ឯកឧត្តមទេសរដ្ឋមន្រ្តីអញ្ជើញបិទសិក្ខាសាលាស្តីពី ការពិនិត្យកែលម្អលើការរៀបចំផែនការយុទ្ធសាស្រ្តថវិកា និងរបៀបនៃការ រៀបចំរបាយការណ៍ប្រចាំត្រីមាស ឆមាស ប្រចាំឆ្នាំ ជូនអង្គភាពក្រោមឳវាទក្រសួងធម្មការ និងសាសនា នៅខេត្តកំពត


ព្រឹកថ្ងៃថ្ងៃព្រហស្បតិ៍ ៧រោច ខែកត្ដិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០១៨ កឧត្តម ហ៊ឹម ឆែម ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង ធម្មការ និងសាសនា បានអញ្ជើញជាអធិបតីក្នងកម្មវិធីបិទសិក្ខាសាលាស្តីពីការ
ពិនិត្យកែលម្អ លើការរៀបចំផែនការយុទ្ធសាស្ត្រថវិកា និងរបៀបនៃការរៀបចំរបាយការណ៍ប្រចាំត្រីមាស ឆមាស ប្រចាំឆ្នាំជូនអង្គភាពក្រោមឱវាទក្រសួងធម្មការ និងសាសនារយៈពេល២ថ្ងៃ នៅសណ្ឋាគារកំពតឌីយ៉ាម៉ង ខេត្តកំពត។
ក្នុងនាមក្រសួងធម្មការ និងសាសនា ឯកឧត្តមទេសរដ្ឋមន្ត្រីសូមចូលរួមអបអរសាទរ និងសូមសម្តែងនូវការកោតសរសើរដោយស្មោះចំពោះដល់ក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ក្រសួងធម្មការនិងសាសនា និងក្រុមការងារ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងសមាជិក សមាជិកា នៃអង្គសិក្ខាសាលា ដែលបានខិតខំប្រឹង ប្រែងអស់ពីកម្លាំង កាយចិត្ត ក្នុងការចូលរួមធ្វើបទឧទ្ទេសនាមនូវប្រធានបទទាំងឡាយដ៏មានសារៈសំខាន់ និងមិនអាចខ្វះ បាននេះ ក៏ដូចជាការចូលរួមពិភាក្សាប្រកបដោយសុភវិនិច្ឆ័យរបស់សមាជិក សមាជិកា ដែលបានធ្វើការពិនិត្យ វាយតម្លៃ និងផ្តល់យោបល់នូវគន្លិះសំខាន់ៗទាក់ទងការកែលម្អ និងពង្រឹងថែមទៀតនូវការធ្វើផែនការ យុទ្ធសាស្ត្រថវិកា នីតិវិធីអនុវត្តថវិកាកម្មវិធី និងរបៀបនៃការរៀបចំ របាយការណ៍ប្រចាំត្រីមាស ឆមាស ប្រចាំឆ្នាំ តែស្របនឹងគោលនយោបាយយុទ្ធសាស្រ្ត និងផែនការសកម្មភាព ដើម្បីធានាសង្គតិភាពទៅនឹង គោលនយោបាយយុទ្ធសាស្រ្ត និងផែនការសកម្មភាពរបស់រាជរដ្ឋាភិបាល ក៏ដូចជាធានាបាននូវភាព ត្រឹមត្រូវច្បាស់លាស់ និងប្រសិទ្ធភាពនៃការអនុវត្តការងារ ។
ទន្ទឹមនឹងនេះឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានមានប្រសាសន៍ថា បានសម្តែងនូវការគាំទ្រសិក្ខាសាលាដ៏មានសារៈសំខាន់នេះ និងជម្រុញ ក្នុងការអនុវត្តថវិកាកម្មវិធី ទទួលអនុវត្តថវិកាកម្មវិធី គឺជៀសមិនផុតពីការជួបប្រទះនូវបញ្ហាប្រឈម ការលំបាក និង ភាពស្មុគស្មាញ ផ្សេងៗឡើយ ជាពិសេសក្នុងកាលៈទេសៈ ដែលយើងទាំងអស់គ្នាត្រូវអនុវត្តតាមប្រព័ន្ធថវិកាថ្មី និងដំណើរ ការប្រតិបត្តិការការងារថ្មី ។ ទន្ទឹមនឹងនេះ យើងក៏ទទួលស្គាល់ផងដែរថា យើងបានបោះជំហានឆ្លងកាត់ ការប្រឈមដ៏ស្រួចស្រាល់ជាច្រើន នាពេលកន្លងមក ។ ដោយឡែក ចំពោះផ្លូវដែលត្រូវបន្តដំណើទៅមុខ គឺជៀសមិនផុតពីត្រូវពុះពារជំនះបញ្ហាប្រឈម និងឧបសគ្គថ្មីៗជាច្រើនទៀតនៅដំណាក់កាលបន្តបន្ទាប់។
ពិតណាស់ថា ការអនុវត្តថវិកាកម្មវិធី ជាកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុរបស់រាជរដ្ឋាភិបាល អាចសម្រេចជោគជ័យ បានគឺត្រូវពឹងផ្អែកលើមូលដ្ឋាននៃឆន្ទៈការងារ ភាពជាម្ចាស់ការ ភាពជាអ្នកដឹកនាំ មានស្មារតីទទួលខុសត្រូវ និងការចូលរួមអនុវត្តប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពពីគ្រប់តួអង្គ ពាក់ព័ន្ធ ទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ ដើម្បីបុព្វហេតុរួមគឺស្ថាបនាប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈ មួយឆ្ពោះទៅកាន់ឧត្តមានុវត្តន៍ និងស្តង់ដារអន្តរជាតិ ។ ក្នុងនាមក្រសួងធម្មការនិងសាសនានិងលើកទឹកចិត្តសមាជិក សមាជិកាទាំងអស់ នៃអង្គសិក្ខាសាលា ចូលរួមលើកកម្ពស់ការយល់ដឹង ការស្វែងយល់ និងការដកបទ ពិសោធន៍រួមគ្នា ដើម្បីឲ្យការអនុវត្តន៍ផែនការសកម្មភាពដំណាក់កាលទី ៣ និងដំណាក់កាលបន្តបន្ទាប់ទទួលបានលទ្ធផលល្អប្រសើរតាមការរំពឹងទុក ។
ឯកឧត្តមទេសរដ្ឋមន្រ្តីបានជម្រុញឲ្យមានការរៀបចំអង្គសិក្ខាសាលាបែបនេះជាបន្តបន្ទាប់ទៀត ដើម្បីធានាថា ការអនុវត្តថវិកាកម្មវិធី ដែលជារបស់ យើងទាំងអស់គ្នា សម្រេចបាននូវវឌ្ឍនភាព ប្រកបដោយស្ថេរភាព និងចីរភាព ដើម្បីជាឧត្តមប្រយោជន៍ ដល់ការធានាបាននូវប្រសិទ្ធភាព ប្រសិទ្ធផល និងស័ក្តិសិទ្ធភាពនៃការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈ ។