លទ្ធផលសំខាន់ៗរបស់សម្តេចតេជោនាយករដ្ឋមន្រ្តីនៅទីក្រុងបាងកក


ភ្នំពេញ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦–កាលពីល្ងាចថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ មាតុភូមិនិវត្តន៍មកដល់មាតុភូមិវិញ ហើយ បន្ទាប់ពីបានអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូល ស្តីពី កិច្ចសន្ទនា កិច្ចសហប្រតិបត្តិការអាស៊ីលើកទី២ នៅទីក្រុងបាងកកប្រទេសថៃ។
ឯកឧត្តមបណ្ឌិត កៅ គឹមហួន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីថ្លែងឱ្យដឹង នៅក្នុងសន្និសីទសារព័ត៌មាន នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញនាល្ងាចថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ថា នៅក្នុងការស្នាក់នៅ ទីក្រុងបាងកក នៅរសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៦ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តមឧត្តមសេនីយ៍ ប្រាយុទ្ធ ច័ន្ទអូចា នាយករដ្ឋមន្ត្រីថៃ ដោយបានផ្ដោតការសន្ទនាលើបញ្ហាសហ ប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ ពិសេសគឺការតភ្ជាប់ រវាងប្រទេសទាំងពីរទាំង ផ្លូវគោក ផ្លូវទឹក និង ផ្លូវអាកាស , រវាងប្រជាពលរដ្ឋ និង ប្រជាពលរដ្ឋ ,ស្ថាប័ននិងស្ថាប័ន និង រាជរដ្ឋាភិបាល។
ឯកឧត្តមបណ្ឌិតបានបន្តថា សម្តេចតេជោបានលើកឡើងពីការតភ្ជាប់ផ្លូវដែករវាង ប្រទេសទាំងពីរ ឱ្យបាននូវដំណាច់ឆ្នាំ២០១៦ ហើយសម្តេចតេជោសង្ឃឹមថានឹងមានការធ្វើ ដំណើររួមគ្នារវាង នាយករដ្ឋមន្រ្តីនៅលើផ្លូវដែកនេះ។
ឯកឧត្តមឧត្តមសេនីយ៍ បានឯកភាព ទទួលយកសំណើនេះដើម្បីឆ្លុះបញ្ចាំងពីចំណងមិត្តភាពរវាង ប្រទេសទាំងពីរ។
សម្តេចតេជោក៏ បានស្នើឱ្យគណៈកម្មាធិការព្រំដែននៃប្រទេសទាំងពីរបន្តជួបចរចាគ្នាឡើងវិញ ព្រោះក្នុង រយៈពេល២ឆ្នាំនេះ គណៈកម្មាធិការនេះមិនបានជួបចរចាជាមួយគ្នានោះទេ។
មេដឹកនាំទាំង ពីរបានប្តេជ្ញាថានឹងខិតខំបើកច្រកព្រំដែនអន្តរជាតិថ្មី នៃប្រទេសទាំងពីរ ឱ្យបានចេញជា រូបរាង ពិតប្រាកដដោយមិនរង់ចាំការបោះបង្គោលព្រំដែនឬធ្វើឱ្យប៉ះពាល់ដល់ខ្សែបន្ទាត់ព្រំដែន ហើយការបិទ ឬបើក ច្រកព្រំដែនមិនត្រូវធ្វើឡើងដោយឯកតោភាគី ពោលគឺការធ្វើអ្វីមួយ ត្រូវរាយការណ៍ ជូនប្រមុខ រាជរដ្ឋាភិបាល នៃប្រទេសទាំងពីរជាមុន។
ជាមួយគ្នានេះមេដឹកនាំ នៃប្រទេសទាំងពីរ ក៏បានឯកភាពឱ្យគណៈកម្មការព្រំដែន នៃប្រទេសទាំងពីរ កម្ពុជា-ថៃ បន្តការពិភាក្សាជាបន្តទៅទៀតបន្ទាប់ពីការអាក់ខានជួប ពិភាក្សាគ្នាជាង២ឆ្នាំមកនោះ។
មេដឹកនាំទាំងពីរក៏បានសម្តែងនូវការរីករាយចំពោះការតភ្ជាប់ផ្លូវរថភ្លើងនៃប្រទេស ទាំងពីរដែលគ្រោងនឹង ប្រារព្ធពិធីសម្ពោធនៅដំណាច់ឆ្នាំ២០១៦នេះ។
ជាមួយគ្នានេះមេដឹកនាំនៃប្រទេសទាំងពីរក៏បានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុក ដាក់ទៅលើបញ្ហាកម្លាំង ពលករកម្ពុជាចំនួនជាង ២ សែន ៤ម៉ឺននាក់ ដែលកំពុងបំពេញការងារ ទាំងស្របច្បាប់ និងមិនស្រប ច្បាប់ នៅប្រទេសថៃ ដែលក្នុងនោះភាគីកម្ពុជាស្នើឱ្យភាគី ថៃសហការជាមួយកម្ពុជា ក្នុងការផ្តល់ លិខិតឆ្លងដែន ដល់ពលករទាំងអស់នោះដើម្បីឱ្យពួកគេ ធ្វើការដោយស្របច្បាប់ក្នុងប្រទេសថៃ។
ប្រមុខដឹកនាំទាំងពីរបានចាត់ទុកថា ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានជាប់ ចំណាត់ថ្នាក់ទី១ បើប្រៀបធៀប ទៅនឹងបណ្តាប្រទេសក្នុងតំបន់។
ប៉ុន្តែទោះបីជាយ៉ាងណាក៏ ដោយមេដឹកនាំទាំងពីរចាត់ទុកថាប្រទេសទាំងពីរ នៅមានសក្តានុពល ជាច្រើនទៀត ដែលគួរតែជំរុញកំណើននៃទំហំពាណិជ្ជកម្ម ឱ្យកើនដល់ ១៥ពាន់លានដុល្លារនៅ
ពេលដ៏ខ្លីខាងមុខ។
នៅក្នុងជំនួបនោះមេដឹកនាំ នៃប្រទេសទាំងពីរ ក៏បានពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ ទៅលើតំបន់ត្រួត ស៊ីគ្នា ក្នុងដែនសមុទ្រនិងការកសាងនូវថាមពលវារី អគ្គិសនីនៅស្ទឹងមេទឹក ក្នុងខេត្តកោះកុង ដែលជាគម្រោង ដ៏មានអត្ថប្រយោជន៍របស់ ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។
មេដឹកនាំនៃប្រទេសទាំងពីរក៏បានសម្តែងនូវការ រីករាយចំពោះទំហំ ពាណិជ្ជកម្ម និងវិនិយោគ នៃប្រទេស ទាំងពីរកម្ពុជាថៃដែលតួលេខបានបង្ហាញថាកាលពីឆ្នាំ២០១៤ សរុបចំនួន ៤.៦១៤ លានដុល្លារអាម៉េរិក ការនាំចូលពីប្រទេស ថៃមកកាន់ប្រទេសកម្ពុជាមានទំហំ ៤.០២៥លានដុល្លារ ការនាំចេញពីកម្ពុជា ទៅកាន់ប្រទេសថៃមានទំហំ ៥៨៩ លានដុល្លារអាម៉េរិក។
ឆ្នាំ២០១៥ ទំហំពាណិជ្ជកម្មកម្ពុជារវាងប្រទេសទាំង ពីរមានចំនួន ៥.៣២៨ លានដុល្លារ ការនាំចូលពី ប្រទេសថៃមកកាន់ប្រទេសកម្ពុជាមានទំហំ ៤.៦៨៩ លានដុល្លារ ឯការនាំចេញពីកម្ពុជាទៅកាន់ ប្រទេសថៃមានទំហំ៦៣៩លានដុល្លារ។

samdec-hun-sen-11-10-2016-2

samdec-hun-sen-11-10-2016-4

samdec-hun-sen-11-10-2016-5