ឯកឧត្តម ហ៊ុនម៉ាណែត៖ បងប្អូនខ្មែរនៅក្រៅប្រទេសការទទួលបាននូវព័ត៌មានពិត គ្រប់ជ្រុងជ្រោយនិងចេះថ្លឹងថ្លែងពិចារណាគឺជារឿងសំខាន់


ប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេសភាគច្រើនគឺទទួលបានព័តមានតែម្ខាងពីអ្នកធ្វើនយោបាយប្រឆាំង  ជាព័តមានមិនពិតនិងការផ្សាយញុះញង់បំផ្លើសនូវរឿងអាក្រក់ពីកម្ពុជាតែប៉ុណ្ណោះ ។
ឯកឧត្តម ហ៊ុនម៉ាណែត មានប្រសាសន៍ថា ការទទួលបាននូវព័ត៌មានពិតគ្រប់ជ្រុងជ្រោយ និងចេះថ្លឹងថ្លែងពិចារណាគឺសំខាន់សំរាប់បងប្អូនខ្មែរនៅក្រៅប្រទេស ។
ឯកឧត្តម ហ៊ុន ម៉ាណែត បានថ្លែងបែបនេះក្នុងពេលដែល ប្រជាពលរដ្ឋខ្មែរអូស្ត្រាលី ជាង៣០០នាក់បានជួបជុំគ្នាពិសាអាហារសាមគ្គីមហាគ្រួសារខ្មែរ ទទួលស្វាគមន៍ លោក ហ៊ុន ម៉ាណែត និងឯកអគ្គរាជទូតខ្មែរ ឯកឧត្តម កុយ គួង រួមទាំងក្រុមការងារនៅតំបន់ចុងក្រោយនៃដំណើរទស្សនកិច្ចនៅប្រទេសអូស្ត្រាលី ក្រុងប្រីសបិន រដ្ឋQueenslandកាលពីល្ងាចថ្ងៃទី១៣ខែតុលា ឆ្នាំ២០១៦ ។
ឯកឧត្តម ហ៊ុន ម៉ាណែត និងក្រុមការងារធ្វើដំណើរមកដល់ទឹកដីអូស្ត្រាលីនេះគឺបាននាំមកនូវព័ត៌មានពិតប្រាកដជាច្រើន រួមមានបញ្ហាការសម្លាប់លោកកែមឡី បញ្ហាដីធ្លី បញ្ហាអន្តោប្រវេសន៍ខុសច្បាប់ បញ្ហាសិទ្ធសេរីភាពក្នុងការបញ្ចេញមតិ បញ្ហាព្រំដែនជាដើមដែលកន្លងមក ក្រុមអ្នកធ្វើនយោបាយប្រឆាំង តែងលើកមកនិយាយមិនពិតយកធ្វើជាប្រធានបទ ដើម្បី កេងចំណេញនយោបាយរបស់ខ្លួន ។
ឯកឧត្តម ហ៊ុន ម៉ាណែត បញ្ជាក់ថា អ្វីដែលលោកបកស្រាយនោះ ពុំបានបង្ខំឲ្យបងប្អូនខ្មែរជឿលោកនោះទេ។ប៉ុន្តែលោកចង់ឲ្យប្រជាពលរដ្ឋ បានដឹងថាការពិតខ្លះ ដោយឲ្យប្រជាលរដ្ឋចេះថ្លឹងថ្លែងពិចារណាពេលទទួលបានព័ត៌មានតែមួយចំហៀងនោះ ។