ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសាធារណៈរដ្ឋកូរ៉េ បានបង្ហាញពីលទ្ធភាពកិច្ចសហប្រតិបត្តិការលើវិស័យធុរកិច្ចនិងវិនិយោគ រវាងតំបន់សេដ្ឋកិច្ចពិសេសរបស់អ៊ីនឆុន ជាមួយនឹងតំបន់សេដ្ឋកិច្ចពិសេសរបស់ភ្នំពេញនិងក្រុងព្រះសីហនុខណៈលោកទទួលជួបពិភាក្សាការងារនិងពិសារបាយសាមគ្គីជាមួយបណ្ដាឯកអគ្គរាជ-រដ្ឋទូតអាស៊ាន និងអភិបាលទីក្រុងអ៊ីនឆុន (Incheon) ជាទីក្រុងមានសម្ព័ន្ធមេត្រីភាពជាមួយរាជធានីភ្នំពេញ និងជាទីក្រុងធំលំដាប់ទី 3 របស់ប្រទេសកូរ៉េ ។
ឯកឧត្តម ឡុង ឌីម៉ង ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសាធារណៈរដ្ឋកូរ៉េ បានសរសេរនៅលើគេហទំព័រហ្វេសបុកផ្លូវការបស់លោកនៅថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០១៩ នេះ ថា “ខ្ញុំបានលើកឡើងអំពីលទ្ធភាពក្នុងការចុះអនុស្សារណៈយោគយល់គ្នាដើម្បីសហប្រតិបត្តិការលើវិស័យធុរកិច្ចនិងវិនិយោគ រវាងតំបន់សេដ្ឋកិច្ចពិសេសរបស់អ៊ីនឆុន ជាមួយនឹងតំបន់សេដ្ឋកិច្ចពិសេសរបស់ភ្នំពេញនិងក្រុងព្រះសីហនុ ហើយដែលស្ថានទូតកម្ពុជាត្រៀមគ្រប់លក្ខណៈសម្បត្តិគ្រប់យ៉ាង ដើម្បីសម្របសម្រួលធ្វើយ៉ាងណាឲ្យកិច្ចសហប្រតិបត្តិការនេះក្លាយជាប្រយោជន៍ សំរាប់ប្រទេសយើងទាំងពីរ ហើយដែលភាគីកូរ៉េបានសាទរយ៉ាងខ្លាំង។
ឯកឧត្តមបន្តថា “ពួកយើងបានឃើញពីសារៈសំខាន់នៃគោលនយោបាយអនុគ្រោះផ្សេងៗដើម្បីទាក់ទាញវិនិយោគទុនបរទេស ដូចជារដ្ឋវិនិយោគយ៉ាងច្រើនទៅលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ការផ្តល់ភាពអនុគ្រោះលើវិស័យពន្ធដារ ការបង្កើតទីក្រុងឆ្លាតវៃ ក៏ដូចជាភាពអនុគ្រោះផ្សេងៗទៀតដែលអ៊ីនឆុនមានប្រៀបខ្លាំងលើវិស័យដឹកជញ្ជូន ទាំងផ្លូវគោក ទឹក និងអាកាស។
អាស៊ានជាដៃគូពាណិជ្ជកម្មដ៏ធំលំដាប់ទី 3 របស់កូរ៉េបន្ទាប់ពីសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប៕