សម្តេច ​ហ៊ុន សែន​ នាយករដ្ឋមន្ត្រីកម្ពុជា នឹងចូលរួម​ឆ្លង​ឆ្នាំ​ម៉ោង​១២​យប់នៅ​វិមាន​ឈ្នះ​ឈ្នះ​


សម្តេចនាយករដ្ឋមន្ត្រី​ហ៊ុន សែន​បាន​ថ្លែងថា សម្តេច​នឹង​អញ្ជើញ ចូលរួម​ពិធី​ឆ្លង​ឆ្នាំ នៅវេលា​ម៉ោង​១២​យប់ ថ្ងៃទី​៣១​ខែធ្នូ​ឆ្នាំ​២០១៨ ឈានចូល​ថ្ងៃទី​០១​ខែមករា​ឆ្នាំ​២០១៩ នៅ​វិមាន​ឈ្នះ​ឈ្នះ​។ សម្តេច ហ៊ុន សែន​បាន​បញ្ជាក់បន្ថែម ពី​ការរៀបចំ​ពិធី​សម្ពោធ​វិមាន​ឈ្នះ​ឈ្នះ​ថា តាមពិត​វិមាន​ឈ្នះ​ឈ្នះ សម្ពោធ​តែ​មួយថ្ងៃ​ប៉ុណ្ណោះ គឺ​នៅ​ថ្ងៃទី​២៩​ខែ​ធ្នូ ប៉ុន្តែ​គាប់​ជួន​នឹង​ពេល​ចុងឆ្នាំ ទើប​សម្រេចយក​ទីតាំង​វិមាន​ឈ្នះ​ឈ្នះ រៀបចំ​កម្មវិធី​កម្សាន្ត​សប្បាយ​នានា ២​ថ្ងៃ​ជាប់​គ្នា គឺ​ថ្ងៃទី​៣០​ដល់​៣១​ខែ​ធ្នូ ដើម្បី​ចូលរួម​អបអរ​ពិធី​ឆ្លង​ឆ្នាំ​សកល។

​ការ​ថ្លែង​របស់សម្តេច​ហ៊ុន សែន​ធ្វើឡើង​នៅក្នុង​ឱកាស​ជួប​សំណេះសំណាល ជាមួយ​កម្មករ​- កម្មការិនី​ប្រមាណ ១៥,៦០៦​នាក់ មកពី​រោងចក្រ​សហគ្រាស​ចំនួន​២២ មកពី​ខេត្តកំពង់ស្ពឺ និង​ខេត្តកណ្តាល នៅ​ព្រឹក​ថ្ងៃទី​២៦​ខែធ្នូ​ឆ្នាំ​២០១៨​។ ជំនួប​រវាង​សម្តេច​ហ៊ុន សែន​ ជាមួយ​កម្មករ​-​កម្មការិនី​ថ្ងៃនេះ ក៏​ជា​ជំនួប លើកចុងក្រោយ សម្រាប់​ឆ្នាំ​២០១៨​នេះ​៕