ភ្នំពេញ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ –ថ្លែងក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកស្ដីពីតំបន់មេគង្គ នៅទីក្រុង ហាណូយប្រទេសវៀតណាម កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រមើលឃើញអំពីសក្ដានុពលនៃតំបន់មេគង្គ ក្នុងការប្រែក្លាយ ជាមជ្ឈមណ្ឌលផលិតកម្មធំមួយក្នុងតំបន់ និងពិភពលោក ក្នុងរយៈពេលពីមួយទៅពីរទសវត្សរ៍ខាងមុខ។
សម្ដេចតេជោមានប្រសាសន៍ថា តំបន់មេគង្គស្ថិតក្នុងភូមិសាស្ត្រសេដ្ឋកិច្ច និងនយោបាយមួយអំណោយផល នៅចំកណ្ដាលនៃបេះដូងអាស៊ានស្ថិតក្នុងតំបន់អាស៊ីដែលមានកំណើនខ្ពស់នៅចន្លោះមហាអំណាចសេដ្ឋកិច្ច ធំពីរ គឺ ចិន និង ឥណ្ឌា និងមានច្រកចេញទៅសមុទ្រសម្រាប់ផ្សារភ្ជាប់ទៅនឹងសេដ្ឋកិច្ច និងពាណិជ្ជកម្ម ពិភពលោក។ គិតត្រឹមឆ្នាំ២០៣០ ប្រទេសទាំងប្រាំ នឹងមានប្រជាជនប្រមាណ ២៦០លាននាក់ ក្នុងនោះ ៦៥ភាគរយ ជាកម្លាំងពលកម្មសកម្ម ដែលមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍឧស្សាហកម្មតំបន់។
ដូច្នេះយើងមានសក្ដានុពលសម្រាប់បង្កើតបណ្ដាញផលិតកម្មតំបន់មួយប្រកបដោយភាពប្រកួតប្រជែង និងប្រសិទ្ធភាពខ្ពស់ ដែលនឹងអាចបែងចែកប្រយោជន៍សមស្រប ដល់ប្រទេសនីមួយៗចូលរួម នៅក្នុងខ្សែសង្វាក់តម្លៃ និងការផ្គត់ផ្គង់។ ការតភ្ជាប់បណ្ដាញផលិតកម្មបែបនេះ នឹងជួយពន្លឿនការអភិវឌ្ឍបច្ចេកវិទ្យា តាមរយៈការបំពេញឱ្យគ្នាទៅវិញទៅមករវាងប្រទេស ដែលមានឧស្សាហកម្មឈានមុខ គឺ ថៃ និងវៀតណាមនិងប្រទេសជួរក្រោយ គឺ កម្ពុជា ឡាវ និង មីយ៉ាន់ម៉ា ដែលនឹងផ្គុំជាខ្សែសង្វាក់ផលិតកម្មតំបន់មួយប្រកប ដោយជវភាព។
ដើម្បីសម្រេចចក្ខុវិស័យនេះ ប្រទេសទាំងប្រាំត្រូវផ្ដោតលើការថែរក្សាសន្តិភាព និងស្ថិរភាពតំបន់ជាអាទិភាព ចម្បងបំផុត និងត្រូវរួមគ្នាដោះស្រាយឧបសគ្គធំៗចំពោះភាពប្រកួត ប្រជែងតំបន់ ដោយផ្ដោតជាសំខាន់ លើការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ថាមពល និងឌីជីថល ការធានាចលនាដោយសេរី និងប្រកបដោយប្រសិទ្ធភាពនៃលំហូរពាណិជ្ជកម្ម និងការវិនិយោគ ព្រមទាំងការអភិវឌ្ឍមូលធនមនុស្ស។
វិស័យឯកជនត្រូវដើរតួនាទីសកម្មនៅក្នុងការតភ្ជាប់សេដ្ឋកិច្ចតំបន់ ពិសេសការចូលរួមអភិវឌ្ឍន៍ហេដ្ឋារចនា សម្ព័ន្ធតាមរយៈគម្រោងភាពជាដៃគូរដ្ឋ និងឯកជន ទន្ទឹមនេះរដ្ឋត្រូវធានាបរិយាកាសអាជីវកម្មល្អប្រសើរ។ គំនិតផ្ដួចផ្ដើមខ្សែក្រវាត់មួយ-ផ្លូវមួយរបស់ចិន និងគំនិតផ្ដួចផ្ដើមរបស់ជប៉ុនស្ដីពីភាពជាដៃគូសម្រាប់ហេដ្ឋា រចនាសម្ព័ន្ធប្រកបដោយគុណភាព ព្រមទាំងយន្តការមូលនិធិផ្លូវសូត្រ ធនាគារ AIIB និង ADB នឹងដើរតួនាទី ដ៏សំខាន់ក្នុងការផ្ដល់ហិរញ្ញប្បទានដល់គម្រោង ផ្លូវហាយវ៉េ ផ្លូវរថភ្លើង ផ្លូវទឹក កំពង់ផែ ផ្លូវអាកាស ក៏ដូចជា បណ្ដាញថាមពល និងបណ្តាញទូរគមនាគមន៍ រួមទាំងការសម្របសម្រួលខាងស្ថាប័ន និងនិយ័តកម្មផង ដើម្បីបម្រើឱ្យការតភ្ជាប់តំបន់នេះ ទាំងផ្នែករឹង ទាំងផ្នែកទន់។
សម្ដេចតេជោគូសបញ្ជាក់ថា សម្រាប់កម្ពុជា យើងមានចំណុចពិសេសច្រើនដែលសមស្របសម្រាប់អនុវត្តន៍ ចក្ខុវិស័យនេះរួមមាន៖ ១. ជាប្រទេសមានទីតាំងយុទ្ធសាស្ត្រនៅចំកណ្ដាលតំបន់មេគង្គ និងអាស៊ាន, ២. ជាប្រទេសមានសេដ្ឋកិច្ចបើកចំហ, ៣. ជាប្រទេសមានសក្ដានុពលកំណើនខ្ពស់ដែល គាំទ្រដោយផលលាភ ប្រជាសាស្ត្រ និងធនធានធម្មជាតិសម្បូរបែប។ រាជរដ្ឋាភិបាលកម្ពុជាដាក់ជំនឿខ្ពស់លើសមាហរណកម្ម និងការតភ្ជាប់តំបន់ ដោយបានខិតខំប្រឹងប្រែងស្ដារ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ជាច្រើនក្នុងរយៈពេល ជាងពីរទសវត្សរ៍កន្លងមកនេះ ដើម្បីតភ្ជាប់ជាមួយប្រទេសជិតខាង។
ក្នុងន័យនេះ កម្ពុជាបានត្រៀមរួចជាស្រេចដើម្បីសហការជាមួយប្រទេសមេគង្គ ក្នុងការឈានទៅសម្រេចចក្ខុ វិស័យលើកឡើងខាងលើ ពិសេសក្នុងបរិការណ៍នៃបដិវត្តន៍ ឧស្សាហកម្មទី៤ នាសតវត្សរ៍ថ្មីនេះ។ ដោយយល់ ឃើញថា ខ្សែសង្វាក់ផ្គត់ផ្គង់តំបន់ដើរតួនាទីជាក្បាលម៉ាស៊ីនថ្មីសម្រាប់ជំរុញកំណើនសេដ្ឋកិច្ច កម្ពុជាបាន អនុម័តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម២០១៥-២០២៥កាលពីឆ្នាំទៅ ហើយត្រៀមលក្ខណៈស្វាគមន៍វិនិយោគិនទាំងអស់ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍កម្ពុជា និងទទួលចែករំលែកផលផ្លែផ្កាពីកិច្ចប្រឹង ប្រែងនេះ៕