ឯកឧត្តម លឹម គានហោ បានចុះទៅពិនិត្យតំបន់បង្កបង្កើនផល ពិសេសស្រូវប្រាំងដែលច្រើនបំផុតប្រចាំខេត្តកំពត


នៅព្រឹកថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០១៨ នេះ ឯកឧត្តម លឹម គានហោ អមដំណើរដោយលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត និងខេត្តកែប បានចុះទៅពិនិត្យតំបន់បង្កបង្កើនផល ពិសេសស្រូវប្រាំងដែលច្រើនបំផុតប្រចាំខេត្តកំពត ។ ទីតាំងឈ្មោះថា ឃុំព្រៃទន្លេ ស្ថិតក្នុងស្រុកបន្ទាយមាស ដែលមានផ្ទៃដីធ្វើស្រូវប្រាំងសរុប ៧.០០០ ហិកតា ដោយប្រើប្រាស់នូវប្រឡាយ និងសំណង់សិល្បការកសាងក្នុងឆ្នាំ ២០០៧ ដោយក្រសួង ។ ប្រឡាយនេះយកប្រភពទឹកពីព្រែកអន្សា ។ ជាទិដ្ធភាពជាក់ស្តែងនាពេលនេះ ដែលចាត់ទុកជាការធ្វើដើមរដូវលើកទី១ គឺវាលស្រែខៀវខ្ចីស្រស់បំព្រង ដែលជាទិន្នផលរពឹងទុកប្រមាណជាមធ្យមពី ៧-៨ តោន/១ហិកតា ។ ជាទម្លាប់ភាគច្រើនបងប្អូនប្រជាកសិករនៅតំបន់នេះ គឺធ្វើ ៣ ដង ក្នុង ១ ឆ្នាំ ពោលគឺក្នុងរដូវប្រាំងគាត់ធ្វើ ២ ដង និងម្តងទៀតក្នុងរដូវវស្សា ។ ថ្មីៗកន្លងទៅផងដែរ តាមអនុសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចតេជោ ក៏ដូចជាការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំក្រសួង និងមន្ទីរ នៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស ដែលលោកបានអំពាវនាវសូមប្រុងប្រយត្ន័ចំពោះការធ្វើដើមរដូវ សូមពិនិត្យមើលកន្លែងណាដែលមានសក្តានុពលទឹកសមស្រប ព្រោះថា នារដូវប្រាំងខាងមុខ អាកាសធាតុមិនអំណោយផលល្អប្រសើរពេកនោះទេ ពោលគឺភ្លៀងកក់ខែមានសភាពយឺតជាងបណ្តាឆ្នាំកន្លងមក ទន្ទឹមនឹងកំដៅខ្លាំងក្នុងខែចែត្រ ។