ឯកឧត្ដម សាយ សំអាល់បានអញ្ជើញសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយបងប្អូនអាជីវករក្រុងព្រះសីហនុ


នៅល្ងាចថ្ងៃអាទិត្យទី២៣ ខែតុលា ឆ្នាំ២០១៦ ឯកឧត្ដម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានអញ្ជើញសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយបងប្អូនអាជីវករក្រុងព្រះសីហនុ ដែលប្រកបមុខរបរផែ្នកផ្តល់សេវាកម្ម ដូចជា ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ប្រតិបត្តិករទេសចរណ៍ ម្ចាស់ខារាអូខេ និងរោងចក្រមួយចំនួន ក្នុងគោលបំណងស្វែងរកការគាំទ្រនិងការចូលរួមពីសំណាក់មហាជនគ្រប់មជ្ឈដ្ឋាន ក្នុងកិច្ចគាំពារបរិស្ថាន។ ឯកឧត្តមរដ្ឋមន្រ្តីបានស្នើឲ្យអាជីវករទាំងអស់បន្តចូលរួមការពារបរិស្ថាន គ្រប់គ្រងសំណល់រឹង សំណល់រាវ និងទឹកកខ្វក់ឱ្យបានផុលផុស ដើម្បីឱ្យទីក្រុងព្រះសីហនុក្លាយជាគោលដៅទាក់ទាញភ្ញៀវទេសចរ ប្រកបដោយសក្តានុពល។ ឯកឧត្ដមរដ្ឋមន្ត្រីក៏បានចលនាឲ្យអាជីវករ និងអ្នកពាក់ព័ន្ធទាំងអស់ចូលរួមគាំទ្រនិងទ្រទ្រង់សកម្មភាពថែទាំប្រភពទឹកក្បាលឆាយ ដើម្បីធានាដល់ការផ្គត់ផ្គង់ទឹកស្អាតសម្រាប់ទីក្រុងព្រះសីហនុទាំងមូល ជាពិសេសគឺដើម្បីរួមចំណែកដល់ការលើកកម្ពស់វិស័យទេសចរណ៍តំបន់ឆ្នេរសមុទ្រក្នុងខេត្តព្រះសីហនុ៕

ww1 ww2 ww3 ww4 ww5