផ្លូវថ្នល់ រឿងលូ និងសំរាម៕
អាជ្ញាធររាជធានី ទម្លាក់ផែនការ ឱ្យអាជ្ញាធរខណ្ឌទាំង ១២ ជួសជុលផ្លូវ លុបជង្ហុក សំបុកមាន់ អណ្តូងលូ
