ដោយមានការជួយឧបត្ថម្ភជាថវិកានិងគាំទ្រផ្នែកបច្ចេកទេសពីសំណាក់ដៃគូអភិវឌ្ឍន៍ ក្រោមការសម្របសម្រួលរបស់អង្គការ UNDP ប្រចាំកម្ពុជា គម្រោងនេះបានផ្តោតជាចម្បងលើគោលដៅចំនួនបីគឺ ១.ការធ្វើទំនើបកម្មក្រសួងបរិស្ថាន ២.ការបង្កើតក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និង៣.ការរៀបចំក្រមបរិស្ថាន ដើម្បីរួមចំណែកដល់ការពង្រឹងប្រសិទ្ធភាពការងារក្នុងកិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិ ការអភិរក្សជីវចម្រុះ និងការរស់នៅដោយចីរភាពរបស់ប្រជាជនកម្ពុជាគ្រប់ៗរូបនិងគ្រប់ៗជំនាន់។ ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថា ក្រសួងបរិស្ថានបានកំណត់បំណងយុទ្ធសាស្រ្ត ចក្ខុវិស័យ និងបេសកកម្មរបស់ខ្លួនយ៉ាងជាក់លាក់នៅ ក្នុងអាណត្តិរាជរដ្ឋាភិបាលនីតិកាលទី៥នៃរដ្ឋសភានេះ ដោយអនុលោមតាមកម្មវិធីនយោបាយគណបក្សប្រជាជនកម្ពុជា ស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ និងមតិណែនាំរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ក្នុងសម័យប្រជុំពេញអង្គលើកទី១របស់គណៈរដ្ឋមន្រ្តី។ ឯកឧត្តមរដ្ឋមន្រ្តីបានស្នើឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់បន្តចូលរួមសហការ ដើម្បីភាពប្រសើរឡើងនៃអភិបាលកិច្ចបរិស្ថាន ដោយត្រូវខិតខំអនុវត្តឲ្យបានជោគជ័យ ស្របតាមតួនាទីភារកិច្ចរបស់ខ្លួន។ ឯកឧត្តមរដ្ឋមន្ត្រីបានសម្ដែងនូវការកោតសរសើរចំពោះគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានរួមចំណែកដល់កិច្ចគាំពារជីវភាពមន្រ្តីរាជការ ការកែសម្រួលមុខងាររចនាសម្ព័ន្ធគ្រប់គ្រង ការពង្រឹងសមត្ថភាពជំនាញដល់មន្រ្តីរាជការ ការពង្រឹងរបៀបរបបការងាររដ្ឋបាលនិងហិរញ្ញវត្ថុ ការផ្ទេរកញ្ចប់ថវិកាតាមកម្មវិធីទៅឱ្យអង្គភាពថវិកា ការផ្ទេរមុខងារនិងធ្វើប្រតិភូកម្មទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ការរៀបចំបង្កើតអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងការរៀបចំក្រមបរិស្ថាន។