ឯកឧត្តម ផៃ ស៊ីផាន បានឆ្លើយតបវិញថា ការស្នើរបស់អាមេរិក គឺមិនយល់ពីគោលនយោបាយ របស់កម្ពុជា ជាការបារម្ភហួសហេតុ និងឆោតល្ងង់បំផុត


ភ្នំពេញ៖ ឯកឧត្តម ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានឆ្លើយតបវិញថា ការស្នើរបស់អាមេរិក គឺមិនយល់ពីគោលនយោបាយ របស់កម្ពុជា ជាការបារម្ភហួសហេតុ និងឆោតល្ងង់បំផុត ហើយមន្រ្តីជាន់ខ្ពស់ អាមេរិកមកកម្ពុជា ដើម្បីរៀបចំផែនការញុះញង់ អូសទាញកងទ័ពកម្ពុជា ឲ្យស្ថិតនៅក្រោមឥទ្ធិពលរបស់ខ្លួនប៉ុណ្ណោះ ។

ការស្នើសុំរបស់អាមេរិកនេះ តាមរយៈឧបការីរងរដ្ឋមន្រ្តី ក្រសួងការពារជាតិអាមេរិក ទទួលបន្ទុកតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ លោក Joseph H. Felter បាន ជំរុញឲ្យកម្ពុជាទម្លាក់ចោលបទចោទប្រកាន់លើ លោក កឹម សុខា និងបារម្ភខ្លាច កម្ពុជាអាចធ្លាក់ចុះក្នុងអន្ទាក់មូលដ្ឋានទ័ពរបស់ចិន។ លោក Joseph H. Felter មកបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល២ថ្ងៃ ចាប់ពីថ្ងៃ១៥-១៦មករា ។ ក្នុងដំណើរបំពេញទស្សនកិច្ចនេះ ផ្តោតលើករណីលោក កឹម សុខា ក្នុងនោះលោកក៏បានជួបមន្រ្តីជាន់ខ្ពស់នៃក្រសួងការពារខ្មែរដែរ។

វិទ្យុ VOA កាលពីថ្ងៃទី១៦ មករា បានផ្សាយថា “មន្រ្តីជាន់ខ្ពស់របស់ក្រសួងការពារជាតិអាមេរិកដែលបានបញ្ចប់ទស្សនកិច្ចនៅកម្ពុជាបានថ្លែងថា សហរដ្ឋអាមេរិកជំរុញឲ្យកម្ពុជាទម្លាក់ចោលការចោទប្រកាន់លើមេដឹកនាំបក្សប្រឆាំងលោក កឹម សុខា ហើយក៏បានបង្ហាញក្តីបារម្ភខ្លាចថា កម្ពុជាអាចធ្លាក់ចុះក្នុងអន្ទាក់មូលដ្ឋានទ័ពរបស់ចិន” ។

ឯកឧត្តម ផៃ ស៊ីផាន បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅថ្ងៃទី១៧ មករានេះថា កម្ពុជាស្ថិតក្នុងគោលជំហរកិច្ចសហប្រតិបត្តិការ ជាមួយគ្រប់បណ្ដាប្រទេស ដែលរក្សាការហ្វឹកហ្វឺនសមយុទ្ធ ក្នុងន័យធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា ដើម្បីការពារសន្តិភាពតែប៉ុណ្ណោះ ។

ឯកឧត្តមបន្តថា កងយោធពលខេរភូមិន្ទ ពុំមានកាតព្វកិច្ចពាក់ព័ន្ធនឹងការងារនយោបាយទេ គ្រាន់តែជាស្ថាប័នអនុវត្តនូវបទបញ្ជារបស់នាយករដ្ឋមន្ត្រីប៉ុណ្ណោះ ។

ឯកឧត្តម ផៃ ស៊ីផាន បញ្ជាក់ថា “ដូច្នេះការស្នើហ្នឹង គឺមានទិដ្ឋភាពពីរ ៖ ទិដ្ឋភាពមួយមិនយល់ពីដែនសមត្ថកិច្ចរបស់កងយោធពលខេរភូមិន្ទ , ទី២-យើងឃើញថា ការស្នើឡើងនេះ ហាក់បីដូចជាមានការព្រួយបារម្ភហួសហេតុ មើលមិនឃើញ មើលមិនយល់ពីគោលនយោបាយរបស់សម្ដេចតេជោ ហ៊ុន សែន នេះជាសមត្ថភាពអន់បំផុត” ។

ឯកឧត្តមបន្ថែមថា កម្ពុជាមិនមាននិន្នាការនយោបាយណាដែលអនុញ្ញាតឲ្យកងទ័ពបរទេសបោះមូលដ្ឋានយោធានៅលើទឹកដីខ្លួនឡើយ ។ តាមរយៈគោលការណ៍អាស៊ាន ក៏បញ្ជាក់ច្បាស់ថា មិនមាននិន្នាការណាប្រមែលប្រមូលយោធាបរទេសឲ្យមកនៅលើទឹកដីខ្លួនដែរ ។

ឯកឧត្តម ផៃ ស៊ីផាន គូសបញ្ជាក់ថា “ទិដ្ឋភាពមួយទៀតគឺ កងទ័ពអាមេរិកមករៀបចំការញុះញង់ អូសទាញកងទ័ពកម្ពុជាឲ្យស្ថិតនៅក្រោមឥទ្ធិពលរបស់ខ្លួនដែលជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា ដូចនៅទស្សវត្សទី៧០ ។ បញ្ហានេះរាជរដ្ឋាភិបាលកម្ពុជាមិនអនុញ្ញាតជាដាច់ខាត” ។

ពាក់ព័ន្ធបញ្ហាលោក កឹម សុខា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា អាមេរិកកំពុងរំលោភលើការចេះដឹងរបស់កម្ពុជា ដូចជាករណី កឹម សុខា ជារឿងរបស់តុលាការ ដូច្នេះការខិតខំប្រឹងប្រែងយកកម្លាំងយោធារបស់អាមេរិកមកដោះស្រាយបញ្ហាទិដ្ឋាការ បង្ហាញថា អាមេរិកជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា និងបង្ហាញថា កឹម សុខា ជាអាយ៉ងរបស់អាមេរិក ។

សូមរំលឹកថា លោក កឹម សុខា ត្រូវបានចោទប្រកាន់ពីបទសន្ធិដ្ឋិភាពជាមួយបរទេស តាមមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ។ បទសន្ធិដ្ឋិភាពជាមួយបរទេស ជាអំពើត្រូវរ៉ូវគ្នាដោយ សម្ងាត់ជាមួយរដ្ឋបរទេស ឬភ្នាក់ងារបរទេស ដើម្បីបង្កើតឲ្យមានអំពើប្រទូស្តរ៉ាយ ឬឲ្យមានអំពើឈ្លានពានប្រឆាំង នឹងព្រះរាជាណាចក្រកម្ពុជា ។ បទល្មើសនេះ ត្រូវជាប់ពន្ធនាគារពី១៥ឆ្នាំ ដល់៣០ឆ្នាំ។

លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅពាក់កណ្តាលអាធ្រាត្រឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ។ ក្រោយឃាត់ខ្លួនសមត្ថកិច្ចបានបញ្ជូនលោក កឹម សុខា ទៅឃុំបណ្តោះអាសន្ន នៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ។ បន្ទាប់ពីជាប់ឃុំខ្លួន នៅពន្ធនាគាររយៈពេល១ឆ្នាំ ៦ថ្ងៃ លោក កឹម សុខា ត្រូវបានតុលាការដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ ៕