ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន អមដំណើរជាមួយសហការី បានអញ្ជើញមកពិនិត្យកសិដ្ឋានបន្លែសរីរាង្គរបស់លោកអេង សុុធារ៉ា


នាព្រឹកថ្ងៃសៅរ៍ ៨កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តមវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរជាមួយសហការី បានអញ្ជើញមកពិនិត្យកសិដ្ឋានបន្លែសរីរាង្គរបស់លោកអេង សុុធារ៉ា នៅឃុំចំការលួង ស្រុកកំពង់សិលា ខេត្តព្រះសីហនុ។ បច្ចុប្បន្ន កសិដ្ឋានបាននិងកំពុងដាំបន្លែ និងផ្លែឈើចំរុះច្រើនប្រភេទដោយផលិតក្នុងកសិដ្ឋានផ្ទាល់ និងមួយចំនួនទៀតត្រូវបានសហការផលិតជាមួយកសិករក្នុងតំបន់នេះ តាមរយ:ការធ្វើកសិកម្មតាមកិច្ចសន្យា ដោយធ្វើការជ្រើសរើសកសិករដែលទទួលបានការបណ្តុះបណ្តាលពីអង្គការក្រៅរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍នានា ឬមកទទួលការបណ្តុះបណ្តាលនៅកសិដ្ឋាននេះផ្ទាល់តែម្តង។ កសិដ្ឋានបានធ្វើការដាំដុះលើផ្ទៃដីជាង ៤០ហត ហើយជាមធ្យមកសិដ្ឋានមានលទ្ធភាពផ្គត់ផ្គង់បន្លែឲ្យទីផ្សារនៅភ្នំពេញប្រមាណ ១-២តោនក្នុង១ថ្ងៃ។

មានប្រសាសន៍ផ្តាំផ្ញើ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងវាយតម្លៃខ្ពស់ចំពោះម្ចាស់កសិដ្ឋាន បុគ្គលិក កម្មករគ្រប់លំដាប់ថ្នាក់ដែលបានខិតខំដាំដុះបន្លែ ផ្លែឈើសរីរាង្គដើម្បីចូលរួមចំណែកផ្គត់ផ្គង់ឲ្យទីផ្សារក្នុងស្រុក ធានាបានទាំងបរិមាណនិងគុណភាព និងឈានទៅកាត់បន្ថយការនាំចូលជាបណ្តើរៗនាពេលអនាគត។ នេះជាសកម្មភាពមួយយ៉ាងសំខាន់ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍វិស័យកសិកម្ម លើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានតាមរយ:ការធ្វើកសិកម្មតាមកិច្ចសន្យា ជួយផ្សព្វផ្សាយបច្ចេកទេសកសិកម្មទាន់សម័យ បង្កើតការងារឲ្យប្រជាពលរដ្ឋនៅមូលដ្ឋាន កាត់បន្ថយចំណាក ស្រុក និងផ្តល់ឱកាសដល់និស្សិតដែលបានបញ្ចប់់ការសិក្សាពីមហាវិទ្យាល័យ។ លោកក៏បានអំពាវនាវដល់វិនិយោគិនក្នុងស្រុកគិតគូវិនិយោគដាំបន្លែសរីរាង្គ ឬបន្លែសុវត្ថិភាពដើម្បីផ្គត់ផ្គង់ឲ្យតម្រូវការទីផ្សារក្នុងស្រុក កាត់បន្ថយការនាំចូល ធានាបានគុណភាព និងសុវត្ថិភាពបន្លែ ផ្លែឈើក្នុងស្រុក។ ឯកឧត្តមរដ្ឋមន្ត្រីស្នើឲ្យម្ចាស់កសិដ្ឋាន ក៏ដូចជាក្រុមហ៊ុមផលិតបន្លែនានាសហការជាមួយអគ្គនាយកដ្ឋានកសិកម្មដើម្បីចុះមកវាយតម្លៃលើស្តង់ដារអនុវត្តបច្ចេកទេសឲ្យបានត្រឹមត្រូវ រួចពិនិត្យនិងផ្តល់វិញ្ញាបនប័ត្របញ្ជាក់ពីផលិតផលសរីរាង្គច្បាស់លាស់ចៀសវាងការកេងបន្លំ ឬក្លែងក្លាយ ដើម្បីបង្កើនការជឿទុកចិត្តដល់អ្នកបរិភោគ។
បន្ទាប់ពីបានចុះពិនិត្យកសិដ្ឋានបន្លែសរីរាង្គរួចមក ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានបន្តដំណើរមកពិនិត្យកសិដ្ឋានចិញ្ចឹមគោ និងជ្រូករបស់កសិករកៅ ប៊ុនទី នៅភូមិទឹកប៉ោង ឃុំបឹងទ្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង។ បច្ចុប្បន្ន កសិដ្ឋានចិញ្ចឹមគោសាច់ចំនួន ៨០ក្បាល និងបានសហការជាមួយក្រុមហ៊ុមស៊ីភីកម្ពុជាចិញ្ចឹមជ្រូកសាច់ចំនួន ៥៦០ក្បាលទៀត លើផ្ទៃដីជាង ៣០ហត។ ពិនិត្យឃើញការរីកចម្រើនរបស់កសិដ្ឋាន និងសង្ឃឹមថាតាមរយ:ផលិតកម្មសត្វនឹងជួយកែប្រែកម្រិតជីវភាព បង្កើនប្រាក់ចំណូល និងកាត់បន្ថយការនាំចូល ឯកឧត្ដមរដ្ឋមន្ត្រី បានចូលរួមសាទរ គាំទ្រ និងលើកទឹកចិត្តឲ្យកសិកររូបនេះ និងជាពិសេសកសិករទូទាំងប្រទេសដែលប្រកាន់យករបរចិញ្ចឹមសត្វ ឲ្យខិតខំយកចិត្តទុកដាក់បន្ថែមទៀតទាំងការងារបច្ចេកទេស ការបង្កើនគុណភាពចិញ្ចឹមដើម្បីធ្វើការប្រកួតប្រជែងទីផ្សារ។ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឲ្យមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង និងអគ្គនាយកដ្ឋានផលិតកម្មសត្វ និងសុខភាពសត្វចុះមកជួយផ្សព្វផ្សាយការងារបច្ចេកទេស បង្កាត់ពូជ និងផ្សព្វផ្សាយច្បាប់ដើម្បីជាប្រយោជន៍ក្នុងការជួយង្កើនប្រសិទ្ធភាពផលិតកម្មចោិញ្ចឹមសត្វ និងការអនុវត្តច្បាប់នានាដែលពាក់ព័ន្ធ។