កិច្ចប្រជុំពិភាក្សាបន្តលើពង្រាងអនុក្រឹត្យស្តីពីផ្លាកលេខរថយន្តពិសេស ដើម្បីកែសម្រួលខ្លឹមសារ និង បទដ្ឋាននីតិវិធីសម្រាប់ការលក់ និងផ្ទេរលេខពិសេសផ្ទាល់ខ្លួន


ថ្ងៃសុក្រ ១៣រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៩ នៅទីស្តីការក្រសួង ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាបន្តលើពង្រាងអនុក្រឹត្យស្តីពីផ្លាកលេខរថយន្តពិសេស ដោយមាន ការចូលរួមពីថ្នាក់ដឹកនាំក្រសួង សមាជិកសមាជិកាគណៈកម្មការអន្តរក្រសួងដើម្បីគ្រប់គ្រងការលក់ លេខចុះបញ្ជីរថយន្តគ្រួសារនិងរថយន្តធុនស្រាល និងមន្ត្រីជំនាញនាយកដ្ឋានពាក់ព័ន្ធ។

ខ្លឹមសារនៃពង្រាងអនុក្រឹត្យនេះ អនុញ្ញាតឱ្យម្ចាស់យានជំនិះស្នើសុំរក្សាលេខចុះបញ្ជី យានជំនិះ ដែលកំពុងប្រើប្រាស់សម្រាប់ចុះបញ្ជីលើយានជំនិះថ្មីរបស់ខ្លួនបាន ស្របតាមបែបបទ និង នីតិវិធីនៃការចុះបញ្ជីយានយន្ត ការផ្តល់ផ្លាកលេខយានយន្ត និងការលុបចេញពីបញ្ជីយានយន្ត និងត្រូវ បង់កម្រៃសេវាសាធារណៈ ដែលកំណត់ដោយប្រកាសអន្តរក្រសួង រវាងរដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូន និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។