អភិបាលខេត្តសៀមរាប អញ្ជើញជួបសំណេះ សំណាលជាមួយកម្លាំងផែនព្យុហយាត្រា របស់ខេត្តទៅចូលរួមខួបអនុស្សាវរីយ៍លើកទី៤០ នៃទិវាជ័យជម្នះ៧ មករា នៅរាជធានី


នៅរសៀលថ្ងៃសុក្រ ទី០៤ ខែមករា ឆ្នាំ២០១៩ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប លោក ពៅ ពិសិដ្ឋ លោកស្រី យូ សុភា និងលោក ពិន ប្រាកដ អភិបាលរងខេត្ត បានអញ្ជើញជួបសំណេះសំណាលជាមួយកម្លាំងផែនព្យុហយាត្រា របស់ខេត្តសៀមរាប ទៅចូលរួមខួបលើកទី៤០ ទិវាជ័យជម្នះ ៧ មករា នៅទីបញ្ជាការកងរាជអាវុធហត្ថក្រុងសៀមរាប ខេត្តសៀមរាប។

តាមការបញ្ជាក់របស់លោក សុខ ថុល នាយករដ្ឋបាលសាលាខេត្តសៀមរាប បានឱ្យដឹងថា កម្លាំងផែនព្យុហយាត្រារបស់ខេត្តសៀមរាប នឹងចេញដំណើរនៅរសៀលថ្ងៃនេះ ចូលរួមហាត់សមសាកល្បងដើរក្បួនជាលើកទី២ជាមួយនឹងបណ្ដាកម្លាំងរាជធានីខេត្តនានាទៀតនៅរាជធានីភ្នំពេញ ដើមី្បដើរក្បួនព្យុហយាត្រាជាផ្លូវការនៅថ្ងៃទី៧ មករា ២០១៩ ដើម្បីសំដែងនូវការអបអរសាទរស្មារតីថ្ងៃជ័យជម្នះ៧មករា ជាថ្ងៃធ្វើឲ្យរបបកម្ពុជាប្រជាធិបតេយ្យប្រល័យពូជសាសន៍ រលំរលាយចេញពីកម្ពុជា។

ជាមួយគ្នានោះដែរ ឯកឧត្តម ទៀ សីហា ក៏បានផ្ដាំផ្ញើឲ្យបងប្អូន យុវជន យុវនារីទាំងអស់ត្រូវខំយកចិត្តទុកដាក់ហ្វឹកហាត់ឲ្យបានល្អ និង យកចិត្តទុកដាក់ថែរក្សាសុខភាពឲ្យបានល្អ ឬក៏មានបញ្ហាអ្វីមួយត្រូវរាយការណ៍ជាបន្ទាន់ ធ្វើយ៉ាងណាឲ្យផែនខេត្តសៀមរាបយើងទទួលបានលទ្ធផលល្អ ។ ឯកឧត្តម ក៏បានជូនពរក្រុមកាការងារ សំខាន់បងប្អូនកម្លាំងទៅចូលរួម ពិធី សូមឲ្យមានសុខសុវត្ថិភាពទាំងទៅ និងទាំងត្រឡប់មកវិញ និង ទទួលបានជោគជ័យដ៏ត្រចះត្រចង់ ដើម្បីជាមុខមាត់របស់ខេត្តសៀមរាបយើងផងដែរ ។

ក្នុងនោះដែរឯកឧត្តមអភិបាលខេត្ត ក៏បានផ្តល់នូវថវិកាឧបត្ថម្ភ ដល់កម្លាំងព្យុហយាត្រា ក្នុងម្នាក់ ១០ម៉ឺនរៀល ដើមី្បយកទៅប្រើប្រាស់ប្រចាំ ថ្ងៃ ក្នុងឱកាសធ្វើដំណើរទៅចូលរួម ខួបអនុស្សាវរីយ៍លើកទី៤០ នៃទិវាជ័យជម្នះ ៧ មករា ២០១៩ នៅរាជធានី បន្ថែមលើការដោះស្រាយបទាំងស្រុងរបស់ខេត្តលើការហូប ចុក និងស្នាក់នៅ ៕