ប្រទេសចិនសម្រេចលុបបំណុលឆ្នាំ២០១៥ ប្រមាណ៦០០លានយ័នចេញពីកម្ពុជា ជាកាដូនៃទស្សនកិច្ចរបស់លោក ស៊ី ជិនពីង លើកនេះ


cut-loan-14-10-16-2
(ភ្នំពេញ)៖ រដ្ឋាភិបាលចិន បានសម្រេចលុបបំណុលប្រមាណ៦០០លានយ័ន ដែលកម្ពុជាបានខ្ចីដើម្បីអភិវឌ្ឍប្រទេសកាលពីឆ្នាំ២០១៥ ហើយចិនក៏បានបន្ថែមប្រាក់ជំនួយ ១០០លានយ័នថែមទៀត ដើម្បីជួយប្រទេសលើវិស័យយោធា សម្រាប់ជាកាដូនៃទស្សនកិច្ចរបស់លោក ស៊ី ជិនពីង មកប្រទេសកម្ពុជារយៈពេល២ថ្ងៃនេះ។
នេះបើតាមការបញ្ជាក់ពី លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់កិច្ចពិភាក្សារវាងសម្តេចតេជោ និង លោក ស៊ី ជិនពីង នៅវិមានសន្តិភាព នាល្ងាចថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦នេះ។
លោក អ៊ាង សុផល្លែត បានថ្លែងថា «ឯកឧត្តម ស៊ី ជិនពីង បានជម្រាបជូនសម្តេចតេជោ នាយករដ្ឋមន្រ្តីថា ភាគីចិននឹងលុបចោលបំណុល ឆ្នាំ២០១៥ចំនួន៦០០លានយ័ន និងបន្ថែមជំនួយឥតសំណងសម្រាប់វិស័យយោធាចំនួន១០០លានយ័ន»។
លោក អ៊ាង សុផល្លែត បានបន្ថែមថា លោកប្រធានាធិបតី ស៊ី ជិនពីង បានបានអះអាងដែរថា នឹងបង្កើនអាហារូបករណ៍៥០០កន្លែង និង១០០កន្លែងទៀត សម្រាប់យុវជន ហើយជំរុញបង្កើនការហោះហើរផ្ទាល់ មកកម្ពុជាដើម្បីធ្វើយ៉ាងណា ឱ្យភ្ញៀវទេសចរបានកើនឡើងពី៧០ម៉ឺននាក់ ទៅ២លាននាក់ និងជួយជួសជុលប្រាង្គប្រាសាទនៅកម្ពុជាយើង និងជួយជួសជុលប្រាសាទព្រះវិហារ។
លោកបានបន្ថែមទៀតថា នៅក្នុងជំនួបនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើសុំផ្តួចផ្តើមឱ្យមានការជំរុញបន្ថែមទៀត លើកិច្ចសហប្រតិបត្តិការនយោបាយ ការពារជាតិ ហិរញ្ញវត្ថុ សេដ្ឋកិច្ច វិនិយោគ ធនធានមនុស្ស ។ សម្តេចតេជោ បានអរគុណេដល់ភាគីដែលបានបង្កើនការទិញអង្ករពីកម្ពុជាប្រមាណពី១០ម៉ឺនតោន ទៅ២០ម៉ឺនតោនសម្រាប់ឆ្នាំ២០១៦នេះ។ សម្តេចថែមទាំងស្នើចិនឱ្យជំរុញទាក់ទាញភ្ញៀវទេសចរចិនមកកម្ពុជាឱ្យបាន ២លាននាក់នៅឆ្នាំ២០២០។
សូមបញ្ជាក់ថា ចិនបានក្លាយជាប្រទេសទី១ ក្នុងការផ្តល់ប្រាក់កម្ចី និងប្រាក់ជំនួយច្រើនជាងគេ ដល់ប្រទេសកម្ពុជា។ ចិនបានចូលរួមចំណែកជួយអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងថា ចិនបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការជំរុញឱ្យប្រទេសកម្ពុជា ប្រែក្លាយពីប្រទេសដែលមានចំណូលទាប មកជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប។
សម្រាប់ដំណើរទស្សនកិច្ចរបស់ លោកប្រធានាធិបតីចិន ស៊ី ជិនពីង មកកាន់ប្រទេសកម្ពុជាលើកនេះវិញ ចិននិងកម្ពុជា ក៏បានចុះកិច្ចព្រមព្រៀង និងពិធីសារប្រមាណ៣១ ផងដែរ ដែលមានទំហំទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់៕