ឯកឧត្តម ផៃ ស៊ីផាន បានលើកឡើងថា មានតែសម្តេចតេជោ ហ៊ុន សែន តែម្នាកគត់ ទទួលបានសិទ្ធិអំណាចតាមច្បាប់ និងរដ្ឋធម្មនុញ្


ភ្នំពេញ ៖ ក្នុងន័យសំដៅទៅអតីតបក្សប្រឆាំង ដែលមានបំណងសុំសិទ្ធ ធ្វើនយោបាយវិញ ឯកឧត្តម ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា មានតែសម្តេចតេជោ ហ៊ុន សែន តែម្នាកគត់ ទទួលបានសិទ្ធិអំណាចតាមច្បាប់ និងរដ្ឋធម្មនុញ្ញ ក្នុងការស្នើសុំទៅព្រះមហាក្សត្រ លើកលែងទោស។

យោងតាមបណ្ដាញ សង្គមហ្វេសប៊ុករបស់លោក ផៃ ស៊ីផាន នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០១៩នេះ បានឲ្យដឹងថា រាជរដ្ឋាភិបាលមានការងារ ចំបងច្រើនក្នុងកិច្ចបំពេញឲ្យមហាជន និងរក្សាប្រក្រតីភាព ការងាររដ្ឋ កំណើនសេដ្ឋកិច្ច និងសណ្តាប់ធ្នាប់សាធារណៈ ដោយមិនបានគិតជំនួស អ្នកចង់ទទួលបានសិទ្ធិ នយោបាយមកវិញនោះទេ។ នេះជាសិទ្ធិនៃជម្រើសឯកជនរបស់គេ ។

ឯកឧត្ត​មបន្តថា “មានតែសម្តេចតេជោ តែម្នាកគត់ ទទួលបានសិទ្ធិ និងអំណាច តាមច្បាប់និង រដ្ឋធម្មនុញ្ញ ក្នុងការស្នើសុំទៅព្រះមហាក្សត្រ” ។

សូមជម្រាបថា តុលាការកំពូលបានចេញដីការហាមឃាត់ អតីតមន្ត្រីគណបក្សសង្គ្រោះជាតិ១១៨នាក់ មិនឲ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ កាលពីចុងឆ្នាំ២០១៧ ដើម្បីដោះបម្រាមនេះ កាលពីដើមខែធ្នូ ចុងឆ្នាំ២០១៨នេះ អ្នកតំណាងរាស្ត្រគណបក្ស ប្រជាជនកម្ពុជា បានស្នើសុំធ្វើវិសោធនកម្មមាត្រា៤៥ថ្មី(ស្ទួន) ដែលជាការបើកផ្លូវដល់អ្នកនយោបាយ ទាំងនោះឲ្យមានសិទ្ធិធ្វើនយោបាយឡើងវិញ។

សេចក្តីស្នើវិសោធនកម្មមាត្រា៤៥ថ្មី(ស្ទួន) ត្រូវបានអ្នកតំណាងរាស្ត្រចំនួន៨៧រូប បាន ស្នើសុំធ្វើវិសោធនកម្ម ទៅជាសេចក្តីស្នើច្បាប់ មាត្រា៤៥ថ្មី(ស្ទូនមួយ) ដែលមានខ្លឹមសារយ៉ាងដូច្នេះថា បុគ្គលដែលត្រូវតុលាការ សម្រេចហាមឃាត់ការធ្វើសកម្មភាពនយោបាយ មិនអាចបង្កើតគណបក្សនយោបាយ ឬចូលរួមក្នុងគណបក្សនយោបាយណាមួយ ឬឈរឈ្មោះឲ្យគេបោះឆ្នោត ឬធ្វើសកម្មភាពណាមួយគាំទ្រ ឬប្រឆាំងគណបក្សណាមួយបានឡើយ។

បុគ្គលដែលបានតុលាការសម្រេចហាមឃាត់ ការធ្វើសកម្មភាពនយោបាយនេះ នឹងអាចទទួលបានវិញ នូវសិទ្ធិនយោបាយពេញលេញ ដោយពេញច្បាប់ បន្ទាប់ពីផុតរយៈពេលនៃការហាមឃាត់កំណត់ដោយសាលដីការរបស់តុលាការកំពូល ឬក្នុងករណីដែលបុគ្គលនោះ ត្រូវបានផ្តល់នីតិសម្បទាឡើងវិញ ដោយព្រះមហាក្សត្រ តាមសំណើ របស់នាយករដ្ឋមន្ត្រី តាមសេចក្តីស្នើសុំរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៕