រាជរដ្ឋាភិបាលបង្កើតស្រុកថ្មីមួយទៀត នៅក្នុងខេត្តកំពង់ធំ ឈ្មោះ ស្រុកតាំងគោក


(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើតស្រុកថ្មីមួយទៀតនៅក្នុងខេត្តកំពង់ធំ ដើម្បីសម្រួលដល់ការគ្រប់គ្រងប្រព័ន្ធរដ្ឋបាល។ ស្រុកបង្កើតថ្មីនេះ មានឈ្មោះថា «ស្រុកតាំងគោក» ដោយកាត់យកឃុំចំនួន៨ ចេញពីស្រុកបារាយណ៍ រួមមាន៖ ឃុំពង្រ ឃុំច្រនាង ឃុំជ្រលង ឃុំទ្រៀល ឃុំសូយោង ឃុំស្រឡៅ ឃុំស្វាយភ្លើង និងឃុំអណ្តូងពោធិ៍។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចុះហត្ថលេខាសម្រេចបង្កើតស្រុកថ្មីនេះកាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩កន្លងទៅថ្មីៗនេះ។ ក្នុងអនុក្រឹត្យស្តីពីការបង្កើតស្រុកតាំងគោកនេះ បានកំណត់យកទីតាំងសាលាស្រុក ស្ថិតនៅក្នុងឃុំសូយោង។

សូមបញ្ជាក់ថា បច្ចុប្បន្នខេត្តកំពង់ធំ គឺជាខេត្តមួយស្ថិតនៅចំកណ្តាលផ្ទៃប្រទេសកម្ពុជា។ ខេត្តនេះមានផ្ទៃដីសរុប ១៣,៨១៤គីឡូម៉ែត្រការ៉េ ដោយបែងចែកជា ៨ ស្រុក-ក្រុង ៨១ឃុំ-សង្កាត់ និង ៧៣៤ភូមិ។

ដោយបូកបន្ថែមជាមួយស្រុកទើបបង្កើតថ្មីមួយថែមទៀត ដូច្នេះស្រុក-ក្រុងក្នុងខេត្តកំពង់ធំឡើងដល់៩ហើយ។ ស្រុក-ក្រុងទាំង៩នោះរួមមាន៖ក្រុងស្ទឹងសែន, ស្រុកបារាយណ៍, ស្រុកកំពង់ស្វាយ, ស្រុកប្រាសាទបល្ល័ង្ក ស្រុកប្រាសាទសំបូរ ស្រុកសណ្ដាន់ ស្រុកសន្ទុក ស្រុកស្ទោង និងស្រុកតាំងគោក៕