ពិធីបើកវេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពីតំបន់មេគង្គ


ភ្នំពេញ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦–បេសកជនពិសេសរបស់ទូរទស្សន៍ជាតិបានឱ្យដឹងថា វេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពីតំបន់មេគង្គ បានប្រារព្ធពិធីបើកនៅរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ នៅមជ្ឈមណ្ឌល សន្និសីទជាតិ ទីក្រុងហាណូយ ប្រទេសវៀតណាម។
ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃប្រទេសក្នុងតំបន់មេគង្គទាំង៥ រួមមាន កម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម និងថៃ បានជួបជុំគ្នាដើម្បីធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ទៅលើប្រធានបទ ការស្វែងរកថាមភាពសំយោគ ថ្នាក់ដឹកនាំតំបន់ចែករំលែកនូវចក្ខុវិស័យសម្រាប់តំបន់មេគង្គ។
លោក Justin Wood សមាជិកគណៈកម្មាធិការប្រតិបត្តិ នៃវេទិកាសេដ្ឋកិច្ចពិភពលោក មានប្រសាសន៍ ថា នេះគឺជាលើកទី១ ដែលវេទិកាសេដ្ឋកិច្ចពិភពលោក បានរៀបចំកិច្ចប្រជុំស្តីពីតំប់មេគង្គ។
វេទិកានេះនិងពិនិត្យមើល លើទិដ្ឋភាពរួមនៃតំបន់មេគង្គពិសេសសក្តានុពលដែលតំបន់នេះមាន។ ជាមួយគ្នានេះវេទិកានេះក៏ចង់ពិនិត្យមើលផងដែរ ពីបញ្ហាប្រឈមនិងចំណុចជាឧបសគ្គនានាក្នុងតំបន់ ដែលជាការកសាងហេដ្ឋារចនាសម្ព័ន្ធ។
លោក Justin Wood មានប្រសាសន៍បន្តថា ក្រៅពីពិធីបើកវេទិកាដែលធ្វើឡើងដោយប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃប្រទេសមេគង្គ ទាំងប្រាំ យើងមានកិច្ចប្រជុំនិងកិច្ចពិភាក្សានានា ដើម្បីជំរុញ ពាណិជ្ជកម្មទៅវិញទៅមក និងការពិនិត្យមើលអំពីអនាគតនៃផ្នែកផលិតកម្មក្នុងតំបន់។
លោក Justin Wood មានប្រសាសន៍បន្តថា នៅក្នុងពិធីបិទយើងនិងពិនិត្យមើលនៃបដិវត្តន៍ ឧស្សាហកម្មលើកទី៤ សម្រាប់តំបន់មេគង្គ។
ឯកឧត្តម ង្វៀន សួនហ៊្វុក នាយករដ្ឋមន្រ្តីវៀតណាមមានប្រសាសន៍ថា តំបន់មេគង្គសព្វថ្ងៃនេះ គឺជាតំបន់មួយ ដែលមានកំណើននិងការពង្រីកនូវទំហំពាណិជ្ជកម្មដ៏ធំមួយនៅក្នុងតំបន់អាស៊ី ដែលទាំងអស់នោះគឺបានមកពីការ ចូលរួមចំណែករបស់តំបន់អាស៊ាន និងអាស៊ីទាំងមូល។
ឯកឧត្តមនាយករដ្ឋមន្រ្តីមានប្រសាសន៍បន្តថា តាមរបាយការណ៍របស់ IMF បានបង្ហាញឱ្យឃើញថា តំបន់មេគង្គគឺមានប្រទេស៥ដែលមានសេដ្ឋកិច្ចជឿនលឿនបំផុត របស់ ពិ ភពលោកនៅឆ្នាំ២០១៥ ក្នុងចំណោមនោះកម្ពុជា ឡាវ វៀតណាម មីយ៉ាន់ម៉ា មានកំណើនប្រមាណ៧ភាគរយ ហើយប្រទេសថៃកំពុងតែស្តារឡើងវិញ។
ឯកឧត្តមនាយករដ្ឋមន្រ្តីមានប្រសាសន៍បញ្ជាក់បន្ថែមថា តំបន់មេគង្គគឺជាតំបន់ដ៏មានសារៈ សំខាន់មួយ ក្នុងតំបន់អាស៊ី ដែលមានប្រជាជនរស់នៅប្រមាណ២៤០លាននាក់ និង GDP រួមគ្នាជាង៦៦០ ប៊ីលានដុល្លារ អាម៉េរិក។
ការកើតឡើងនៃសហគមន៍សេដ្ឋកិច្ចអាស៊ាន កាលពីចុងឆ្នាំ២០១៥ ជាមួយនឹងការបើករបៀង នៃកិច្ចអភិវឌ្ឍន៍ បានបើកឱកាសសម្រាប់ការអភិវឌ្ឍផ្នែកធុរកិច្ច និងការវិនិយោគ។
ឯកឧត្តមនាយករដ្ឋមន្រ្តីក៏បានគូសបញ្ជាក់ដែរថា យ៉ាងណាក៏ដោយតំបន់មេគង្គ បានជួបប្រទះនូវ បញ្ហាជាច្រើន ក្នុងគម្លាតអភិវឌ្ឍនៃតំបន់មេគង្គនិងអា ស៊ានស្ថិតនៅចម្ងាយ ផ្លូវដ៏វែងនៅឡើយ តាមរយៈនេះវៀតណាមសូមស្នើឱ្យមាននូវការពិភាក្សាគ្នាជាកញ្ចប់ ពិសេស ការជំរុញដៃគូផ្នែកឯកជន ដើម្បីរកឱកាសវិនិយោគសម្រាប់ផលប្រយោជន៍ទាំងអស់គ្នា។
ឯកឧត្តមនាយករដ្ឋមន្រ្តីបានធ្វើការចែករំលែក នូវបទពិសោធន៍មួយចំនួនក្នុងការធ្វើ សមាហរណកម្ មសេដ្ឋកិច្ច និងការផ្សារភ្ជាប់ជាអាទិភាព សម្រាប់បណ្តាប្រទេស មេគង្គជាមួយនិងដៃគូ នៅក្រៅតំបន់ និងក្នុងតំបន់ ដើម្បីបន្តផ្តល់អាទិភាព និងការផ្សារភ្ជាប់គ្នា ក្នុងការដឹកជញ្ជូន តាមរបៀងសេដ្ឋកិច្ច អនុតំបន់ដូចជារបៀងខាងកើត ខាងលិច ជើងត្បូង និងខាងត្បូង។
ឯកឧត្តម អ៊ូ ធិន ច ប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា មានប្រសាសន៍ថា តំបន់ទន្លេមេគង្គ គឺជាទន្លេពិតប្រាកដដែលឆ្លងកាត់តំបន់មានការផ្លាស់ ប្តូរសេដ្ឋកិច្ច និងសង្គមយ៉ាង លឿន។
ប្រជាពលរដ្ឋមីយ៉ាន់ម៉ា ប្រមាណ៦០លាននាក់ បានរស់នៅផ្សារភ្ជាប់និងប្រកបរបរនេសាទ នៅតាមដង ទន្លេមេគង្គដែលជាទន្លេមានសក្តានុពលសម្រាប់ការអភិវឌ្ឍ ដូចជាការផលិតថាមពលអគ្គិសនី ការពង្រីកប្រពលវប្បកម្ម ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ទេសចរណ៍ និងវិស័យផ្សេងៗទៀត។ ឯកឧត្តមប្រធានាធិបតីមានប្រសាសន៍បន្តថា ប្រទេសមេគង្គបានធ្វើការកែទម្រង់យ៉ាងលឿន និងទទួលបាននូវផលប្រយោជន៍ជាច្រើននៃ ការកែទម្រង់តាមរយៈការវិនិយោគលើវិស័យ ជាអាទិភាពជាច្រើន។