តំណាងអ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សប្រចាំកម្ពុជាវាយតម្លៃថាកម្ពុជា ឈរនៅលំដាប់លេខ១ផ្នែកសេរីភាព ក្នុងការបញ្ចេញមតិ ក្នុងចំណោមបណ្ដា ប្រទេសអាស៊ាន


ភ្នំពេញ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦–តំណាងអ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្ស ប្រចាំកម្ពុជាបានវាយតម្លៃថា កម្ពុជាឈរនៅលំដាប់លេខ១ផ្នែកសេរីភាពក្នុងការបញ្ចេញមតិ ក្នុងចំណោមបណ្ដាប្រទេសអាស៊ាន ប៉ុន្តែចង់ឱ្យកម្ពុជាបន្ដ ពង្រឹងបន្ថែមទៀតលើចំណុចមួយចំនួន ដែលនៅមិនទាន់អនុវត្ដន៍បានល្អប្រសើរ។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយពីជំនួបសម្ដែងការគួរសម ជាមួយរដ្ឋមន្រ្ដីក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ នៅទីស្ដីការក្រសួង ការបរទេស ឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ បាន លើកឡើងថា លោកស្រី រ៉ូណាស្មីត អ្នករាយការណ៍ពិសេស ផ្នែកសិទ្ធិមនុស្ស នៃឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជាបានវាយតម្លៃថា កម្ពុជាឈរនៅលំដាប់លេខ១ ផ្នែកសេរីភាព ក្នុងការបញ្ចេញមតិ ក្នុងចំណោមបណ្ដាប្រទេសអាស៊ាន ប៉ុន្តែចង់ឱ្យកម្ពុជាពង្រឹងបន្ថែម ទៀតលើចំណុចមួយចំនួនដែលនៅមិនទាន់អនុវត្ដន៍បានល្អប្រសើរ។
លោកស្រីបានបន្ដថា គោលបំណងដែលលោកស្រីមកទស្សនកិច្ច នៅកម្ពុជានេះ គឺដើម្បីផ្លាស់ ប្ដូរព័ត៌មាន និងទស្សនៈគ្នាជាមួយក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការវិវត្ដន៍ ផ្នែកសិទ្ធិមនុស្ស នៅកម្ពុជា ពិសេសការស្ដាប់។
លោកស្រីបានទទួលស្គាល់ថា កម្ពុជាកំពុងមានការរីកចម្រើន ផ្នែកសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ការពង្រឹងនីតិរដ្ឋ និងសិទ្ធិសេរីភាពក្នុងការបញ្ចេញ មតិរបស់ អង្គការសង្គមស៊ីវិលនៅកម្ពុជា។
លោកស្រី រ៉ូណា ស្មីត បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនដែលកម្ពុជាសម្រេចបានជាច្រើន លើវិស័យសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ ផ្នែកសេដ្ឋកិច្ច និងការរីកចម្រើនផ្នែកហេដ្ឋារចនាសម្ព័ន្ធ ការពង្រឹងសិទ្ធិស្រ្ដី និងការរីកចម្រើនលើវិស័យការងារនៅកម្ពុជា។
ឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងការ បរទេស និងសហប្រតិបត្ដិការអន្ដរជាតិ បានមានប្រសាសន៍ថា ការពង្រឹងសេរីភាពក្នុងការបញ្ចេញមតិនេះ គឺមានការរីកចម្រើនគួរឱ្យកត់ សម្គាល់ ដែលពិភពលោកបានទទួលស្គាល់ថាកម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់លេខ១ក្នុងចំណោមបណ្ដាប្រទេស អាស៊ាន ក្នុងការគោរព និងអនុវត្ដន៍សេរីភាពក្នុងការបញ្ចេញមតិបានល្អប្រសើរ។
ឯកឧត្តមបានបន្ដថា ជំហរបស់រាជរដ្ឋាភិបាលកម្ពុជា បានប្ដេជ្ញាចិត្ដលើកកម្ពស់ទៅលើបញ្ហាការគោរព សិទ្ធិមនុស្ស និងការពង្រឹងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ហើយបន្ដខិតខំពង្រឹងនីតិរដ្ឋ។
ឯកឧត្តម ទេសរដ្ឋមន្រ្ដី ក៏បានបង្ហាញអំពីសារៈសំខាន់ នៃវប្បធម៌សន្ទនានៅកម្ពុជាដែលប្រមុខ រាជរដ្ឋាភិបាល កម្ពុជា សម្ដេចតេជោនាយករដ្ឋមន្រ្ដី ជាអ្នកផ្ដួចផ្ដើមឡើងបន្ទាប់ពីមានការបោះឆ្នោត កាលពីឆ្នាំ២០១៣រួច ដើម្បីចៀសវាងអំពើហិង្សាកើតឡើង និងរក្សាបាននូវសន្ដិភាព ស្ថេរភាពនយោ បាយនៅកម្ពុជា។
រហូតមកដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជាគឺនៅតែយកចិត្តទុកដាក់ ខ្ពស់ចំពោះ ការពង្រឹងវប្បធម៌ សន្ទនារវាងគណបក្សដែលមានអាសនៈ នៅក្នុងរដ្ឋសភា៕

2511

250