កិច្ចប្រជុំសវនកម្ម បញ្ចប់គម្រោង ការបំពាក់អំពូលបំភ្លឺផ្លូវ LEDបង្កើតទីក្រុងវៃឆ្លាត ខេត្តសៀមរាប


កាលពីថ្ងៃទី ១៧ ខែ មករា ឆ្នាំ២០១៩ លោក សុខ ថុល នាយករដ្ឋបាលសាលាខេត្ត បានជួបប្រជុំពិនិត្យ ពិភាក្សា លើការបញ្ចប់គម្រោងបំពាក់អំពូលបំភ្លឺផ្លូវ LED បង្កើតទីក្រុងវៃឆ្លាត ខេត្តសៀមរាប ជាមួយក្រុមហ៊ុន Minebea Mistumi ដែលជាអ្នកអនុវត្តគម្រោង ។

តាមការលើកឡើងរបស់ក្រុមហ៊ុន Minebea Mistumi ក្រោមកម្មវិធីនៃការបំពាក់ប្រព័ន្ធអំពូលបំភ្លឺផ្លូវ LED ជាមួយ បណ្តាញឥតខ្សែ ដែលជាបច្ចេកវិទ្យាចុងក្រោយបង្អស់ មានប្រសិទ្ធភាពកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ។ លោកបាន បញ្ជាក់ថា បច្ចុប្បន្ននេះ ការ ប្រែប្រួលអាកាសធាតុ គឺជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរមួយនៅលើពិភពលោក ដែលបណ្តាលមកពី កំណើនកំហាប់ឧស្ម័នផ្ទះកញ្ចក់ ក្នុងបរិយាកាស ដូច្នេះទើបត្រូវមានវិធានការជាច្រើនត្រូវបានលើកឡើង ដើម្បីកាត់បន្ថយការ បញ្ចេញឧស្ម័នផ្ទះកញ្ចក់។

លោកបានបន្តទៀតថា ដោយបច្ចេកវិទ្យាទំនើប រាល់អំពូលភ្លើងដែលបានបំពាក់បំភ្លឺនៅតាមដង ផ្លូវក្នុងក្រុងសៀមរាប អាចគ្រប់គ្រង ដោយបណ្តាញឥតខ្សែ ជួយដល់ការបិទ បើកអំពូលបំភ្លឺផ្លូវកាន់តែមានភាពងាយស្រួល ។ តាមរយៈការអនុវត្តគម្រោង JCMនេះ SRPH បានចូលរួមចំណែកដល់ការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ហើយ គម្រោងនិងធ្វើការពង្រីកអំពូលបំភ្លឺផ្លូវ ដែលប្រើប្រាស់ថាមពលមានប្រសិទ្ធិភាព នៅតាមតំបន់ផ្សេងៗ នាពេលអនាគត ដោយ សហការជាមួយក្រុមហ៊ុន Minebea Mistumi និង រដ្ឋាភិបាលជប៉ុន ។

លោក សុខ ថុល ក៏បានលើកផងដែរថា ការសាងសង់មិនអាចបញ្ចប់ក្នុងឆ្នាំ២០១៨ គឺត្រូវ ពន្យាទៅឆ្នាំ២០១៩ ដោយការបញ្ជាទិញខ្សែភ្លើងត្រូវពន្យា ដោយសារបញ្ហានីតិវិធីហិរញ្ញវត្ថុ ។ ដើមី្បធានានូវកិច្ចសហប្រតិបត្តិ ការ និង ថែទាំ ក្នុងការអនុវត្តគម្រោងJCM ឲ្យមានភាពរលូនក្នុងរយៈពេល១០ឆ្នាំ សាលាខេត្តសៀមរាប នឹងត្រូវរាយការណ៍ពី ទិន្នន័យទៅរដ្ឋាភិបាលជប៉ុនរយៈពេល ១០ឆ្នាំខាងមុខនេះ ។

លោកនាយករដ្ឋបាលសាលាខេត្ត ក៏ទទួលនូវភាពរីករាយ នឹង ធានាថា នឹងសហការជាមួយក្រុមហ៊ុន Minebea Mistumi សម្រាប់ប្រតិបត្តិការ និង ថែទាំដោយរលូនតាមតម្រូវការរបស់ គម្រោង ។ ក្នុងនោះដែរលោក សុខ ថុល ក៏បានលើកផងដែរ ពីចក្ខុវិស័យនាពេលអនាគតរបស់ខេត្តសៀមរាប ក្នុងការលើក កម្ពស់ទីក្រុងប្រវត្តិសាស្ត្រមួយនេះ ឲ្យក្លាយជាទីក្រុងស្អាត សុវត្ថិភាព ងាយស្រួលសម្រាប់អ្នករស់នៅ និង ជាគោលដៅរបស់ ភ្ញៀវទេសចរណ៍នៅលើពិភពលោក ចូលមកទស្សនាកម្សាន្ត តាមរយៈធ្វើឲ្យប្រសើរឡើង ក្នុងការឆ្ពោះទៅគោលដៅ ទីក្រុង វៃឆ្លាត ។ ក្នុងនោះដែរលោកនាយករដ្ឋបាល ក៏បានលើកនូវសំណូមពរដល់គម្រោងJCM និង ក្រុមហ៊ុន Minebea Mistumi ធ្វើការបំពាក់នូវភ្លើងសញ្ញាចរាចរណ៍វៃឆ្លាត ក្នុងក្រុងសៀមរាប ដើមី្បធានាបាននូវសុវត្ថិភាពចរាចរណ៍ ដល់ភ្ញៀវជាតិ និង អន្តរ ជាតិ រួមទាំងសន្តិសុខទៀតផង ។ ដោយមានកិច្ចសហការរឹងមាំពីក្រុមហ៊ុន Minebea Mistumi សាលាខេត្តសៀមរាប អាច បញ្ចប់កាដំឡើងអំពូលបំភ្លឺផ្លូវសាធារណៈ ទៅតាមផែនការដែលបានគ្រោងទុក ។

តាមរយៈគម្រោងនេះដែរ ខេត្តក៏ធ្វើការកែលម្អនូវប្រព័ន្ធព័ត៌មានទេសចរណ៍ ឲ្យក្លាយជាទីក្រុងគោលដៅ ទាក់ទាញ ភ្ញៀវទេសចរណ៍ និង ការអនុវត្តសុវត្ថិភាពចរាចរណ៍ ដោយពង្រឹង និង ជួសជុលផ្លូវថ្នល់ ដំឡើងអំពូលបំភ្លឺផ្លូវ ព្រមទាំងយកចិត្ត ទុកដាក់លើការងារបរិស្ថាន ដោយប្រើប្រាស់ឧបករណ៍ដែលប្រើប្រាស់ថាមពលមានប្រសិទ្ធភាព ដូបអំពូលបំភ្លឺផ្លូវវៃឆ្លាត និងការគ្រប់គ្រងកាកសំណល់តាមគ្រួសារ និងឧស្សាហកម្ម ដោយធ្វើការណែនាំប្រព័ន្ធគ្រប់គ្រកាកសំណល់វៃឆ្លាតផងដែរ ៕