អាជ្ញាធររាជធានី ទម្លាក់ផែនការ ឱ្យអាជ្ញាធរខណ្ឌទាំង ១២ ជួសជុលផ្លូវ លុបជង្ហុក សំបុកមាន់ អណ្តូងលូ


ភ្នំពេញ: អភិបាល​រាជធានី​ភ្នំពេញ បានដាក់​បទបញ្ជា​ឱ្យ​ចៅហ្វាយខណ្ឌ​ទាំង​១២ ត្រូវ​ចុះ​ជួសជុល​ផ្លូវ ដោយ​លុប​ជង្ហុក លុប​សំបុកមាន់ អណ្តូង​លូ ផ្លូវ នៅក្នុង​មូលដ្ឋាន​របស់ខ្លួន តាមរយៈ​ថវិកា​ដែល​សាលាក្រុង បាន​ទម្លាក់​ឲ្យ​ខណ្ឌ​តាំងពី​២០១៤ រួច​ចាំ​ធ្វើលិខិត​អនុលោមភាព មក​សាលា​រាជធានី​ភ្នំពេញ​ជា​ក្រោយ​។
ឯកឧត្តម  ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ បាន​បើក​កិច្ចប្រជុំ​ពិភាក្សា​ការងារ​ជាមួយ​ក្រុម​ជំនាញ​ក្រោម​ឱវាទ ដើម្បី​រក​វិធី​ដោះស្រាយ ការកកស្ទះ​ចរាចរណ៍ ក្នុង​រាជធានី​ភ្នំពេញ​សព្វថ្ងៃ​និង​ការងារ​ផ្តល់​សេវាសាធារណៈ​ជូន​ ប្រជាពលរដ្ឋ ឱ្យបាន​លឿន ជាមួយគ្នានេះដែរ ក៏មាន​ការចូលរួម ពី​លោកស្នងការ​ក្រុង មន្ត្រីនគរបាល​ចរាច​រណ៍ មន្ត្រី​ជំនាញ​ពាក់ព័ន្ធ និង​ចៅហ្វាយខណ្ឌ​ទាំង​១២ ផងដែរ​។ កិច្ចប្រជុំ​នេះ​បាន​ប្រ​ព្រឹ​ត្ដទៅ​កាលពី​ថ្ងៃទី​២១ ខែមេសា ឆ្នាំ ២០១៦ នៅ​សាលា​រាជធានី​ភ្នំពេញ​។​
ឯកឧត្តម ​បន្តទៀតថា “​ការងារ​នេះ ជាការ​ងារ​វាស់​ស្ទង់​សមត្ថភាព របស់​អាជ្ញាធរ​ខណ្ឌ ហើយ​បើ​ធ្វើ​មិនបាន​ទេនោះ អស់លោក​ដឹង​ហើយ​ថា ត្រូវធ្វើ​យ៉ាងម៉េច​បន្តទៅទៀត​”​។ឯកឧត្តម ​បន្តថា ផ្លូវ​ចាស់​ដែលមាន​សំបុកមាន់ ក្នុង​រាជធានី​ត្រូវបាន​ជួសជុល​រួចរាល់​ប្រមាណ​ជា ៧៥ ភាគរយ ហើយ​នៅ​សេសសល់​ប៉ុន្មាន​ទៀត លោក​អភិបាលខណ្ឌ​ត្រូវ​ជួសជុល​បន្ត ដែល​សាលា​រាជធានី​ជា​ផ្តល់​ថវិកា​ឲ្យ​។ មកដល់​ទល់​ពេលនេះ មានតែ​ខណ្ឌដូនពេញ​មួយ​ប៉ុណ្ណោះ​ដែល​បាន​អនុលោមភាព​មក​សាលា​រាជធានី ចំណែក​ខណ្ឌ​១១​ផ្សេងទៀត​មិនទាន់​ធ្វើ​ទេ ដូច្នេះ​បានន័យថា បណ្ដា​ខណ្ឌ​ផ្សេងៗ​មិនទាន់​កក្រើក​បន្ទាប់​ប្រជុំ​ថ្ងៃមុន​។ នេះ​ជា​លក្ខខណ្ឌ​ចាំបាច់ ជា​ម៉ែត្រ​វាស់ ជា​ជ​ញ្ជី​ញ​ថ្លឹង​សមត្ថភាព​លោក​អភិបាលខណ្ឌ​ទាំង​១២​។ លោក​អភិបាលខណ្ឌ​ធ្វើបាន លោក​ធ្វើ​តទៅទៀត ធ្វើ​មិនបាន​ត្រូវ​ដឹងថា ជា​បញ្ហា​ដែល​យើង​ត្រូវ​អារកាត់​ហើយ​។
ឯកឧត្តម ​អភិបាល​រាជធានី បាន​លើកឡើងថា “​យើង​មិនត្រូវ​ទុក​ឲ្យ​អណ្តូង​លូ​រាប់ពាន់​នេះ​ខូច ដោយ​អត់​មាន​អ្នកធ្វើ យើង​ត្រូវ​ទុក​ឲ្យ​ផ្លូវ​អត់​មាន​អ្នក​ជួសជុល​អីចឹង យើង​បានប្រគល់​ការងារ​នេះ​តាំងពី​ឆ្នាំ​២០១៤ នៅក្នុង​កញ្ចប់​ថវិកា​មួយ​ដែល​សមល្មម​ដែល​អាចធ្វើ​ទៅបាន​។ នេះ​ជាការ​ផ្តើមសេចក្តី​ដែល​យើង​ត្រូវ​ប្តេជ្ញាចិត្ត​ទាំងអស់គ្នា ហើយ​សូម​ប្រមូលផ្តុំ​ឲ្យ​ចំ​តួនាទី​របស់ខ្លួន​ដែល​រាជ​រដ្ឋា​ប្រគល់​ឲ្យ កុំ​ឆ្វេ​ក​ឆ្វាច ត្រូវ​និយាយ​ឲ្យ​បាន​ច្បាស់​ត្រង់​កន្លែង​ហ្នឹង និង​សូម​ឲ្យ​ប្រាកដប្រជា​ចំពោះ​ការងារ​របស់​យើង​ចាប់ពីពេលនេះ​ទៅ​។ នេះ​មិនមែន​ថា​ពីមុន​យើង​មិន​ធ្វើ​នោះទេ ប៉ុន្តែ​គ្រាន់តែ​ថា ធ្វើ​មិន​ចំ​បញ្ហា​ដែល​ប្រជាពលរដ្ឋ​ចង់បាន​” ។​
ឯកឧត្តម ប៉ា សុជាតិ​វង្ស បាន​បញ្ជាក់ថា អាជ្ញាធរ​រាជធានី​ភ្នំពេញ​ចាប់ពីពេលនេះ​ទៅ នឹងដាក់​ការងារ​ឱ្យ​អាជ្ញាធរ​ខណ្ឌ ជា​អ្នកទទួលខុសត្រូវ​អនុវត្ដ​ន៍ ដូចជា​ការងារ​ចរាចរណ៍ សំរាម​ការងារ ជួសជុល​ផ្លូវថ្នល់​មួយចំនួន ការងារ​លូ ដើម្បីឱ្យ​ចៅហ្វាយខណ្ឌ​ចូលរួម​ថែរក្សា និង​ទទួលខុសត្រូវ​ចំពោះ ចំណុច​ភ្លើងស្តុប ដែលមាន​នៅក្នុង​មូលដ្ឋាន​រៀងៗ​ខ្លួន​ផងដែរ ជាពិសេស​លោក​បានស្នើ​ដល់​ចៅហ្វាយ ខណ្ឌ​ទាំងអស់ ត្រូវ​ចូលរួម​ដោះស្រាយ​ការកកស្ទះ​ចរាចរណ៍ ជា​រៀងរាល់ថ្ងៃ នៅក្នុង​មូលដ្ឋាន​ខ្លួន​។​
ឯកឧត្តម បន្ដថា ក្រៅពី​ការងារ​ការកកស្ទះ​ចរាចរណ៍ ចៅហ្វាយខណ្ឌ ត្រូវ​ចុះ​ស្តារអណ្តូង​លូ​ឱ្យ បាន​មុន​រដូវភ្លៀង​ធ្លាក់​។ ក្រោយពី​ទទួលបាន​ការព្រមាន របស់​នាយករដ្ឋមន្ត្រី កាលពីពេល​ថ្មីៗ​នេះ រឿង​ផ្លូវថ្នល់ រឿង​លូ និង​សំរាម​៕
Pa Socheatvong 22-4-2016 (2)                                       Pa Socheatvong 22-4-2016 (3)
Pa Socheatvong 22-4-2016 (4)