ឯកឧត្តម វ៉ាន់ មុនីនាថ បានដឹកនាំប្រតិភូក្រសួងបរិស្ថាន ចូលរួមសិក្ខាសាលាជាន់ខ្ពស់លើកទី១០ ស្តីពីនិរន្តរភាពទីក្រុង


នៅទីក្រុងបាលី ប្រទេសឥណ្ឌូណេសុី ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ ឯកឧត្តម វ៉ាន់ មុនីនាថ អគ្គលេខាធិការរង ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានដឹកនាំប្រតិភូក្រសួងបរិស្ថាន ដែលមានសមាសភាពមកពីអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព អគ្គនាយកដ្ឋានគាំពារបរិស្ថាន អគ្គនាយកដ្ឋានរដ្ឋបាលការពារនិងអភិរក្សធម្មជាតិ មន្ទីរបរិស្ថានខេត្តកែប និងមន្ទីរបរិស្ថានខេត្តពោធិសាត់ ចូលរួមសិក្ខាសាលាជាន់ខ្ពស់លើកទី១០ ស្តីពីនិរន្តរភាពទីក្រុង។ សិក្ខាសាលាមានការចូលរួមពីបណ្តារដ្ឋសមាជិកអាស៊ាន ចិន ជប៉ុន កូរ៉េ លេខាធិការដ្ឋានអាស៊ាន វិទ្យាស្ថានយុទ្ធសាស្រ្តបរិស្ថានសកល អាជ្ញាធរថ្នាក់ក្រោមជាតិ និងអ្នកជំនាញ សរុបប្រមាណ១៥០ នាក់។
សិក្ខាសាលាជាន់ខ្ពស់ កំពុងពិភាក្សា និងផ្លាស់ប្តូរបទពិសោធន៍ តាមប្រធាន ដូចខាងក្រោម
១) ពិនិត្យមើលវឌ្ឍនភាពនៃការធ្វើមូលដ្ឋាននីយកម្មគោលដៅអភិវឌ្ឍន៍ដោយចីរភាព
២) ពិនិត្យមើលវឌ្ឍនភាពកម្មវិធីទីក្រុងឈានមុខអាស៊ាន
៣) លើកទឹកចិត្តសកម្មភាពរបស់ទីក្រុងដើម្បីសម្រេចបានគោលដៅអភិវឌ្ឍន៍ដោយចីរភាព
៤) ផ្លាស់ប្តូរមតិយោបល់អំពីដំណោះស្រាយលើបញ្ហាសំរាមប្លាស្ទិកសមុទ្រ
សូមបញ្ជាក់ថា ទីក្រុងកែបត្រូវបានជ្រើសរើសជាទីក្រុងឈានមុខ ហើយទីក្រុងកំពត និងទីក្រុងពោធិសាត់ ត្រូវបានជ្រើសរើសជាទីក្រុងគំរូអាស៊ាន សម្រាប់អនុវត្តកម្មវិធីទីក្រុងឈានមុខអាស៊ានសម្រាប់ឆ្នាំ២០១៨ ដល់២០២០។