ឯកឧត្តម អ៊ាង សុផល្លែត និង ឯកឧត្តម សុខ គាង បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងបរិស្ថានកម្ពុជា ទស្សនកិច្ចក្រុមហ៊ុនកែច្ឆៃសំរាម GruntEco


នៅថ្ងៃចន្ទ ៤រោច ខែកត្ដិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទ២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្តម អ់ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន អមដំណើដោយ ឯកឧត្តម សុខ គាង អនុរដ្ឋលេខាធិការ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងបរិស្ថានកម្ពុជា ទស្សនកិច្ចក្រុមហ៊ុនកែច្ឆៃសំរាម GruntEco ដែលមានចំងាយ៥០គីឡូម៉ែត្រផ្នែកអាគ្នេយ៍នៃទីក្រុងម៉ូស្គូ។
ក្រុមហ៊ុន GruntEco ជាក្រុមហ៊ុនទើបតែបង្កើតឡើងនៅឆ្នាំ២០១៦ ដែលកំពុងដំណើការកែច្នៃសំរាមធ្វើជាជីកំប៉ុស្តិ៍ ក្នុងចំនួនពី១០ម៉ឺន ទៅ២០ម៉ឺនតោនក្នុងមួយឆ្នាំ។ ក្រុមហ៊ុននេះ ដំណើការផលិតជីកំប៉ុស្តិ៍ តាមបច្ចេកទេសស្អាត មិនប៉ះពាល់បរិស្ថានដី ទឹក និងខ្យល់ ដោយបានប្រមូលទិញសំណល់រឹង រាវដូចជាសំណល់កសិកម្ម (Plant agricultural waste) សំណល់រាវ (Sludge wastewater) សំណល់អាហារ (Food waste) បំណែករុក្ខជាតិ (Plant waste forestry park) និងសំណល់រឹងទីប្រជុំជន (Bioorganic part solid municipal waste)សម្រាប់កែច្នៃ (Decompose) ជាជីកំប៉ុស្តិ៍ ក្នុងតម្លៃពី១០ទៅ១៥ដុល្លាក្នុងមួយម៉ែត្រគីប។ រោងចក្រនេះធ្វើជីកំប៉ុស្តិ៍ ដោយមិនមានក្លិនស្អុយ ដោយមានការរៀបចំជាអាងស្តុក ញែកសំរាមពីគ្នា និងគ្របសំរាមដោយស្រទាប់កាត់ក្លិន និងបំពាក់ប្រព័ន្ធសំអាតខ្យល់ផងដែរ (iCompost System)។
ឯកឧត្តម អ៊ាង សុផល្លែត បានវាយតម្លៃខ្ពស់ចំពោះយន្តការផលិតជីកំប៉ុស្តិ៍តាមបច្ចេកទេសស្អាត ដែលជួយដល់បរិស្ថាន ដោយបានកែឆ្នៃសំណល់ ជាសម្ភារៈប្រើប្រាស់ មានប្រយោជន៍សម្រាប់ប្រទេសរុស្សី ដែលមានឧស្សហកម្មកំពុងលូតលាស់យ៉ាងឆាប់រហ័សមួយក្នុងពិភពលោក។ ឯកឧត្តម បានលើកឡើងថា ការផលិតផលជីកំប៉ុស្តិ៍ មានប្រយោជន៍សម្រាប់កសិកម្មសរីរាង្គ និងបានជួយកែឆ្នៃសម្រាប់ការលំអរទីក្រុងថែមទៀត។ បន្ទាប់មក ប្រតិភូកម្ពុជាបានចុះពិនិត្យទីតាំង និងការប្រើប្រាសបច្ចេកទេសការពារបរិស្ថានផងដែរ។
សូមបញ្ជាក់ថា ប្រតិភូក្រសួងបរិស្ថានកម្ពុជា ដឹកនាំដោយឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញដល់ទីក្រុងម៉ូស្គូ សហព័ន្ធរុស្សី ដើម្បីចូលរួមប្រជុំលើកទី១ រវាងក្រុមការងារកម្ពុជា-រុស្សី ចាប់ពីថ្ងៃទី២៦ រហូតដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ដើម្បីពិនិត្យលើកិច្ចសហប្រតិបត្តិការក្នុងវិស័យគាំពារបរិស្ថាន នៅទីក្រុងម៉ូស្គូ សហព័ន្ធរុស្សី៕